ទីក្រុងប៉េកាំង ៖ ការរីកសាយនៃជំងឺផ្តាយសាយជ្រូកអាហ្វ្រិកក្នុងប្រទេសចិនកំពុងតែជួយជំរុញដល់តម្លៃសាច់មាន់ដល់កម្រិតខ្ពស់ជាងគេក្នុងរយៈពេលជាង២ឆ្នាំមកនេះ ។
ខណៈដែលការផ្គត់ផ្គង់សាច់ជ្រូកមានការខ្វះ ខាត ព្រោះតែអាជ្ញាធរកំពុងព្យាយាមទប់ស្កាត់ការរីកសាយនៃជំងឺនេះ ប្រជាជនចិនកំពុងតែងាកទៅកាន់សាច់មាន់ធ្វើជាអាហារជំនួសវិញ ។
ការផ្លាស់ប្តូរនេះបានជួយដល់កសិករចិញ្ចឹមមាន់ បន្ទាប់ពីបានជួបឧបសគ្គនៃការធ្លាក់ចុះនូវតម្រូវការក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ព្រោះតែបញ្ហាសុវត្ថិភាពអាហារ និងជំងឺផ្តាសាយបក្សី មួយនេះ ។
តម្លៃសាច់មាន់ក្នុងតំបន់ចិញ្ចឹមមាន់ធំជាងគេគឺខេត្ត Shandong បានកើនដល់១,៤១ដុល្លារក្នុង១គីឡូក្រាមកាលពីដើមខែនេះ ដែលជាតម្លៃខ្ពស់ជាងគេតាំងពីខែមិនាឆ្នាំ២០១៦មក ។
ជំងឺផ្តាសាយជ្រូកមិនអាចព្យាបាលជាឡើយ ហើយភាគច្រើនធ្វើឲ្យសត្វដែលផ្ទុកជំងឺនេះងាប់។ បន្ទាប់ពីមានការរាយការណ៍នៃករណីដំបូងនៅដើមខែសីហា ប្រទេសចិនបានសម្លាប់ជ្រូកប្រមាណ៤ម៉ឺនក្បាល និងហាមឃាត់រាល់ការដឹកជញ្ជូនជ្រូកនៅរស់ឆ្លងកាត់ ឬពីកន្លែងដែលមានផ្ទុកជំងឺនោះ ។
សកម្មភាពនេះបានរឹតបន្តឹងដល់ការផ្គត់ផ្គង់សាច់ជ្រូកនៅផ្នែកខាងត្បូងដែលមានប្រជាជនជាច្រើន ធ្វើឲ្យតម្លៃកើនឡើងយ៉ាងខ្លាំង ខណៈដែលតម្រូវការកើនឡើងមុនពេលបុណ្យប្រពៃណីនៅខែតុលាខាងមុខ ។
សាច់មាន់ជាសាច់ជំនួសដែលមានតម្លៃទាប ហើយតម្លៃវាភាគច្រើនកើនរាល់ពេលដែលតម្លៃសាច់ជ្រូកកើនឡើង ។
អ្នកស្រី Alice Xuan អ្នកវិភាគនៅក្រុមហ៊ុន Shanghai JC Intelligence បានឲ្យដឹងថា តម្លៃសាច់មាន់បានធ្លាក់ចុះបន្តិចក្នុងខែនេះខណៈដែលមានមាន់ច្រើនជាងមុនត្រូវបានបញ្ជូនទៅកន្លែងផលិតមុនពេលបុណ្យប្រពៃណី ៕
ចែករំលែកព័តមាននេះ