ខេត្តមណ្ឌលគិរី ៖ កាលពីរសៀលថ្ងៃទី១៣ ធ្នូ នៅសណ្ឋាគារ ពេជ្រាដា ស្ថិតក្នុងក្រុងសែន មនោរម្យ អង្គការWWFបានរៀបចំពិធីប្រគល់ រង្វាន់កិត្តិយសអន្តរជាតិស្តីពីការអភិរក្សសត្វខ្លា ជូនអង្គភាពព្រៃការពារមណ្ឌលគិរីដែនជម្រក សត្វព្រៃភ្នំព្រេចនិងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ ក្នុងពិធីនោះមានការចូលរួមពីលោក ហេង សំណាង អភិបាលរងខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រីញ៉ែម វ៉ាន់នី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោកឈិត សុផល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោកកែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី និងលោកសេង ទៀក នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា ។
លោកសេង ទៀក នាយកអង្គការWWF ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា ការរៀបចំកម្មវិធីនេះឡើង គឺដើម្បីផ្សព្វផ្សាយការអភិរក្សសត្វខ្លាធំ ដែលកំពុងរងនូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់អ្នកប្រមាញ់លើពិភពលោក ។ ដើម្បីឆ្លើយតបការអភិរក្សសត្វខ្លាក្នុងតំបន់ អង្គការបានជ្រើសរើស១២កន្លែង ក្នុងចំនួន១៣ប្រទេស ដែលមានសត្វខ្លាធំរស់នៅ ក្នុងនោះមានប្រទេសកម្ពុជាមួយផងដែរ។
លោកហេង សំណាង អភិបាលរងខេត្តក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់អង្គការអន្តរជាតិ និងអង្គការអភិរក្សធនធានធម្ម ជាតិWWF ហើយក៏ដូចជាក្រសួងបរិស្ថាន និង ក្រសួងកសិកម្មដែលបានយកចិត្តទុកដាក់ក្នុងការអភិរក្សដល់ធនធានធម្មជាតិ ជាពិសេសសត្វខ្លាធំក្នុងទឹកដីព្រៃខេត្តមណ្ឌលគិរី ដែលជាចំណុចក្តៅរបស់រាជរដ្ឋាភិបាលទៅនឹងព្រៃឈើបរិស្ថាន ធនធានធម្មជាតិ ជលផល ភូមិបាលរ៉ែ និងទេសចរណ៍ ៕
ចែករំលែកព័តមាននេះ