ខេត្តព្រះសីហនុ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុជាច្រើននាក់ ប្រដាប់ដោយកាំភ្លើងនិងខ្នោះ កាលពីថ្ងៃទី១០និងទី១១ កញ្ញាកន្លងមក បានទៅបង្ខំដេញក្រុមកម្មករចាំចម្ការនៅលើដីមួយកន្លែងទំហំជាង៥ហិកតា ស្ថិតនៅក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ឲ្យចាកចេញពីទីតាំងដីចម្ការខាងលើនោះជាបន្ទាន់ ខណៈដែលដីមួយកន្លែងនេះ មានភាគីទំនាស់គ្នាជាច្រើនម្ចាស់ និងបានអះអាងដូចៗគ្នាថា ជាដីរបស់ខ្លួនបានកាន់កាប់ជាយូរឆ្នាំមកហើយ ។
ក្នុងចំណោមអ្នកដែលបានអះអាងថា ជាម្ចាស់ដីទំហំធំមួយនេះច្រើនជាមន្ត្រីមានអំណាចមានប្រាក់កំពុង
តែឈ្លោះដណ្តើមដីគ្នា ស្របពេលដែលហាងឆេងទិញនិងលក់ដីនៅខេត្តព្រះសីហនុ កំពុងងើបឡើងយ៉ាងគំហុក ។ កម្លាំងមានសមត្ថកិច្ចកងរាជអាវុធហត្ថបានធ្វើអន្តរាគមន៍ ដេញអ្នកចាំដីក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នានេះ ដឹកនាំដោយលោកវរសេនីយ៍ឯក បាន តុលា មេបញ្ជាការរងកងរាជអាវុធហត្ថ ប្រដាប់ដោយអាវុធនិងខ្នោះដៃចុះទៅបណ្តេញក្រុមកម្មករចាំចម្ការដែលម្ចាស់ដីមួយទៀតបានជួលឲ្យទៅជម្រះស្មៅនិងដេកចាំ។
ការបណ្តេញកម្មករចាំដីនោះ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថមិនបានបង្ហាញពីលិខិតផ្លូវច្បាប់ជាក់លាក់ណាមួយដល់ក្រុមកម្មករ ដែលកំពុងស្នាក់នៅក្នុងទីតាំងដីចម្ការមានទំនាស់ខាងលើនោះឡើយ ដែលសកម្មភាពបែបនេះ ត្រូវបានរងការរិះគន់ពីក្រុមកម្មករថា ជាសកម្មភាពប្រើប្រាស់អំណាច ប្រដាប់អាវុធ មកបង្ខិតបង្ខំ កម្មករសុីឈ្នួលចាំចម្ការយកប្រាក់ដើម្បីដោះស្រាយជីវភាពគ្រួសារតែប៉ុណ្ណោះ ។ ក្រុមកម្មករទាំងនោះបានឲ្យដឹងថា កាលពី ថ្ងៃទី១០ កញ្ញា ឆ្នាំ២០១៨កន្លងមក ខណៈដែលកម្លាំងកងរាជអាវុធហត្ថចុះមកដល់ទីតាំងដីចម្ការភ្លាម បានប្រើប្រាស់ពាក្យសម្តីគំរាមកំហែង បំភិតបំភ័យយ៉ាងធ្ងន់ៗ ដល់ក្រុមកម្មករ ដើម្បីឲ្យពួកគេចាកចេញឱ្យផុតពីបរិវេណដីទំនាស់នោះ ។
ប្រភពខាងលើបានបន្តឲ្យដឹងបន្ថែមទៀតថា បន្ទាប់មកនៅថ្ងៃទី១១ កញ្ញា កម្លាំងកងរាជអាវុធហត្ថដែលដឹកនាំដោយលោកវរសេនីយ៍ឯក បាន តុលា ដដែលបាននាំគ្នាទៅដេញម្តងទៀត ដោយបង្ខំពួកគាត់សាជាថ្មីទៀត និងបានប្រាប់កម្មករចាំចម្ការនិងអ្នកដែលអះអាងថាម្ចាស់ដី មិនឲ្យយកកម្មករមកស្នាក់នៅក្នុងដីចម្ការខាងលើទេ ហើយមានស្ត្រីម្នាក់បានមកអះអាងថា ជាដីរបស់គាត់និងកំពុងតែដាក់ពាក្យបណ្តឹងនៅសាលាដំបូង ទើបសមត្ថកិច្ចកងរាជអាវុធហត្ថ ចុះជួយដេញតាមការស្នើសុំរបស់ភាគីបណ្តឹង និងអនុវត្តទៅតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ។
លោក ហង្ស ចន្ថន ដែលអះអាងថាជាដីរបស់គាត់ដែរ ដែលយកកម្មករមកចាំចម្ការបានឲ្យដឹងថា កន្លងមកលោកបានដាក់ពាក្យបណ្តឹងទៅលើលោក សុឹម សុខរិទ្ធ ប្រធានស្នាក់ការសន្តិសុខ៤០២ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលអះអាងថាជាដីរបស់ខ្លួន ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីស្វែងរកយុត្តិធម៌ និងសុំដីកាសម្រេចរក្សាការពារដីខាងលើបានចំនួន២លើករួចមកហើយ ។
លោកថា ដីកានេះបានហាមឃាត់រូបលោកដែលជាកូនបំណុលឈ្មោះ ស៊ឹម សុខរិទ្ធ ភេទប្រុស ជាមន្ត្រីកងរាជអាវុធហត្ថ មានតួនាទីជាប្រធានស្នាក់ការសន្តិសុខ៤០២ មានទីលំនៅស្ថិតនៅថ្នល់បំបែក ស្រុកស្រែអំបិល ភូមិចម្ការហ្វួង ឃុំចម្ការហ្វូង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងជាតតិយជន មិនឲ្យផ្ទេរសិទ្ធិធ្វើអំណោយលក់ដូរបញ្ចាំ ឈូសឆាយកាប់ដើមឈើ សាងសង់សំណង់ និងធ្វើសកម្មភាពផ្សេងៗ លើទំហំដីចំនួន៥២.៦៣៨ម៉ែត្រក្រឡា ស្ថិតនៅក្នុងតំបន់អូរខ្សាច់ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ថែមទៀតផង ។
ចំណែកលោកវរសេនីយ៍ឯក បាន តុលាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះសីហនុ មិនបានបញ្ជាក់លម្អិតជុំវិញការដឹកនាំកម្លាំងក្រោមឱវាទយ៉ាងច្រើន ប្រៀបបានទៅនឹងប្រតិបត្តិការបង្ក្រាបបទល្មើសទ្រង់ទ្រាយធំនោះទេ ដោយលោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា លោកបានធ្វើតាមបញ្ជាមេ តែបើចង់សួរនាំ សូមសួរទៅអ្នកនាំពាក្យទៅ ព្រោះអង្គភាពកងរាជអាវុធហត្ថមានអ្នកនាំពាក្យ ។លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្ត ដែលធ្វើអន្តរាគមន៍នៅទីនោះ គឺដើម្បីរារាំងមិនឲ្យគូភាគីកំពុងតែមានទំនាស់លើដីធ្លីខាងលើ ធ្វើសកម្មកម្មភាពអ្វីមួយលើដីដែលកំពុងតែមានទំនាស់ ។
ទោះជាយ៉ាងនេះក្តី លោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ទីតាំងដីនេះមានលក្ខណៈស្មុគស្មាញណាស់ ព្រោះមានការកាន់កាប់ជាន់គ្នាជាច្រើនាក់ ហើយម្នាក់ៗសុទ្ធតែមានសំអាងហេតុផលរៀងៗខ្លួន ។ លោកអភិបាលខេត្តបានស្នើឲ្យភាគីទំនាស់ទាំងអស់ ត្រូវយកឯកសាររបស់ខ្លួនមកតតាំងគ្នាតាមផ្លូវច្បាប់ ដើម្បីចៀសវាងការឈ្លោះប្រកែកគ្នានិងបង្កហិង្សាផ្សេងៗ ឬប្រើកម្លាំងតាមអំណាចរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ