រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានទុកម៉ូតូរបស់ខ្លួន១គ្រឿងដែលមានភ្ជាប់ប្រព័ន្ធតាមដានGPS ផងនោះនៅខាងមុខផ្ទះ ហើយចាក់សោកត្រឹមត្រូវថែមទៀតផង បន្ទាប់មកនាងចូលទៅធ្វើម្ហូបនៅក្នុងផ្ទះ។ លុះមួយសន្ទុះក្រោយមកបានចេញមកមើលស្រាប់តែបាត់មិនឃើញមម៉ូតូទើបមានការភ្ញាក់ផ្អើលឆោឡោ បន្ទាប់មកបានតាមរកតាមការចង្អុលបង្ហាញរបស់ប្រព័ន្ធGPS នោះដែរ ប៉ុន្តែឥតប្រយោជន៍ឡើយព្រោះរក មិនឃើញសោះដែលសង្ស័យថាចោរដោះប្រព័ន្ធនេះបោះចោលបាត់ទៅហើយ។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ម៉ូតូដែលចោរលួចបាត់នោះម៉ាក ZOOMER-X ពណ៌លឿងចាស់ ស៊េរី២០១៨ ពាក់ស្លាកលេខ តាកែវ 1O-9232 ជាកម្មសិទ្ធិរបស់ស្ត្រីម្នាក់ឈ្មោះ ធាន ស៊ីណា អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលដែលជាកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅក្នុងភូមិស្តៅ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ នគរបាលបានឲ្យដឹងថា នៅមុនកើតហេតុស្ត្រីជាម្ចាស់ម៉ូតូបានជិះម៉ូតូ ទៅទិញអីវ៉ាន់នៅផ្សារ លុះពេលទិញរួចរាល់បានជិះម៉ូតូត្រឡប់មកផ្ទះវិញ និងបានចតទុកនៅមុខផ្ទះ ដោយម៉ូតូមានភ្ជាប់ប្រ័ន្ធតាមដាមGPS ហើយនាងក៏បានចាក់សោកត្រឹមត្រូវផងដែរ។
បន្ទាប់មកទើបចូលទៅ ធ្វើម្ហូបនៅក្នុងផ្ទះ តែបានភ្លេចខ្លួនរហូតដល់ពេលកើតហេតុក្រោយពេលធ្វើការហើយរួចរាល់ ទើបបានចេញទៅ មើលម៉ូតូ ស្រាប់តែបាត់មិនឃើញទើបមានការភ្ញាក់ផ្អើល។ ប្រភពដដែលបានបន្តទៀតថា បន្ទាប់មកស្ត្រីជា ម្ចាស់ម៉ូតូបានប្ដឹងនគរបាលឲ្យជួយអន្តរាគមន៍ ហើយបានពិនិត្យមើលតាម ប្រព័ន្ធGPS ហើយឃើញសញ្ញា ចង្អុលបង្ហាញនៅក្បែររបងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជ្រុងខាងកើត ស្ថិតនៅក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
ពេលនោះនគរបាលប៉ុស្តិ៍ចោមចៅ២ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍កាកាប១ និងកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌតាមរុករក តាមសញ្ញាចង្អុលបង្ហាញរបស់ប្រព័ន្ធតាមដានGPS ប៉ុន្តែរកមិនឃើញឡើយ ដែលសង្ស័យថា ពួកចោរបានដោះប្រព័ន្ធនេះបោះចោលរួចជិះម៉ូតូគេចបាត់ស្រមោល ទើបរកមិនឃើញបែបនេះ៕
https://youtu.be/3BXyRjYAxuI
ចែករំលែកព័តមាននេះ