ទីក្រុងសិង្ហបុរី ៖ កាលពីថ្ងៃពុធកន្លងមកនេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចមកពីប្រទេសក្នុងអាស៊ានបានចុះកិច្ចព្រមព្រៀងចំនួនពីរដើម្បីពង្រឹងការធ្វើសមាហរណកម្មវិស័យសេវាកម្ម និងជំរុញដល់ការសម្របសម្រួលពាណិជ្ជកម្មឲ្យកាន់តែប្រសើរឡើងនៅក្នុងតំបន់ ។
នេះជាការប្តេជ្ញាទី១០ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានលើសេវាកម្ម (AFAS) ដែលជាកញ្ចប់ចុងក្រោយនៃកិច្ចព្រមព្រៀងក្នុងតំបន់ ដើម្បីកាត់បន្ថយការហាមឃាត់លើការធ្វើពាណិជ្ជកម្មសេវាកម្ម ។
រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មរបស់សិង្ហបុរី លោក Chan Chun Sing បាននិយាយថា ក្រោមកញ្ចប់ថ្មីនេះ សមាជិកជាប្រទេសអាស៊ានបានបង្កើនការប្តេជ្ញារបស់ពួកគេ និងអនុញ្ញាតឲ្យមានការបញ្ចូលក្នុងវិស័យសេវាកម្មថ្មី ។
លោកបានបន្ថែមថា ៖« វាមានន័យថាអ្នកផ្តល់សេវាកម្មក្នុងអាស៊ានត្រូវបានធានាតាមផ្លូវច្បាប់ថា អាចចូលក្នុងទីផ្សារសេវាកម្មអាស៊ានបាន ខណៈដែលជួបប្រទះនឹងឧបសគ្គតិចជាងមុន »។
អ្នកផ្តល់សេវាកម្មដែលរួមមានក្រុមហ៊ុនក្នុងប្រទេសសិង្ហបុរី នឹងមានភាពងាយស្រួលជាងមុនក្នុងការចូលរួមក្នុងវិស័យដែលធ្លាប់តែត្រូវបានបិទជិតក្នុងតំបន់ដែលរួមមាន ការដឹកជញ្ជូនផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក កុំព្យូទ័រ ទូរគមនាគមន៍ ទេសចរណ៍ សេវាកម្មសាងសង់ និងសេវាកម្មវិជ្ជាជីវៈជាដើម ។
រដ្ឋមន្ត្រីក៏បានចុះហត្ថលេខាលើអនុសញ្ញាមួយដើម្បីធ្វើវិសោដនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មផលិតផលអាស៊ាន(ATIGA) ដែលកាន់តែខិតជិតដល់ការអនុម័តការផ្តល់ប័ណ្ណបញ្ជាក់ទូទាំងអាស៊ាន ដែលនឹងអនុញ្ញាតឲ្យអ្នកនាំចេញធ្វើប័ណ្ណបញ្ជាក់ពីប្រភពដើមនៃផលិតផលរបស់ពួកគេ និងទទួលបានការអនុគ្រោះផ្សេងៗជាដើម ។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម បានវាយតម្លៃខ្ពស់លើលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្នាំ២០១៧-២០១៨ ហើយបានអនុម័តលើផែនការសកម្មភាពថ្មីសម្រាប់ឆ្នាំ២០១៩-២០២០ ដើម្បីបន្ថយគម្លាតអភិវឌ្ឍន៍ជាមួយសមាជិកអាស៊ានទាំង៦ចាស់។
ទន្ទឹមនោះ រដ្ឋមន្ត្រីក៏បានផ្តល់គោលការណ៍សំខាន់ៗសម្រាប់បញ្ចូលក្នុងក្របខ័ណ្ឌសម្រាប់ការអភិវឌ្ឍន៍ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (Framework for CLMV Development) ព្រមទាំងណែនាំឲ្យលេខាធិការដ្ឋានអាស៊ាន ខិតខំសម្របសម្រួលការងារនេះជាមួយប្រទេសជាសមាជិក ដោយធ្វើយ៉ាងណាបញ្ចប់សេចក្តីព្រាង និងដាក់ជូនរដ្ឋមន្ត្រីពិនិត្យ និងរាយការណ៍ជូនថ្នាក់ដឹកនាំកំពូលនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ៕
ចែករំលែកព័តមាននេះ