សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃទី២៩ សីហាថា វាជាការឥតប្រយោជន៍ដែលសហរដ្ឋអាមេរិករៀបចំធ្វើដូចការគ្រោងទុក សមយុទ្ធយោធារួមដទៃទៀតជាមួយកូរ៉េខាងត្បូង ដោយលោកគូសបញ្ជាក់ពីទំនាក់ទំនងល្អរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមជុង អ៊ុន។
រដ្ឋមន្ត្រីការពារប្រទេសអាមេរិកលោក JIM MATTIS បាននិយាយកាលពីថ្ងៃទី២៨ សីហាថា ក្រុងវ៉ាស៊ិនតោនពុំមានចេតនា ផ្អាកសមយុទ្ធយោធារួមឯទៀតៗជាមួយក្រុងសេអ៊ូលឡើយ បន្ទាប់ពីសមយុទ្ធគ្រោងធ្វើនាខែនេះត្រូវបានលុបចោល ដើម្បីជាការគោរពកិច្ចសន្យារបស់លោកត្រាំ ចំពោះលោកគីមជុង អ៊ុន នាឱកាសជួបគ្នាកំពូលនៅសិង្ហបុរី។ ការសន្យានេះរបស់លោកត្រាំនាំឲ្យមានការរិះគន់នានា ហើយចាត់ទុកថា ជាការធ្វើសម្បទានប្រញាប់ជ្រុលពេកចំពោះលោកគីម។
លោកត្រាំយល់ថា កូរ៉េខាងជើងរងការគាបសង្កត់ខ្លាំងពីចិន ហើយទន្ទឹមនឹងនេះក្រុងប៉េកាំង បានផ្ដល់ជំនួយជាច្រើនដល់ក្រុងព្យុងយ៉ាង ជាពិសេសប្រេងឥន្ធនៈ និងវត្ថុធាតុដើម។
ទោះបីយ៉ាងណាក្នុងសេចក្ដីប្រកាសមួយ លោកត្រាំយល់ថា ទំនាក់ទំនងរបស់លោកជាមួយលោកគីមជុង អ៊ុនល្អ និងកក់ក្ដៅបំផុត ដូច្នេះនាពេលបច្ចុប្បន្នពុំមានហេតុផលណា ដែលត្រូវចំណាយប្រាក់យ៉ាងច្រើនសម្រាប់ល្បែងសង្គ្រាមរួមនេះរវាងអាមេរិក និងកូរ៉េខាងត្បូងឡើយ។ ទោះបីយ៉ាងណាលោកអះអាងថា សមយុទ្ធយោធារួមថ្មីជាមួយកូរ៉េខាងត្បូង និងជប៉ុន បើលោកជ្រើសរើស នឹងជាសមយុទ្ធដែលធំជាងពេលណាៗទាំងអស់។
តាមកាសែតកូរ៉េខាងត្បូង JOONGANG ILBO បានសរសេរនាថ្ងៃទី៣០ សីហាថា ក្រុងវ៉ាស៊ិនតោន និងក្រុងសេអ៊ូល បានព្រមព្រៀងគ្នាធ្វើសមយុទ្ធយោធារួមថ្មីនាខែធ្នូខាងមុខ ហើយកំពុងសិក្សាពីទំហំរបស់វា៕
ចែករំលែកព័តមាននេះ