ខេត្តពោធិ៍សាត់ ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោង0៤ និង៥០នាទីរសៀលថ្ងៃទី២៥ សីហា ដោយសារមានបុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្ដធ្លាក់ទឹកស្ទឹងនៅភូមិកណ្ដៀង ឃុំកណ្ដៀង ស្រុកកណ្ដៀង បណ្ដាលឲ្យលង់ស្លាប់នៅនឹងកន្លែងកើតហេតុ ។
សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៉ូច សោភា អាយុ៣១ឆ្នាំ រស់នៅភូមិបឹងក្រាញ់ ឃុំស្វាយលួង ស្រុកកណ្ដៀង ។ នៅល្ងាចថ្ងៃនោះ គេឃើញជនរងគ្រោះបើករថយន្ដកាមរីពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ ២N-៨៤០១ ក្នុងទិសដៅពីខាងកើតទៅខាងលិចតាមផ្លូវក្រួសក្រហមមួយខ្សែ ក្នុងភូមិកណ្ដៀង ឃុំកណ្ដៀង ។
គេឃើញជនរងគ្រោះបើករថយន្ដក្នុងល្បឿនលឿន រេចង្កូតម្ដងទៅឆ្វេងម្ដងទៅស្ដាំ ដែលគេនិយាយថា បើកបរទាំងស្រវឹងធ្លាក់ភ្នែក គឺបើកផ្លូវមួយតែម្នាក់ឯង ។ លុះទៅដល់ចំណុចខាងលើ ស្រាប់តែធ្លាក់ចូលក្នុងស្ទឹងលិចបាត់តែម្ដង ។ អ្នកស្រុកនៅទីនោះឃើញហេតុការណ៍នេះ ភ័យឆោឡោស្រែកហៅអ្នកស្រុកអ្នកភូមិឲ្យមកជួយ ប៉ុន្តែទម្រាំមានអ្នកមកជួយលើករថយន្ដគាស់យកមនុស្សចេញហួសពេលទៅហើយ ។
សមត្ថកិច្ចឲ្យដឹងថា ស្ទឹងកណ្ដៀងគឺជាស្ទឹងតូចមានជម្រៅប្រមាណជិត២ម៉ែត្រ ហើយទឹកមិនហូរខ្លាំងដូចស្ទឹងពោធិ៍សាត់ទេ បើធ្លាក់ចូលស្ទឹងពោធិ៍សាត់វិញ ប្រហែលជារកមិនទាន់ឃើញភ្លាមទេព្រោះទឹកជ្រៅនិងហូរខ្លាំង ។ សំណាងដែរ ដែលក្នុងរថយន្ដមានតែម្នាក់ បើមាន៤ទៅ៥នាក់ ច្បាស់ជាត្រូវស្លាប់ទាំងអស់មិនខាន ៕
ចែករំលែកព័តមាននេះ