ខេត្តកំពង់ស្ពឺ ៖ បុរស២នាក់សង្ស័យស្រវឹងជិះម៉ូតូទៅបុកខឿនរង្វង់មូលសាលាខេត្ត បណ្តាលឱ្យអ្នកបើកបរមូតូរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកអ្នកជិះពីក្រោយរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ស្ថិតនៅចំណុចមុខសាលាសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះផាន់ ឧត្ដម ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកបើកបរម៉ូតូ នៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ចំណែកអ្នករួមដំណើរម្នាក់ឈ្មោះបូ រ៉ាវី ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន បានរងរបួសធ្ងន់។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌ផ្កាឈូក ពាក់ស្លាកលេខ កំពង់ស្ពឺ ១F-០២៣៤ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងកាត់តាមផ្លូវវិមានឯករាជ្យ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកខឿនរង្វង់មូលសាលាខេត្តពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទាំង២នាក់ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះដែរ តែជាអកុសលអ្នកបើកបរម៉ូតូបានស្លាប់នាពាក់កណ្តាលផ្លូវ។ ចំណែកម៉ូតូដែលរងការខូចខាតយ៉ាងដំណំត្រូវបានយកទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលស្វាយក្រវ៉ាន់ដើម្បីទុកប្រគល់ជូនគ្រួសារជនរងគ្រោះវិញ៕
ចែករំលែកព័តមាននេះ