រាជធានីភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ត្រៀមដាក់បញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សារបស់រដ្ឋ ចាប់ពីកម្រិតបឋមដល់មធ្យមសិក្សាទុតិយភូមិ ដែលនឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០១៩ខាងមុខតទៅ ដើម្បីបញ្ជ្រាបចំណេះដឹងវិស័យនេះឲ្យមានលក្ខណៈទូលំទូលាយ និងចីរភាពសម្រាប់ធនធានមនុស្ស ខណៈបច្ចុប្បន្ន មានប្រជាពលរដ្ឋខ្មែរតិចតួចណាស់ដែលយល់ដឹងពីផ្នែកហិរញ្ញវត្ថុនេះ ។
បើតាមលោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា មានប្រ សាសន៍ថា ដើម្បីជំរុញការយល់ដឹងផ្នែកហិរញ្ញវត្ថុឲ្យកាន់តែទូលំទូលាយ និងមានចីរភាពជាងនេះ ធនាគារជាតិបានបញ្ចូលចំណេះដឹងផ្នែកនេះទៅក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅ តាំងពីថ្នាក់ទី១ដល់ថ្នាក់ទី១២ ហើយពេលនេះ ធនាគារជាតិកំពុងតែរៀបចំសៀវភៅពុម្ពដើម្បីដាក់ឱ្យប្រើប្រាស់នៅដើមឆ្នាំ២០១៩ ។
លោកជំទាវបញ្ជាក់ថា ៖« ចាប់ពីឆ្នាំ២០១៩តទៅ កូនសិស្សពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី១២ នឹងបានយល់ដឹងអំពីផ្នែកហិរញ្ញវត្ថុច្បាស់ជាងមុន ដូចជា ចេះគិតគូរអត្រាការប្រាក់, កម្ចីជាអ្វី និងការសន្សំលុយជាអ្វី ជាដើម ។ នេះជាការចូលរួមចំណែកលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋដែរ ដើម្បីឱ្យពួកគាត់យល់ដឹងថា តើគាត់ត្រូវធ្វើយ៉ាងម៉េច ត្រូវសន្សំលុយសិន ទើបយកទៅវិនិយោគ ឬក៏យ៉ាងណា » ។
នាយកប្រតិបត្តិសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា លោក យន់ សុវណ្ណា បានលើកឡើងថា ការបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋកម្ពុជាតាំងពីវ័យក្មេងនេះ គឺជាដំណើរការល្អ ដែលនឹងចូលរួមបង្កើនការយល់ដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណជន ។ លោកថា ៖« និរន្តរភាពនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុកម្ពុជា ត្រូវការចូលរួមពីក្មេងៗ។ ដូច្នេះ ការអប់រំដល់ពួកគេពីវិស័យនេះ គឺជាការចាំបាច់ » ។
ទីប្រឹក្សាសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុនEmerging Markets Consulting លោក ង៉ែត ជូ បានគាំទ្រចំពោះផែនការដាក់បញ្ចូលជំនាញផ្នែកហិរញ្ញវត្ថុនេះទៅក្នុងកម្មវិធីសិក្សាទូទៅរបស់រដ្ឋ ដែលនឹងជួយឲ្យយុវជនជំនាន់ក្រោយៗមានការយល់ដឹងផ្នែកហិរញ្ញវត្ថុច្បាស់លាស់ ។ លោកមានប្រសាសន៍កាលពីថ្ងៃទី៥ សីហា ថា ៖« បើយើងអត់មានចំណេះដឹងផ្នែកហិរញ្ញវត្ថុ យើងនឹងមានបញ្ហាច្រើនដូចនាពេលបច្ចុប្បន្នអីចឹង ប៉ុន្តែបើយើងបានអប់រំក្មេងៗតាំងពីតូចមកគឺជារឿងល្អ ធ្វើឱ្យពួកគាត់មានចំណេះដឹងមូលដ្ឋានហិរញ្ញវត្ថុនេះ ឱ្យពួកគាត់ចេះប្រើលុយ, ចេះប្រើកម្ចី, ប្រើការសន្សំ, មានប្រសិទ្ធភាពល្អ និងជួយជំរុញឱ្យសេដ្ឋកិច្ចកាន់តែល្អ » ។
លោកបញ្ជាក់ថា ៖« បច្ចុប្បន្ននេះ អ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺមានតិចណាស់ ប្រហែលជា១៨% ។ អីចឹង បើយើងបានបញ្ចូលចំណេះដឹងផ្នែកនេះតាំងពីបឋមមក ពិតជារឿងល្អ គ្រាន់តែផលនេះ វាមិនទាន់បានភ្លាមទេ ទាល់តែ១០ទៅ២០ឆ្នាំទៀត » ។ លោកថា ៖«នៅពេលពលរដ្ឋយល់ដឹងផ្នែកហិរញ្ញវត្ថុកាន់តែច្រើន ធ្វើឱ្យគាត់ចេះគ្រប់គ្រងលុយមានប្រសិទ្ធភាព និងចំណេញច្រើន » ៕
ចែករំលែកព័តមាននេះ