ខេត្តកំពង់ចាម ៖ ព្រះសង្ឃមួយអង្គនាមអ៊ន់ គង្គា ព្រះជន្ម៣៨ឆ្នាំ ជាចៅអធិការវត្តសំរោងបុរី ស្ថិតនៅភូមិវៀវ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ត្រូវឃាតកមិនស្គាល់អត្តសញ្ញាណអាយុប្រហែល២០ឆ្នាំ ប្រើកាំភ្លើងK59 បាញ់ប្រហារមកលើព្រះអង្គ១គ្រាប់ ត្រូវបំពង់.កបៀមគ្រាប់ ខណៈពេលដែលកំពុងតែទស្សន៍ទាយនៅលើកុដិ បណ្តាលឱ្យទទួលអនិច្ចធម្មភ្លាមៗ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ និង១៥នាទីល្ងាចថ្ងៃទី២៣ វិច្ឆិកា ហើយជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល និងបង្កឱ្យពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ ភ្ញាក់ផ្អើលយ៉ាងខ្លាំង នាំគ្នាមកកាន់វត្តរាប់រយនាក់មើលសពចៅអធិការវត្តទាំងសោកស្តាយ ។ ចំណែកសមត្ថកិច្ចវិញហាក់បីដូចជាយឺត១ជំហាន ក្នុងការតាមប្រមាញ់ឃាតក ។
លោកអនុសេនីយ៍ឯកឡាញ់ សត្យា នគរបាលព្រហ្មទណ្ឌខេត្តមានប្រសាសន៍ឱ្យដឹងថា ស្របពេលដែលចៅអធិការវត្តកំពុងតែអង្គុយ ទស្សន៍ទាយមើលរាសីឱ្យពីរនាក់ប្តីប្រពន្ធវ័យចំណាស់នៅលើកុដិរបស់ព្រះអង្គផ្ទាល់បានមួយសន្ទុះធំស្រាប់តែមានជនមិនស្គាល់មុខប្រដាប់ទៅដោយកាំភ្លើងខ្លី បានឈរនៅក្បែរបង្អួចចម្ងាយប្រហែល២ម៉ែត្រ បាញ់សំដៅមកលើព្រះអង្គត្រូវចំនួន១គ្រាប់ចំបំពង់.កខាងមុខ ជាហេតុបណ្តាលឱ្យទទួលអនិច្ចធម្មនៅនឹងកន្លែង ។
លោកអនុសេនីយ៍ឯកឡាញ់ សត្យា មានប្រសាសន៍បន្តថា មុនពេលកើតហេតុបាញ់ប្រហារនេះ តាមសម្តីរបស់បុរសចំណាស់ម្នាក់ឈ្មោះអ៊ុក ឃន អាយុ៦៦ឆ្នាំ ជាអ្នកជំនិតចៅអធិការវត្តបាននិយាយថា នៅព្រលប់ថ្ងៃទី២៣ វិច្ឆិកា គាត់បានឡើងតាមកាំជណ្តើរទៅលើកុដិឃើញយុវជនម្នាក់ដែលមានអាយុប្រហែលជាង២០ឆ្នាំ ដែលគាត់មិនស្គាល់អត្តសញ្ញាណ ដោយនៅក្នុងដៃម្ខាងកាន់ទៀន ធូប តែ ស្ករ បានដើរឡើងមកលើកុដិឱ្យចៅអធិការវត្តទស្សន៍ទាយដែរ ហើយគាត់ក៏មិនបានចាប់អារម្មណ៍មើលមុខនោះទេ ក៏បានដើរចូលទៅក្នុងបន្ទប់មួយនៅលើកុដិ ។ បន្ទាប់មកស្រាប់តែឮសំឡេងគ្រាប់កាំភ្លើង១គ្រាប់បានលាន់ឡើង និងឮសំឡេងចៅអធិការស្រែកជួយផង គាត់ក៏បើកទ្វាររត់មកបីត្រកងព្រះអង្គចៅអធិការដោយមានឈាមហូរចេញពីបំពង់.កទើបដឹងថា ព្រះអង្គត្រូវជនមិនស្គាល់នោះបាញ់ប្រហារ មិនអាចបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យស្រុកត្បូងឃ្មុំទាន់ឡើយ ដែលក្រោយបន្តិចមក ក៏ទទួលអនិច្ចធម្មទៅ ។ ចំណែកពីរនាក់ប្តីប្រពន្ធដែលមកឱ្យចៅអធិការវត្តទស្សន៍ទាយឱ្យនោះភ័យពេកក៏ស្រឡាំងកាំង ។
ក្រោយកើតហេតុក៏មានការភ្ញាក់ផ្អើលដល់ព្រះសង្ឃ និងតាជីយាយជីព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តបាននាំគ្នាមកណែនណាន់តាន់តាប់ពេញបរិវេណវត្តសម្តែងការសោកស្តាយ ។
លោកអនុសេនីយ៍ឯកឡាញ់ សត្យា បានបញ្ជាក់ថា ចៅអធិការវត្តសំរោងបុរីនេះកាលដំបូងព្រះអង្គបានបួសរៀននៅវត្តមួយក្នុងស្រុកត្បុងឃ្មុំនេះ ដោយសារតែព្រះអង្គមានបញ្ញាឈ្លាសវៃ ចេះទស្សន៍ទាយ ស្រោចទឹក ធ្វើខ្សែគាថា ក៏មានមនុស្សជាច្រើនមកពីទីជិតឆ្ងាយតែងរកព្រះអង្គឱ្យប្រសិទ្ធី ដែលអ្នកមានជំនឿលើព្រះអង្គភាគច្រើនជាអាជីវកររស់នៅក្រុងសួងតែម្តង។ ព្រះអង្គមានប្រជាប្រិយភាពណាស់ ហើយគេតែងស្គាល់ព្រះអង្គ។ គួរកត់សម្គាល់ថា នៅក្នុងវត្តនោះ ក៏មានសង្ឃមួយអង្គទៀតចេះទស្សន៍ទាយដែរ តែមិនល្បីដូចព្រះសង្ឃគង្គា ជាចៅអធិការទេ ហើយក៏តែងមានបញ្ហាជម្លោះបានកើតឡើង ។ បន្ទាប់មកទើបព្រះអង្គបាននិមន្តមកគង់នៅវត្តសំរោងបុរីរាល់ថ្ងៃនេះ បាន៤ ទៅ៥ឆ្នាំហើយ ទោះបីជាព្រះអង្គនិមន្តមកពីឆ្ងាយបែបនេះក្តី ក៏មានមនុស្សមកតាមឱ្យព្រះអង្គស្រោចទឹករំដោះគ្រោះ និងកាន់តែល្បីខ្លាំងឡើងៗ ហើយរាល់ថ្ងៃចាប់ពីម៉ោង៧យប់ ចៅអធិការវត្តសំរោងបុរី អង្គនេះតែងតែទទួលមើល និងទស្សន៍ទាយមិនដែលមានពេលទំនេរនោះទេ។ ចំពោះសមិទ្ធផលជាច្រើននៅក្នុងវត្តត្រូវបានព្រះអង្គកសាងឡើង។ ដោយឃើញនូវសណ្តានចិត្តល្អប្រពៃនេះហើយ ទើបធ្វើឱ្យពុទ្ធបរិស័ទឆ្ងាយជិតតែងបានកោតសរសើរដល់ព្រះអង្គ។ ជាក់ស្តែងគ្រាន់តែចៅអធិការវត្តត្រូវបានឃាតកមិនស្គាល់មុខបាញ់សម្លាប់ត្រូវប្រជាពលរដ្ឋមកពីទីឆ្ងាយជិតបាននាំគ្នាចូលបុណ្យ និងខ្លះទៀតមានការអាណិតអាសូរជាពន់ពេករហូតបង្ហូរទឹកភ្នែកយំសោកស្តាយជីពជន្មព្រះអង្គទៀតផង។
លោកតាអ៊ុក ឃន អាយុ៦៦ឆ្នាំ ជាអនុប្រធានភូមិជីពាម បានឱ្យដឹងដែរថា ពេលដែលពីរនាក់ប្តីប្រពន្ធវ័យចំណាស់កំពុងតែឱ្យចៅអធិការទស្សន៍ទាយឱ្យនោះ បានប្រហែលជា១០នាទី គាត់បានជួបជនសង្ស័យជាឃាតកមុនកើតហេតុ គាត់ក៏បានសួរនាំខ្លះដែរហើយគេក៏ឆ្លើយថា «យកភេសជ្ជៈទៅប្រគេនព្រះសង្ឃ» តែមើលមុខមិនដឹងជាអ្នកណានោះទេ ព្រោះមេឃងងឹតបន្តិចទៅហើយ។
លោកអនុសេនីយ៍ឯកឡាញ់ សត្យា នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានបញ្ជាក់បន្ថែមថា ក្នុងពេលដែលចៅអធិការវត្តកំពុងតែអង្គុយទស្សន៍ទាយនោះក៏មានជនម្នាក់ដើរមកបម្រុងចូលក្នុងកុដិរបស់ព្រះអង្គក្រោមពន្លឺភ្លើងអំពូលម៉ែត្រ រំពេចនោះចៅអធិការវត្តមានថេរដីកាថា «ឯង! មកធ្វើអី ម៉េចក៏មិនទៅវិញ» ដូច្នេះឃាតកដែលបាញ់ប្រហារមកលើព្រះអង្គពិតជាមនុស្សដែលបានស្គាល់គ្នាទៀតផង។ ក្រោយមកប្រហែលជា១០នាទី ក៏ស្រាប់តែឮសំឡេងគ្រាប់ផ្ទុះឡើងបណ្តាលឱ្យចៅអធិការវត្តទទួលអនិច្ចកម្ម។ នេះមិនមែនជាអំពើប្លន់នោះទេ អាចជាករណីគំនុំណាមួយនាពេលកន្លងមក។ ករណីនេះនគរបាលជំនាញខេត្ត និងស្រុកកំពុងតែសហការគ្នា បើកប្រតិបត្តិការតាមប្រមាញ់ឃាតក ដែលមិនយូរទេ អាចត្រូវវែកមុខជាក់ជាមិនខានឡើយ៕
ចែករំលែកព័តមាននេះ