ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​គ្រូបង្វឹក​និង​កីឡាករ​ណាខ្លះ​លាលែង​ក្រោយ​ចប់ World Cup

6 ឆ្នាំ មុន

ព្រឹត្តិការណ៍​បាល់ទាត់ World Cup ឆ្នាំ​២០១៨ បាន​បញ្ចប់​ទៅ​ថ្មី​ៗ ដោយ​បន្សល់​នូវ​អារម្មណ៍​រំភើប​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​ក្រុម​ដែល​ឈ្នះ​ពានរង្វាន់ ខណៈ​ទំនួញ​ឈឺចាប់​នៃ​ការ​ខកចិត្ត​របស់​ក្រុម​ជម្រើសជាតិ​ដទៃ​ទៀត​នៅ​តែ​ដិតដាម​ក្នុង​អារម្មណ៍​ពួក​គេ មិន​ថា​គ្រូបង្វឹក កីឡាករ ឬ​អ្នកគាំទ្រ​នោះ​ទេ…

ព្រឹត្តិការណ៍​បាល់ទាត់ World Cup ឆ្នាំ​២០១៨ បាន​បញ្ចប់​ទៅ​ថ្មី​ៗ ដោយ​បន្សល់​នូវ​អារម្មណ៍​រំភើប​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​ក្រុម​ដែល​ឈ្នះ​ពានរង្វាន់ ខណៈ​ទំនួញ​ឈឺចាប់​នៃ​ការ​ខកចិត្ត​របស់​ក្រុម​ជម្រើសជាតិ​ដទៃ​ទៀត​នៅ​តែ​ដិតដាម​ក្នុង​អារម្មណ៍​ពួក​គេ មិន​ថា​គ្រូបង្វឹក កីឡាករ ឬ​អ្នកគាំទ្រ​នោះ​ទេ ។

ដោយសារ​តែ​គិត​ថា ខ្លួន​គ្មាន​សមត្ថភាព ឬ​ដល់​ពេល​ដែល​ត្រូវ​ទុក​កៅអី​ឱ្យ​អ្នក​ជំនាន់​ក្រោយ​ធ្វើការ​បន្ត ទាំង​គ្រូបង្វឹក និង​កីឡាករ​មួយ​ចំនួន​ក៏​សុខចិត្ត​ចុះ​ចេញពី​តំណែង និង​ប្រកាស​ចូល​និវត្តន៍​ពី​ជម្រើសជាតិ​ភ្លាម​ៗ ខណៈ​អ្នកចាត់ការ​ខ្លះ​ទៀត​ត្រូវ​បាន​សហព័ន្ធ​ដកសិទ្ធិ​ក៏​មាន ព្រោះតែ​មិន​អាច​ជួយ​ក្រុម​ឈ្នះ​ពានរង្វាន់ ។ ខាងក្រោម​នេះ គឺជា​គ្រូបង្វឹក និង​កីឡាករ​១០​រូប​ដែល​បាត់បង់​ការងារ និង​ចូល​និវត្តន៍​ក្រោយ​ក្រុម​ពួក​គេ​ធ្លាក់​ពី World Cup ៖

១-​គ្រូបង្វឹក ​Adam Nawalka (​ប៉ូ​ឡូញ​)

ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ប៉ូ​ឡូញ លោក​ Zbigniew Boniek បាន​ប្រកាស​ថា គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​លោក Adam Nawalka មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្ត​កុងត្រា​នោះ​ទេ បន្ទាប់
ពី​ដឹកនាំ​ប៉ូ​ឡូញ​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ World Cup ត្រឹម​វគ្គ​ចែក​ពូ​ល ។

លោក Zbigniew Boniek បានឱ្យ​ដឹង​ទៀត​ថា តួនាទី​របស់​គ្រូបង្វឹក​រូប​នេះ នឹង​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​៣០ កក្កដា​២០១៨ ខាង​មុខ ។ សូម​បញ្ជាក់​ថា លោក Adam Nawalka បាន​ចូល​មក​ដឹកនាំ​ប៉ូ​ឡូញ​តាំងពី​ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៣​មក​ម៉្លេះ ហើយ​ដឹកនាំ​ប្រទេស​នេះ​ធ្លាក់​ពី World Cup ២០១៨ ត្រឹម​វគ្គ​ចែក​ពូ​ល​៣២​ក្រុម ដោយ​ឈ្នះ​តែ​១​ប្រកួត​ប៉ុណ្ណោះ និង​ចាញ់​២​ប្រកួត ។

២-​គ្រូបង្វឹក​ Jorge Sampaoli (​អា​ហ្ស​ង់​ទី​ន​)

ស្ថានភាព​វឹកវរ​របស់​ក្រុមបាល់ទាត់​អា​ហ្ស​ង់ទី​ន​នៅ​មិន​ទាន់​ស្ងប់ស្ងាត់​នៅឡើយ ខណៈ​ប្រធាន​សហព័ន្ធ​ពួក​គេ​បាន​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​អនាគត​លោកគ្រូ​បង្វឹក​ Sampaoli ពាក់ព័ន្ធ​ទៅ​នឹង​តំណែង​របស់​គាត់ ។ ក្រោយមក​លោក Sampaoli ត្រូវ​បាន​ទម្លាក់​ឱ្យមក​ដឹកនាំ​ក្រុម​យុវជន U20 វិញ​ក្រោយ​បរាជ័យ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ ។

គួរ​បញ្ជាក់​ថា ប្រសិនបើ​លោក Sampaoli ត្រូវ​បញ្ឈប់​បន្ទាប់​ពី​ការ​ធ្លាក់ World Cup ២០១៨ ភ្លាម​ៗ​នោះ រូប​លោក​នឹង​ទទួល​បាន​សំណង​ជាង​១០​លាន​ដុល្លារ ព្រោះតែ​កុងត្រា​មិន​ទាន់​ផុត ។

៣-​គ្រូបង្វឹក​ Fernando Hierro (​អេ​ស្ប៉ា​ញ​)

លោក Fernando Hierro បាន​សម្រេច​ចុះ​ចេញពី​តំណែង​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ភ្លាម​ៗ បន្ទាប់​ពី​ដឹកនាំ​ក្រុម​ដែល​មាន​រហស្សនាម “​គោ​ជល់​” ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម ។

គ្រូបង្វឹក​វ័យ​៥០​ឆ្នាំ​រូប​នេះ ទើបតែ​បាន​ចូល​កាន់​តំណែង​គ្រូបង្វឹក​បណ្ដោះអាសន្ន​២​ថ្ងៃមុន​ការ​ប្រកួត World Cup បើក​ឆាក​ប៉ុណ្ណោះ បន្ទាប់​ពី​សហព័ន្ធ​កីឡា​អេ​ស្ប៉ា​ញ​ដក​លោក Julen Lopetegui ភ្លាម​ៗ​ក្រោយ​បែកធ្លាយ​រឿង​ទាក់ទង​ទៅ​ដឹកនាំ​ក្លិប Real Madrid ។ យោង​តាម​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ​បានឱ្យ​ដឹង​ថា លោក Hierro សម្រេច​ចុះ​ចេញពី​តំណែង​គឺ​ដោយសារ​តែ​លោក​ឈឺចាប់ និង​ខឹង​ខ្លួនឯង​ដែល​ធ្វើ​មិន​បាន​ល្អ​នៅ World Cup ។

៤-​គ្រូបង្វឹក ​Akira Nishino (​ជប៉ុន​)

បន្ទាប់​ពី​ដឹកនាំ​ជប៉ុន​ធ្លាក់ World Cup ត្រឹម​វគ្គ​ចែក​ពូ​ល​រួច​មក គ្រូបង្វឹក Nishino មិន​ត្រូវ​បាន​ចុះ​កុងត្រា​បន្ត​ទៀត​នោះ​ទេ ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សហព័ន្ធ​បាល់ទាត់​ជប៉ុន ។ លោក Nishino បាន​ត្រៀម​ចិត្ត​រួច​មក​ហើយ​ចំពោះ​ការ​សម្រេច​លាលែង​ពី​តំណែង​នេះ ដោយ​

លោក​លើក​ឡើង​ថា​ ៖ “​កុងត្រា​របស់ខ្ញុំ​បាន​ចប់​ទៅ​ហើយ ខ្ញុំ​ក៏​មិន​បន្ត​ទៀត​ដែរ ព្រោះ​វា​មាន​សុពលភាព​ត្រឹម​ចប់ World Cup ប៉ុណ្ណោះ ។​”

សូម​បញ្ជាក់​ថា លោក Nishino ត្រូវ​បាន​ចាត់តាំង​ជា​គ្រូ​បង្គោល​ក្រុម​សា​មូ​រ៉ៃ​ភ្លាម​ៗ មុន​ព្រឹត្តិ​ការណ៍ World Cup ចាប់ផ្តើម​ប្រកួត​តែ​ប៉ុន្មាន​ស​ប្តា​ហ៍​ប៉ុណ្ណោះ ទើប​ធ្វើ​ឱ្យ​លោក​ពុំ​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​បង្វឹក​កូនក្រុម ។

៥-​កីឡាករ Makoto Hasebe (​ជប៉ុន​)

ប្រធាន​ក្រុម​សា​មូ​រ៉ៃ​កីឡាករ Makoto Hasebe​ បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ភ្លាម​ៗ បន្ទាប់​ពី​ដឹកនាំ​កូនក្រុម​ពុំ​បាន​ល្អ ធ្វើ​ឱ្យ​ជប៉ុន​ធ្លាក់​ចេញពី World Cup ទាំង​មិន​អស់ចិត្ត​ក្រោម​ថ្វី​ជើង​បែ​ល​ហ្ស៊ិ​ក​នៅ​វគ្គ​១៦​ក្រុម ។

គួរ​រំលឹក​ថា ខ្សែបម្រើ Makoto Hasebe ដែល​បច្ចុប្បន្ន​លេង​នៅ​ក្លិប​អា​ល្លឺ​ម៉​ង់ Eintracht Frankfurt ត្រូវ​បាន​ចាត់តាំង​ជា​ប្រធាន​ក្រុម​សា​មូ​រ៉ៃ​នៅ​ព្រឹត្តិការណ៍ World Cup ៣​ដង​មក​ហើយ​ចាប់តាំងពី​រដូវ​កាល​២០១០, ២០១៤ និង​២០១៨​នេះ ខណៈ​ជប៉ុន​មិន​ដែល​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ទាំង​៣​លើក ។ អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ គឺ​កីឡាករ​ស្នូល​ខាងលើ​បាន​ចូល​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​តាំងពី​ឆ្នាំ​២០០៦​មក​ម៉្លេះ ដោយ​បង្ហាញខ្លួន​បាន​ចំនួន​១០៨​ប្រកួត ប៉ុន្តែ​រក​គ្រាប់​បាល់​បាន​តែ​២​គ្រាប់​ប៉ុណ្ណោះ ហើយ​មិនមែន​ជា​ការ​ស៊ុត​នៅ World Cup នោះ​ទេ ។

៦-​កីឡាករ Iniesta (​អេ​ស្ប៉ា​ញ​)

បរាជ័យ​សឹង​មិន​គួរ​ឱ្យ​ជឿ​របស់​អេ​ស្ប៉ា​ញបាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​កីឡាករ និង​អ្នកគាំទ្រ​ជា​ពន់ពេក រហូត​មាន​អ្នកខ្លះ​ទ្រហោយំ​យ៉ាង​ខ្លាំង សម្តែង​នូវ​ភាព​ឈឺចាប់​សឹងតែ​មិន​អាច​ទទួលយក​បាន ។ ទន្ទឹម​នឹង​នេះ វីរបុរស​អេ​ស្ប៉ា​ញ វ័យ​៣៤​ឆ្នាំ កីឡាករ Andres Iniesta ក៏​បាន​សម្រេច​ដើរ​ចេញពី​ក្រុម​ជម្រើសជាតិ​ទាំង​អារម្មណ៍​ក្តុកក្តួល​ក្រៃ​លែង​ផង​ដែរ ក្រោយ​មិន​អាច​ស្រោចស្រង់​អេ​ស្ប៉ា​ញ​ឱ្យ​យកឈ្នះ​គូប្រកួត​បាន ដោយ​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ។

គួរ​រំលឹក​ថា តារា​ឆ្នើម​រូប​នេះ​ហើយ គឺជា​កីឡាករ​ស៊ុត​១​គ្រាប់​ជ័យជម្នះ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ពេល​អេ​ស្ប៉ា​ញ​ប៉ះ​ជាមួយ​ជើង​ខ្លាំង​ហូ​ឡង់ ជួយ​ឱ្យ​ក្រុម​ដែល​មាន​រហស្សនាម​“​គោ​ជល់​” ស្គាល់​រសជាតិ​គ្រង​ពាន World Cup ម្តង​ក្នុង​ប្រវត្តិសាស្ត្រ​នា​រដូវ​កាល​២០១០ ។

កីឡាករ​ជើង​ចាស់​ខាងលើ​បាន​ចូលរួម​លេង​ឱ្យ​អេ​ស្ប៉ា​ញ​នៅ​ឆ្នាំ​២០០៦ និង​បង្ហាញខ្លួន​ចំនួន​១៣១​ប្រកួត ដោយ​ស៊ុត​បាន​១៣​គ្រាប់ ។ យ៉ាងណាមិញ Iniesta នៅ​តែ​បន្ត​អាជីព​របស់​ខ្លួន​ដដែល ដោយ​លេង​ឱ្យ​ក្លិប​ជប៉ុន Vissel Kobe ។

៧-​កីឡាករ ​Javier Mascherano (​អា​ហ្ស​ង់ទី​ន​)

វា​ជា​រឿង​ដ៏​ឈឺចាប់​បំផុត​មួយ​សម្រាប់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ក្នុង​ប្រវត្តិសាស្ត្រ World Cup ដែល​ពួក​គេ​មិន​អាច​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​ចាញ់​ក្រុម​បារាំង​ទាំង​មិន​អស់ចិត្ត​ក្នុង​លទ្ធផល​៣​ទល់​នឹង​៤ ។ ជាមួយនឹង​ការ​ខំប្រឹង​ប្រែង​តស៊ូ​តាំងពី​វគ្គ​ជម្រុះ​បឋម​មក ក្រុម​ដែល​មាន​រហស្សនាម​“​ពពក​ស​” មួយ​នេះ ធ្វើ​បាន​សម្រេច​ទាំង​ត្រដាបត្រដួស​សឹង​មិន​គួរ​ឱ្យ​ជឿ ប៉ុន្តែ​ពួក​គេ​មិន​បោះបង់​ឡើយ រហូត​ឡើង​មក​ដល់​វគ្គ​១៦​ក្រុម ។

បរាជ័យ និង​ភាព​ឈឺចាប់​ដែល​មិន​អាច​ទទួលយក​បាន​នេះ បាន​ធ្វើ​ឱ្យ​តារា​ឆ្នើម ​Javier Mascherano សម្រេច​លាឈប់​ពី​ក្រុម​ជម្រើសជាតិ​ភ្លាម​ៗ​ក្នុងវ័យ​៣៤​ឆ្នាំ ។ យ៉ាងណាមិញ វា​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ​សម្រាប់​កីឡាករ ​Mascherano ព្រោះថា​រូប​លោក​ក៏​ធ្លាប់​បាន​លើក​ឡើង​ផង​ដែរ​ថា World Cup ២០១៨​នេះ គឺជា​ឱកាស​ចុង​ក្រោយ​ក្នុង​អាជីព​របស់​លោក ។

៨-​កីឡាករ Lucas Biglia (​អា​ហ្ស​ង់​ទី​ន​)

ចំពោះ​កីឡាករ​អា​ហ្ស​ង់​ទី​ន​មួយ​រូប​នេះ​វិញ ក៏​សម្រេច​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ផង​ដែរ ព្រោះតែ​ក្តី​ស្រមៃ​ឈ្នះ​ពានរង្វាន់​ត្រូវ​រលាយ​ហ្មត់​គ្មាន​សល់ ។ កីឡាករ Lucas Biglia ដែល​កំពុង​ជ្រក​ក្រោម​ដំបូល​ក្លិប AC Milan បាន​និយាយ​ទាំង​ទឹកភ្នែក​ថា​៖ “​នេះ​ហើយ​ជា​បាល់ទាត់ គឺ​តែង​មាន​ចាញ់ មាន​ឈ្នះ ។ យើង​ចាកចេញ​ទាំង​ឈឺចាប់​បំផុត ព្រោះ​វិ​ថី​ដែល​ពួក​យើង​ដើរ វា​បាន​មក​ដល់ទី​បញ្ចប់​ហើយ ។​” Biglia បន្ត​ថា​៖“​វា​ជា​ពេល​ដ៏​ចុកចាប់​បំផុត ដែល​ខ្ញុំ​សម្រេច​ដើរ​ចេញពី​ក្រុម​ជម្រើសជាតិ ។ ខ្ញុំ​សង្ឃឹមថា គ្រាប់ពូជ​ថ្មី​ៗ​ជំនាន់​ក្រោយ នឹង​អាច​ជួយ​ប្រទេស​ដ៏​កម្សត់​មួយ​នេះ ឱ្យ​សម្រេច​បាន​នូវ​មហិច្ឆតា​នា​ពេល​អនាគត ។​”

៩-​កីឡាករ Sardar Azmoun (​អុី​រ៉​ង់​)

បន្ទាប់​ពី​អុី​រ៉​ង់​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ World Cup ត្រឹម​វគ្គ​ចែក​ពូ​ល​រួច​មក អ្នកគាំទ្រ​ក្រុម​មួយ​នេះ បាន​បន្ត​ទម្លាក់​កំហុស និង​ប្រមាថ​ខ្លាំង​ៗ​ដល់​កីឡាករ​ផ្សេង​ៗ ជា​ពិសេស​កីឡាករ​ខ្សែប្រយុទ្ធ ដោយ​ពួក​គេ​លើក​ឡើង​ថា ទម្រង់​លេង​អន់​ខ្លាំង និង​រក​គ្រាប់​បាល់​មិន​បានជា​ដើម ។ ដោយ
សារ​តែ​ការ​រិះគន់​នេះ​ហើយ បាន​ធ្វើ​ឱ្យ​ខ្សែប្រយុទ្ធ Sardar Azmoun ដែល​មាន​រហស្សនាម​ថា “Messi អុី​រ៉​ង់​” ឈឺចាប់​រហូត​សម្រេចចិត្ត​លាឈប់​ពី​ក្រុម​ជម្រើសជាតិ​ត្រឹម​វ័យ​២៣​ឆ្នាំ ។

សូម​បញ្ជាក់​ថា កីឡាករ Azmoun ជា​ខ្សែប្រយុទ្ធ​ខ្លាំង​មួយ​រូប​លេង​នៅ​ក្លិប Rubin Kazan និង​ជាតា​រា​ឆ្នើម​របស់​ក្រុម​ជម្រើសជាតិ​អុី​រ៉​ង់ ដែល​បាន​ចូលរួម​ជាមួយ​ឈុត​ធំ​តាំងពី​ឆ្នាំ​២០១៤​មកម៉្លេះ ហើយ​រកបាន​២៣​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​៣៦​លើក ។

១០-​កីឡាករ Sergei Ignashevich (​រុ​ស្ស៊ី​)

ខ្សែការពារ​ដ៏​រឹង​មាំ​របស់​រុ​ស្ស៊ី កីឡាករ Ignashevich បាន​ដើរ​ចេញពី​ក្រុម​ជម្រើសជាតិ បន្ទាប់​ពី​ខកចិត្ត​ពេល​រុ​ស្ស៊ី​ចាញ់​ក្រូ​អាស៊ី និង​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម ។ កីឡាករ​វ័យ​៣៩​ឆ្នាំ​រូប​នេះ ចូល​លេង​ជាមួយ​ក្រុម​ជម្រើសជាតិ​តាំងពី​ឆ្នាំ​២០០២​មក​ ដោយ​បង្ហាញខ្លួន​បាន​ចំនួន​១២៧​ប្រកួត ថែម​ទាំង​រក​គ្រាប់​បាល់​បាន​៨​គ្រាប់​ទៀត​ផង បើ​ទោះជា​រូប​លោក​ជា​ខ្សែការពារ​ក៏​ដោយ ។

អ្វី​ដែល​ពិសេស​នោះ Ignashevich បាន​ក្លាយជា​កីឡាករ​ចំណាស់​ជាងគេ​នៅ​រុ​ស្ស៊ី ហើយ​ក៏​ជា​កីឡាករ​មាន​វត្តមាន​លេង​ច្រើន​ជាងគេ​ផង​ដែរ នៅ​ក្នុង​ក្រុម​ជម្រើសជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ