ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិញ្ចឹម​ទា​៣​ពាន់​ក្បាល​ថ្វី​ដ្បិតតែ​ពិបាក ​តែ​ចំណូល​គ្រាន់បើ (មាន​វីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុខរបរ​ចិញ្ចឹម​ទា ថ្វី​ដ្បិតតែ​មានការ​លំបាក និង​ចំណាយ​ទុន​ច្រើន ប៉ុន្តែ​ជា​​របរ​មួយ​ដែល​អាច​រក​ចំណូល​បានជា​ប្រចាំ តាម​រយៈ​ការ​លក់​ទាំង​មេ និង​ពង ។ បើ​តាម​ស្ត្រី​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ មុខរបរ​ចិញ្ចឹម​ទា ថ្វី​ដ្បិតតែ​មានការ​លំបាក និង​ចំណាយ​ទុន​ច្រើន ប៉ុន្តែ​ជា​​របរ​មួយ​ដែល​អាច​រក​ចំណូល​បានជា​ប្រចាំ តាម​រយៈ​ការ​លក់​ទាំង​មេ និង​ពង ។

បើ​តាម​ស្ត្រី​ឈ្មោះ ឆាន មក​រា អាយុ​ជាង​៣០​ឆ្នាំ ជា​អ្នក​រស់នៅ​ឃុំ​ស្រែ​ននោង ស្រុក​ត្រាំ​កក់ ខេត្តតាកែវ ដែល​បាន​មក​ស្នាក់​នៅ​ក្នុងភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​​សែន​ជ័យ បាន​រៀបរាប់​ថា នាង និង​ក្រុម​គ្រួ​សារបាន​មក​ស្នាក់​នៅ​ជាមួយ​លោក​ជំទាវ​ម្នាក់ ដោយ​គាត់​មិន​គិតថ្លៃ​ឈ្នួល​អ្វី​ទេ គ្រាន់តែ​ឲ្យ​ជួយ​មើល​ការ​ខុស​ត្រូវ​ដី​ប៉ុណ្ណោះ។ ដោយសារ​ប្ដី​របស់​នាង​មានបទពិសោធន៍​ចិញ្ចឹម​ទា ក៏​បាន​ចាប់​មុខរបរ​នេះ ដោយ​ចាប់ផ្ដើម​ទិញ​ទា​ជំទង់​មក​ចិញ្ចឹម​តែ​ម្ដង ។

នាង​បន្ដ​ថា ៖« ចាប់ផ្ដើម​ដំបូង នាង​បាន​ដើរ​រក​ទិញ​ទា​ជំទង់ ដោយ​ទិញ​ក្នុង​តម្លៃ​១៥.០០០​ទៅ​១៦.០០០​រៀល ក្នុង​១​ក្បាល និង​ចិញ្ចឹម​រយៈពេល​៤​ខែ ទា​ចាប់ផ្ដើម​ពង ហើយ​ចេះ​តែ​បន្ដ​ទិញ​ចូល រហូត​ដល់​ពេល​នេះ មាន​ចំនួន​ជាង​៣​ពាន់​ក្បាល​ហើយ » ។ នាង​ថា ៖« ទា​ជាង​៣​ពាន់​ក្បាល​នេះ បាន​ចំណាយ​ដើមទុន​ច្រើន​ណាស់ ទម្រាំ​តែ​បាន​ផល​ចំណេញ​ពី​វា​វិញ » ។

នាង​បន្ត​ទៀត​ថា ចំពោះ​ចំណី​វិញ គឺ​ទិញ​ស្រូវ​ឲ្យ​ស៊ី ដោយ​ក្នុង​១​ថ្ងៃ​ៗ​អស់​ចំនួន​៣០០​គីឡូ​ក្រាម ដែល​ជា​ការ​ចំណាយ​មួយ​ដ៏​ច្រើន ហើយ​ទា​ក៏​មិន​ពង​ទាំងអស់​ដែរ គឺ​ត្រឹមតែ​៥០%​ប៉ុណ្ណោះ បាន​ន័យ​ថា ក្នុង​១​ថ្ងៃ ទា​ពង​បាន​តែ​១.៥០០​គ្រាប់ ហើយ​ត្រូវ​ឡើង​រើស​ពី​ព្រលឹម រួច​ដឹក​យក​ទៅ​បោះ​ឲ្យ​ម៉ូយ​ខ្លះ និង​អ្នកខ្លះ​ទៀត​មក​ទិញ​ដល់​កន្លែង ដោយ​ក្នុង​១​គ្រាប់​លក់​ចេញ​តម្លៃ​ពី​ជាង​៤០០​ទៅ​៥០០​រៀល ទៅ​តាម​ប្រភេទ​ពង​តូច​ឬ​ធំ ។

អ្នក​នាង​បន្ដ​ទៀត​ថា រយៈពេល​២​ឆ្នាំ​នេះ នាង​បាន​ប្ដូរ​មេ​ទា​ចាស់​ចេញ​ម្ដង និង​ទិញ​ទា​ថ្មី​ដាក់​ឡើង​វិញ រួច​បំប៉ន​រយៈពេល​៤​ខែ ទើបបាន​ពង​លក់​បន្ត​ទៀត ។ នាង​ថា ៖« តាម​ពិត យើង​អាច​បណ្ដើរ​វា​តាម​ស្រែ​ឲ្យ​ស៊ី​ចំណី​បែប​ធម្មជាតិ ដូច​ជា កូន​ត្រី ខ្យង ខ្ចៅ ក្ដាម កណ្ដូប និង​ដង្កូវ​ជាដើម ប៉ុន្តែ​ត្រូវ​ចំណាយពេល និង​ប្រើ​កម្លាំង​ច្រើន ។ ដោយសារ​ពួក​ខ្ញុំ​ពុំ​សូវ​មាន​ពេលវេលា និង​កម្លាំង​គ្រប់គ្រាន់ ម្យ៉ាងទៀត នៅ​កន្លែង​ចិញ្ចឹម​មាន​ស្រះ​ទឹក​ស្រាប់ ដែល​អាច​ឲ្យ​ទា​លេង​ទឹកបាន ហើយ​ក៏​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​វា​ដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ