រាជធានីភ្នំពេញ ៖ គណបក្សហ្វ៊ុនស៊ិនប៉ិចនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ បានប្រកាសប្តូរលេខរៀងទី១ របស់អ្នកម្នាងអ៊ុកផល្លា រណឫទ្ធិបានទទួលមរណៈភាពដាក់ជំនួស ដោយលោកបេក្ខនារីលោកស្រីសារ៉ោ ម៉ូរី នៅលេខរៀងទីបន្ទាប់(លេខរៀងទី២) ទៅលេខរៀងទី១វិញ ក្នុងបញ្ជីបោះឆ្នោតបេក្ខជនពេញសិទ្ធិសម្រាប់មណ្ឌលខេត្តព្រៃវែង ។
មន្ត្រីគណប្សហ្វ៊ុនស៊ិនប៉ិចបានបញ្ជាក់ថា បេក្ខជនតំណាងរាស្ត្រគណបក្សហ្វ៊ុនស៊ិនប៉ិច មណ្ឌលព្រៃវែងប្តេជ្ញាបម្រើប្រជាពលរដ្ឋនៅពេលជាប់ឆ្នោត ។ ការប្តេជ្ញាចិត្តនេះបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាប្រមាណ២០០០នាក់ នៅភូមិរលួស ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្រោមអធិបតីភាពលោក យូ ហុកគ្រី ព្រះតំណាងសម្តេចក្រុមព្រះ ព្រះប្រធានគណបក្ស ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ។
លោកយូ ហុកគ្រីអនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចបានថ្លែងថា «អ្នកម្នាងទទួលមរណៈភាពដោយសារបុព្វហេតុប្រទេសជាតិ ហើយអ្នកដែលលេខរៀងបន្ទាប់ត្រូវបានតែងតាំងជួសអ្នកម្នាង គឺលោកស្រីសារ៉ោ ម៉ូរី » ។ លោកបានថ្លែងទៅកាន់អ្នកគាំទ្រគណបក្សហ្វ៊ុនស៊ិនប៉ិចទៅបោះឆ្នោតទាំងអស់គ្នានៅខេត្តព្រៃវែងឲ្យគណបក្ស ដើម្បីតបស្នងសងគុណអ្នកម្នាងដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ។
លោកបានលើកឡើងថា នៅពេលដែលអ្នកម្នាងនៅរស់មានលេខរៀងខាងលើគេ ហើយនៅពេលដែលអ្នកម្នាងមិនអាចបំពេញការងារបាន ដូចពេលនេះអ្នកម្នាងទទួលមរណៈភាពអ្នកខាងក្រោមត្រូវឡើងជំនួស ។ លោកថា មុនពេលទទួលមរណៈភាពអ្នកម្នាងបានរៀបចំសេណារីយូ នៅក្នុងមណ្ឌលព្រៃវែងនេះ ។ លោកថា«លោកស្រីសារ៉ោ ម៉ូរី នឹងខិតខំបម្រើប្រជារាស្ត្រដូចកាលពីអ្នកម្នាងនៅរស់ដែរ» ។ លោកស្រី សារ៉ោ ម៉ូរីបានថ្លែងប្តេជ្ញាចិត្តថា«ខ្ញុំមានលេខរៀងនៅបន្ទាប់អ្នកម្នាងអ៊ុកផល្លា ហើយខ្ញុំប្តេជ្ញាចិត្តបម្រើប្រជារាស្ត្រនៅក្នុងខេត្តព្រៃវែង» ។ ចំណែកអ្នកលេខរៀងទី៣ គឺលោក នូ សុវណ្ណារ៉ាបានថ្លែងថា ទោះបីជាមិនមានវត្តមានអ្នកម្នាងក៏ដោយលោកប្តេជ្ញាចិត្តបម្រើប្រជារាស្ត្រនៅក្នុងខេត្តព្រៃវែងនេះ ។
គួរបញ្ជាក់ថា គណបក្សហ្វ៊ុនស៊ិនប៉ិចបានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតទាំង២៥មណ្ឌលទូទាំងប្រទេសសម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៦ ។ អ្នកម្នាងអ៊ុកផល្លារណឫទ្ធិបានទទួលមរណៈភាពកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តព្រះសីហនុជាមួយសម្តេចក្រុមព្រះ ៕
ចែករំលែកព័តមាននេះ