ខេត្តសៀមរាប ៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានបង្ហាញសុទិដ្ឋិនិយមថា នាពេលខាងមុខ ភ្ញៀវទេសចរចិននឹងមកប្រទេសកម្ពុជាប្រមាណ២លាននាក់ក្នុង១ឆ្នាំ ឬអាចមកច្រើនជាងនេះ ខណៈនៅឆមាសទី១ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរចិនប្រមាណជិត១លាននាក់ ក្នុងកំណើន៨០% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។
ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌសាធារណៈ និងឯកជនក្នុងវិស័យទេសចរណ៍កម្ពុជា-ចិន នៅសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី១ ខែកក្កដា លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា បច្ចុប្បន្ន ប្រទេសមានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍មានការរីកចម្រើនគួរជាទីមោទនៈ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកបន្ដថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរចិនជិត ១លាននាក់ កើនឡើង៨០% ហើយសង្ឃឹមថា នឹងទទួលបានភ្ញៀវទេសចរចិនប្រមាណ២លាននាក់ក្នុងឆ្នាំ២០១៨ និងច្រើនជាងនេះនៅក្នុងឆ្នាំបន្តបន្ទាប់ ហើយកម្ពុជាគ្រៀងនឹងរៀបចំពិធីដ៏ពិសេសមួយសម្រាប់អបអរសាទរ និងស្វាគមន៍ភ្ញៀវ២លាននាក់របស់ចិន ។ លោកថ្លែងថា ៖« កម្ពុជាគ្រោងនឹងរៀបចំពិធីពិសេសមួយ ដើម្បីទទួលទេសចរចិន២លាននាក់នៅកម្ពុជា ហើយនេះជាសារដ៏សំខាន់ទៅកាន់ពិភពលោក នៃការសម្រេចនូវគោលដៅ និងការឈានឆ្ពោះទៅរកគោលដៅថ្មីនាពេលខាងមុខទៀត » ។ លោកថា ៖« បានជាកម្ពុជាមានសុទិដ្ឋិនិយមខ្លាំងចំពោះទេសចរចិនបែបនេះ ព្រោះ២លាននាក់របស់ទេសចរចិន ទើបនឹងបានប្រហែល១%នៃទេសចរចិនសម្រាប់ក្រៅប្រទេសប៉ុណ្ណោះ ។ ទន្ទឹមនឹងនោះ ក៏ដោយសារកំណើនទេសចរចិននៅកម្ពុជាកំពុងមានកំណើនខ្លាំង រហូតនៅតំបន់ខ្លះដូចជា នៅខេត្តព្រះសីហនុ កំណើនទេសចរចិនកើនដល់ជាង១០០% ឯណោះ » ។
លោក ទិត ចន្ថា ក៏បានស្នើដល់ក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងផ្នែកឯកជន ទេសចរណ៍ បន្តកិច្ចសហការល្អជាមួយកម្ពុជា ជួយជំរុញផ្សព្វផ្សាយសក្តានុពលទេសចរណ៍ កម្ពុជានៅក្នុងទីផ្សារចិន ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រី និងប្រតិបត្តិករទេសចរណ៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារចិនឱ្យកាន់តែល្អបន្ថែមទៀត ។
លោក ចាង ស៊ីឡុង អគ្គនាយកនៃក្រសួងវប្បធម៌ និងទេសចរណ៍ចិន ដែលបានចូលរួមក្នុងកម្មវិធីនោះ បានសន្យាថា នឹងខិតខំប្រឹងប្រែងដើម្បីបង្កើតនូវបរិយាកាសមិត្តភាពក្នុងវិស័យទេសចរណ៍ និងខិតខំសម្រួលធ្វើយ៉ាងណា ឱ្យទេសចរចិនដែលមកទស្សនាកម្ពុជា មានសុខសុវត្ថិភាព ជាពិសេស នឹងបន្តរៀបចំឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ចពីកម្ពុជាទៅចិន ពីចិនមកកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត សំដៅធ្វើឱ្យវិស័យទេសចរណ៍នៃប្រទេសទាំងពីរមានការអភិវឌ្ឍជាមួយនឹងចំណងមិត្តភាពដ៏ជិតស្និទ្ធ ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងកាលពីថ្ងៃទី៣០ មិថុនា កន្លងមកថា អនាគតនៃទេសចរណ៍កម្ពុជា គឺមិនអាចកាត់ផ្តាច់ចេញពីការស្រូបទាញកំណើននៃលំហូរទេសចរចិន និងអ្នកវិនិយោគចិនបានឡើយ ។ ជាក់ស្តែង ក្នុងឆ្នាំ២០១៧ កន្លងមក កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន៥,៦លាននាក់ កើនឡើង១១,៨% ក្នុងនោះមានភ្ញៀវទេសចរចិនចំនួន១.២១០.៧៨២នាក់ កើនឡើង៤៥,៩% ឈរក្នុងលំដាប់ថ្នាក់លេខ១ នៃទីផ្សារទេសចរណ៍សំខាន់ៗទាំង១០ និងបាននាំមកនូវប្រាក់ចំណូលប្រមាណ៣.៦៣៨លានដុល្លារចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួមចំណែក១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) ។
តាមការព្យាកររបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) បានគូសបញ្ជាក់ថា នៅឆ្នាំ២០២០ ចំនួនទេសចរចិនធ្វើដំណើរចេញក្រៅមានប្រមាណ២០០លាននាក់ ឬច្រើនជាងនេះ ហើយចំណាយប្រមាណ៤២០ពាន់លានដុល្លារ ដែលធ្វើឱ្យបណ្តាប្រទេសនានាលើពិភពលោកត្រៀមខ្លួនក្នុងការទាក់ទាញ និងទទួលស្វាគមន៍ទេសចរចិន ។ ដោយឡែក នៅឆ្នាំ២០១៨ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ៦,២លាននាក់, នៅឆ្នាំ២០២០ ប្រមាណ៧លាននាក់ និងនៅឆ្នាំ២០៣០ កម្ពុជានឹងទទួលបានទេសចរអន្តជាតិប្រមាណ១៥លាននាក់ ដែលនាំមកនូវចំណូលសរុបប្រមាណ១០.០០០លានដុល្លារ និងបង្កើតនូវឱកាសការងារប្រមាណ២លាននាក់ ៕
ចែករំលែកព័តមាននេះ