រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានដែលលេចឮថា ស្ត្រីម្នាក់បានបាញ់សម្លាប់ខ្លួនតែមិនស្លាប់នោះ ត្រូវបានគេបិទបាំងតាំងពីពេលកើតហេតុកាលពីវេលាម៉ោងប្រមាណ៦និង១០នាទីល្ងាចថ្ងៃទី២៥ ខែមិថុនា ក្រោយពេលមានការផ្ទុះអាវុធ ។ តាមប្រភពព័ត៌មានដែលទទួលបានមិនផ្លូវការថា ការផ្ទុះអាវុធនោះបណ្តាលឱ្យត្រូវពោះនិងកើតឡើងនៅក្នុងផ្ទះលេខ២៣E២ ផ្លូវលេខ១៤៣ សង្កាត់វាលវង់ ខណ្ឌ៧មករា ។
ប្រភពព័ត៌មានឱ្យដឹងថា ស្ត្រីរូបនេះឈ្មោះ ធា អាយុប្រមាណ២៨ឆ្នាំ ដែលខ្លះថាជាភរិយាមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ ។ ក្រោយកើតហេតុភ្លាមៗ ត្រូវបានសាច់ញាតិនាំទៅសង្គ្រោះនៅមន្ទីរព្យាបាលឯកជនមួយដែលនៅក្បែរផ្ទះ រួចទើបដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។ទាក់ទងនឹងករណីខាងលើនេះ លោកវរសេនីយ៍ឯក នេត សុីថុន អធិការនគរបាលខណ្ឌ៧មករាថ្លែងថា គ្រួសារជនរងគ្រោះមិនបានសហការជាមួយសមត្ថកិច្ចទេ ដូច្នេះនគរបាលក៏មិនដឹងរឿងអី្វនោះដែរ ។
ចំណែកលោកវរសេនីយ៍ឯក សយ ចាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ៧មករា ក៏មានប្រសាសន៍មិនខុសពីលោកអធិការដែរថា រឿងនេះជារឿងគ្រួសាររបស់គេ ដូច្នេះបើគេមិនសហការជាមួយសមត្ថកិច្ចនោះជាសិទ្ធិរបស់គេ តែទោះជាយ៉ាងណាសមត្ថកិច្ចនៅតែបន្តកិច្ចការជំនាញតាមនីតិវិធី ។
នៅឯមន្ទីរពេទ្យកាល់ម៉ែត ក្រុមអ្នកកាសែតត្រូវបានរារាំងដោយកងយោធាដែលតាមមើលទៅ ស្ត្រីរងគ្រោះពិតជាភរិយាមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ហើយ ទើបមានទាហានយាមប្រចាំការ ។ ប្រភពពីមន្ទីរពេទ្យថា ស្ត្រីរងគ្រោះស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់នៅថ្ងៃ២៦ ខែមិថុនា ។
ចែករំលែកព័តមាននេះ