ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំហូរ​ភ្ញៀវ​ទេសចរ​នៅ​តែ​បន្ដ​កើនឡើង ទោះបី​ជិត​ដល់​ថ្ងៃបោះ​ឆ្នោត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បណ្តា​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ និង​អ្នក​នៅ​ក្នុង​វិស័យ​បម្រើសេវា​បដិសណ្ឋារកិច្ច បាន​អះអាង​ស្រ​ដៀង​គ្នា​ថា លំហូរ​ភ្ញៀវ​ទេសចរ​នៅ​តែ​បន្ត​កើនឡើង ដោយ​មិន​មាន​រង​ផល​ប៉ះពាល់​ណាមួយ​ទេ បើ​ទោះជា​ជិត​ដល់​ថ្ងៃ​បោះ​ឆ្នោត​ក្តី ។ លោកស្រី…

រាជធានី​ភ្នំពេញ ៖ បណ្តា​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ និង​អ្នក​នៅ​ក្នុង​វិស័យ​បម្រើសេវា​បដិសណ្ឋារកិច្ច បាន​អះអាង​ស្រ​ដៀង​គ្នា​ថា លំហូរ​ភ្ញៀវ​ទេសចរ​នៅ​តែ​បន្ត​កើនឡើង ដោយ​មិន​មាន​រង​ផល​ប៉ះពាល់​ណាមួយ​ទេ បើ​ទោះជា​ជិត​ដល់​ថ្ងៃ​បោះ​ឆ្នោត​ក្តី ។

លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា ថា វិស័យ​នេះ​មិន​បាន​រង​ផល​ប៉ះពាល់​ទេ ដោយសារ​យើង​ឃើញ​កំណើន​ភ្ញៀវ​អន្តរជាតិ​បន្ត​កើនឡើង​នៅ​កម្ពុជា និង​មិន​មានការ​លុប​កញ្ចប់​ទស្សនកិច្ច​ណាមួយ​ទេ ។​លោកស្រី​បន្ត​ថា ការ​កើនឡើង​នូវ​ចំនួន​ភ្ញៀវ​ទេសចរ គឺ​ឆ្លុះ​បញ្ចាំង​ពី​ទំនុកចិត្ត ដោយសារ​កត្តា​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ដែល​កម្ពុជា​សម្រេច​បាន ។ លោកស្រី​បន្ត​ថា ៖« យើង​នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​ទីផ្សារ​នេះ ហើយ​យើង​ឃើញ​ទីផ្សារ​កម្ពុជា​នៅ​តែ​មាន​ភាព​ទាក់ទាញ » ។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក លោក ធួន ស៊ី​ណា​ន បាន​មាន​ប្រសាសន៍​ដែរ​ថា លោក​មិនឃើញ​មាន​សញ្ញា​ណាមួយ​គួរ​ឲ្យ​បារម្ភ​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ទេ ហើយ​ភ្ញៀវ​ទេសចរ​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​នៅ​តែ​បន្ត​កើនឡើង​ល្អ​ប្រសើរ បើ​ទោះជា​ភ្ញៀវ​មក​ពី​អា​មេ​រិ​ក និង​អឺរ៉ុប​មួយ​ចំនួន​មាន​សញ្ញា​ទ្រឹង​ក្តី ប៉ុន្តែ​បើ​គិត​ជា​រួម គឺ​លំហូរ​ភ្ញៀវ​អន្តរជាតិ​នៅ​តែ​បន្ត​កើនឡើង ។ លោក​បន្ត​ថា ៖« អ្វី​ដែល​កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍ គឺ​ភ្ញៀវ​អន្តរជាតិ​ហាក់​មិន​បាន​សួរនាំ​ពី​ស្ថានភាព​នៅ​កម្ពុជា​ច្រើន ដូច​ការ​បោះ​ឆ្នោត​អាណត្តិ​មុន​ៗ​ទេ មាន​ន័យ​ថា ពួក​គេ​ជឿជាក់​លើ​ស្ថិរភាព និង​សុខ​សន្តិភាព​របស់​កម្ពុជា » ។ អ្នក​នៅ​ក្នុង​ផ្នែក​សេវា​បដិសណ្ឋារកិច្ច បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ក្នុង​វិស័យ​នេះ ទន្ទឹម​នឹង​កំណើន​នៃ​ការ​កក់​បន្ទប់ ដោយសារ​ការ​មក​ដល់​របស់​ភ្ញៀវ​អន្តរជាតិ ។

កញ្ញា ម៉ឹង ប៊ុ​ណ្ណា​រី ជំនួយការ​ផ្នែក​លក់​នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី បាន​ឲ្យ​ដឹង​ថា ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នៅ​កម្ពុជា ពុំ​បាន​ជះ​ឥទ្ធិពល មិនល្អ​ដល់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ឡើយ ។ ផ្ទុយ​ទៅ​វិញ កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កម្ពុជា​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ។ កញ្ញា​បន្ត​ថា ៖« ចំនួន​ភ្ញៀវ​ទេសចរ​ដែល​បាន​កក់ និង​ទទួល​សេវា​នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយ​គ្មាន​អ្វី​ប៉ះពាល់​ដោយសារ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ទេ » ។ កញ្ញា​ថា ៖« ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​កើនឡើង​ច្រើន​នៅ​ឆ្នាំ​នេះ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​កន្លង​មក » ។

តាម​របាយការណ៍​ក្រសួងទេសចរណ៍ នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៨ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​ទស្សនា​កម្ពុជា មាន​ចំនួន​១,៧​លាន​នាក់ កើនឡើង​១៤% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​ឆ្នាំ​២០១៧ ។ ក្នុង​នោះ​ទីផ្សារ​គោលដៅ​សំខាន់​ៗ​មាន​ដូច​ជា ចិន​, វៀតណាម​, កូរ៉េ​, ឡាវ និង​ថៃ ហើយ​ភ្ញៀវ​ទេសចរ​ទាំងនោះ​ទៅ​ទស្សនា​ច្រើន​នៅ​តំបន់​ទេសចរណ៍​ដូច​ជា ខេត្តសៀមរាប​, រាជធានី​ភ្នំពេញ​, ខេត្ត​ព្រះ​សីហ​នុ និង​តំបន់​ភូមិភាគ​ឦសាន​អេកូ​ទេសចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ