មិនបាច់ប្លែកចិត្តទេ សម្រាប់អ្នកដែលចង់មានលំនៅឋានរស់នៅផ្ទាល់ខ្លួន ព្រោះការសម្រេចចិត្តទិញលំនៅឋានថ្មីមួយ គឺចាត់ទុកជារឿងធំមួយក្នុងជីវិតក៏ថាបាន ។ ក្រៅពីហេតុផលផ្នែកហិរញ្ញវត្ថុហើយនោះ រឿងអ្នកជិតខាងនៅបរិវេណក្បែរៗ ដែលយើងនឹងត្រូវទៅរស់នៅ ក៏មានសារសំខាន់ផងដែរ ព្រោះនៅពេលសម្រេចចិត្តហើយ យើងនឹងត្រូវរស់នៅផ្ទះនោះអស់មួយជីវិត ។ ខាងក្រោមនេះ គឺជាការណែនាំតិចនិក៦យ៉ាងងាយៗក្នុងការជ្រើសរើសលំនៅឋានល្អ មុននឹងសម្រេចចិត្តទិញ ដើម្បីឲ្យទទួលនូវអ្វីល្អៗសម្រាប់អ្នក និងក្រុមគ្រួសារ ៖
១-ជ្រើសរើសទីតាំងសមស្រប ៖ ដើម្បីកុំឲ្យខាតពេលវេលាច្រើន និងកាត់បន្ថយការស្មុគស្មាញនោះ អ្នកគួរតែកុំប្រញាប់ប្រញាល់ធ្វើតាមក្តីសុបិន និងតម្រូវការលំនៅឋានខ្លាំងពេក មុននឹងចាប់ផ្តើមស្វែងរកទិញ ឬសាងសង់លំនៅឋានក្នុងទីតាំងណាមួយ ។
២-ជជែកជាមួយអ្នកជិតខាង ៖ អ្នកអាចជជែកជាមួយអ្នករស់នៅម្តុំនោះផងដែរ ដោយសួរសំណួរផ្សេងៗទៅកាន់ពួកគេ ទាក់ទងនឹងរឿងរ៉ាវដែលអ្នកកំពុងតែមានកង្វល់ ។
៣-កុំទាន់អាលសម្រេចចិត្ត ៖ ប្រសិនបើជ្រើសរើសបាន អ្នកនឹងជ្រើសរើសលំនៅឋានដែលមិនសូវល្អ ប៉ុន្តែស្ថិតនៅក្នុងទីតាំងល្អ ឬលំនៅឋានល្អ និងស្ថិតនៅទីតាំងល្អបំផុតផងដែរ ។
៤-បើមានកូន ត្រូវគិតរឿងសាលារៀន ៖ បើអ្នកមានកូន ត្រូវគិតពីរឿងសាលារៀនរបស់កូនផងដែរថា សាលារៀននៅក្នុងតំបន់ដែលអ្នកនឹងរស់នៅនោះល្អដែរឬទេ ។ នៅពេលសម្រេចចិត្តរឿងសាលារៀនរបស់កូនហើយ ទើបសម្រេចចិត្តពិនិត្យមើលបរិវេណដែលត្រូវសាងសង់លំនៅឋានឲ្យបានច្បាស់លាស់ ។
៥-សុវត្ថិភាព ៖ សុវត្ថិភាពគឺជារឿងសំខាន់ណាស់ អ្នកត្រូវតែគិតពីសុវត្ថិភាពថា តើនៅក្នុងតំបន់ដែលអ្នកនឹងទៅរស់នៅនោះ មានឧក្រិដ្ឋកម្មកើតឡើងញឹកញាប់ដែរឬទេ ហើយលំនៅឋានរបស់អ្នកស្ថិតនៅជិតស្ថានីយប៉ូលិសឬទេ បន្ទាប់មក ទើបធ្វើការសម្រេចចិត្ត ។
៦-សេវាកម្មផ្សេងៗ ៖ អ្នកអាចសាកល្បងដើរ ឬបើករថយន្តចូលទៅក្នុងបរិវេណនោះដើម្បីពិនិត្យមើលថា តើមានហាងលក់ទំនិញ ឬផ្សារនៅជិតៗនោះដែរឬទេ និងមានចម្ងាយប៉ុន្មានគីឡូម៉ែត្រពីលំនៅឋាន ហើយនៅក្បែរៗនោះមានសួនសាធារណៈឬទេ ៕
ចែករំលែកព័តមាននេះ