ប្រទេសរុស្ស៊ី ៖ ផ្នែកសារព័ត៌មាននៃយោធភូមិភាគខាងត្បូងរុស្ស៊ីទើបរាយការណ៍នាពេលថ្មីៗនេះថា អាវុធទំនើបៗត្រូវបានបញ្ជូនទៅកាន់តំបន់គ្រីមេ ដើម្បីធ្វើសមយុទ្ធយោធាមួយនៅទីនោះ ។
ក្នុងសេចក្ដីប្រកាសមួយអ្នកនាំពាក្យយោធភូមិភាគខាងត្បូងរុស្ស៊ី លោកវ៉ាឌីម អាស្តាហ្វីយ៉េវ និយាយថា ដើម្បីរុញច្រានការវាយប្រហារដោយមីស៊ីល ទីបញ្ជាការកងទ័ពអាកាសព្រមទាំងការពារអាកាស នៃយោធភូមិភាគខាងត្បូងរបស់កងនាវាចរណ៍សមុទ្រខ្មៅ ក្នុងក្របខណ្ឌនៃសមយុទ្ធតាក់ទិក បានប្រើប្រាស់ប្រព័ន្ធមីស៊ីលការពារអាកាស S-400 TRIUMPH និងប្រព័ន្ធមីស៊ីល PANTSIR-S1 ។
ម្យ៉ាងវិញទៀតអ្នកនាំពាក្យរូបនេះអះអាងថា ប្រព័ន្ធមីស៊ីលរបស់កងនាវាចរណ៍សមុទ្រខ្មៅ ធ្វើត្រាប់ការវាយប្រហារប្រឆាំងបណ្ដានាវាចម្បាំងរបស់ពួកសត្រូវ រួចគោលដៅក្នុងសមុទ្រវាយប្រហារដោយបណ្ដាយន្តហោះប្រដេញ SU-30SM និងបណ្ដាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ SU-34។
សមយុទ្ធយោធារួមរបស់កងកម្លាំងអាកាស និងការពារអាកាសរបស់កងនាវាចរណ៍សមុទ្រខ្មៅ ចាប់ផ្ដើមពីថ្ងៃទី៥ មិថុនាមក។ ទាហានប្រមាណជា៦០០០នាក់ ព្រមទាំងយន្តហោះ និងឧទ្ធម្ភាគចក្រប្រមាណ១០០គ្រឿងចូលរួមក្នុងសមយុទ្ធនេះដែរ ៕
ចែករំលែកព័តមាននេះ