រាជធានីភ្នំពេញ ៖ ជាមួយនឹងការលេចឮព័ត៌មានជាក់លាក់ថា ការសាងសង់ព្រលានយន្តហោះថ្មីនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នឹងអាចចាប់ផ្តើមនៅឆ្នាំ២០២៥ បណ្ដាអ្នកវិនិយោគលើដីធ្លីដើម្បីយកប្រាក់ចំណេញនៅជុំវិញតំបន់នោះ បានសម្ដែងការខកចិត្តយ៉ាងខ្លាំង និងត្អូញត្អែរពីភាពយឺតយ៉ាវនៃការសាងសង់គម្រោងនេះ ពិសេសអ្នកដែលខ្ចីប្រាក់ពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មកវិនិយោគកាន់តែយំមិនចេញថែមទៀត ។
ឆ្លើយតបនឹងកង្វល់នេះ លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Markets Consulting បានមានប្រសាសន៍តាមទូរស័ព្ទនាព្រឹកថ្ងៃទី១១ ឧសភា កន្លងមកថា ការវិនិយោគលើដីធ្លីមិនអាចទទួលបានផលមកវិញមុនរយៈពេល១ឆ្នាំ ឬ២ឆ្នាំទេ វាត្រូវការពេលវេលាសមស្របមួយ។ ហេតុនេះ មុននឹងសម្រេចចិត្តវិនិយោគលើដីធ្លី អ្នកវិនិយោគគួរគិតពីកត្តាមួយចំនួនសិន ដូចជា ៖
១-សូមដកចេញនូវការពឹងផ្អែកលើព្រេងសំណាងជាមុនសិន ព្រោះព្រេងសំណាងវាមិនអាចកើតមានពិតប្រាកដទេ បើយើងគ្មានមូលដ្ឋានសម្រេចចិត្តត្រឹមត្រូវ ។
២-ត្រូវសួរខ្លួនឯងថា បើសិនជាគម្រោងរបស់ខ្លួនជាប់គាំង លក់មិនចេញ តើយើងអាចទ្រាំ ឬមានវិធីសាស្ត្រដោះស្រាយបានប៉ុន្មានឆ្នាំ បើយើងរង់ចាំ ឬអាចដោះស្រាយបាន យើងនឹងទទួលជោគជ័យ ។
៣-កុំពឹងផ្អែកលើព័ត៌មានឆៅ ឬធ្វើតាមកំសួលភ្លាមៗ ដោយមិនបានវិភាគពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយជាមុន ។
៤-កុំឲ្យមានការយល់ច្រឡំផ្នែកអារម្មណ៍ មានន័យថា កុំយកអារម្មណ៍ ឬធ្វើតាមគ្នា ។
ជាមួយគ្នានេះ ក៏មានការលេចឮថា ព្រលាននេះនឹងផ្លាស់ប្តូរទីតាំង ប៉ុន្តែអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអះអាងថា ទីតាំងសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិថ្មីនៅលើទឹកដីស្រុកកណ្តាលស្ទឹង មិនបានផ្លាស់ប្តូរដូចពាក្យចចាមអារ៉ាមឡើយ ។
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យស្ថាប័នខាងលើនេះ បានថ្លែងថា ទីតាំងសាងសង់ព្រលានយន្តហោះថ្មីនេះ ពិតជាគ្មានការផ្លាស់ប្តូរណាមួយទេ ប៉ុន្តែការសាងសង់នៅពេលណា លោកមិនអាចបញ្ជាក់បាននៅឡើយទេ ព្រោះការងារនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន OCIC និងក្រុមហ៊ុនចិន ដែលបានសហការសាងសង់ព្រលាននេះ ។ លោកបន្តថា ការសាងសង់ព្រលានយន្តហោះនេះអាចចំណាយពេលរហូតដល់៥ឆ្នាំ ដោយមិនទាន់គិតពីការចាក់ខ្សាច់បំពេញផ្ទៃបឹងនៅឡើយទេ ។
លោកថ្លែងថា ៖« តាមធម្មតា ការសាងសង់ព្រលានយន្តហោះនីមួយៗត្រូវចំណាយពេលច្រើន មិនអាចធ្វើ១ឆ្នាំ ឬ២ឆ្នាំបញ្ចប់បាននោះទេ » ។ លោកបន្តថា ៖« ព្រលានយន្តហោះថ្មីនេះ នឹងសាងសង់លើផ្ទៃដីប្រមាណ៨០០ហិកតា ហើយផ្ទៃដីដែលនៅសល់នឹងប្រើប្រាស់សម្រាប់សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងៗ ដើម្បីបម្រើ និងទ្រទ្រង់សកម្មភាពព្រលានយន្តហោះថ្មីនេះ » ។
តាមគម្រោងដែលបានស្នើសុំទៅកាន់រាជរដ្ឋាភិបាល ក្រុមហ៊ុន OCIC គ្រោងវិនិយោគព្រលានយន្តហោះនេះនៅលើផ្ទៃដីទំហំ២.៦០០ហិកតា ។
លោក ស៊ិន ចាន់សិរីវុត្ថា បន្តថា តាមធម្មតាការវិនិយោគសាងសង់ព្រលានយន្តហោះត្រូវចំណាយច្រើនណាស់ ដែលធ្វើឲ្យក្រុមហ៊ុនមិនងាយរកផលចំណេញបានមកវិញទេ ។ ហេតុនេះ ទើបក្រុមហ៊ុននឹងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម (Airport City) នៅជុំវិញព្រលាន ដើម្បីរកផលចំណេញពីការវិនិយោគរបស់ខ្លួន ។
គម្រោងសាងសង់ព្រលានយន្តហោះនេះ ត្រូវបានចុះកិច្ចព្រមព្រៀងកាលពីចុងឆ្នាំមុន ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី ឃឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានមកទស្សនកិច្ចនៅកម្ពុជា ។
មន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុន OCIC បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា បច្ចុប្បន្ន ក្រុមហ៊ុនបាននិងកំពុងធ្វើការងារយ៉ាងសកម្ម ដើម្បីរៀបចំគម្រោង និងផែនការដាក់ជូនប្រមុខរាជរដ្ឋាភិបាលអនុម័ត មុនពេលសាងសង់ព្រលានយន្តហោះនេះ ។
ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ឲ្យដឹងពីការចាប់ផ្តើមសាងសង់ព្រលានយន្តហោះនេះនៅពេលណាជាក់លាក់ទេ ។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា ជាធម្មតា គម្រោងធំបែបនេះទាល់តែមានការសម្រេចរបស់គណៈរដ្ឋមន្ត្រី និងការអញ្ជើញបើកការដ្ឋានសាងសង់ចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទើបគម្រោងនេះអាចនិយាយថា ជាការពិត ។ លោកបន្តថា កន្លងមក មានការលើកឡើងពីការសាងសង់ព្រលាននៅខេត្តកំពង់ឆ្នាំងផង នៅកំពង់ស្ពឺផង និងនៅកណ្តាលស្ទឹង ក្នុងខេត្តកណ្តាលផង។ ហេតុនេះ ភាពពិតប្រាកដនៃគម្រោងនេះ ទាល់តែសម្តេចទៅបើកការដ្ឋានសាងសង់ ទើបយើងដឹងពិតប្រាកដ ។
លោកបន្តថា ៖« ការឡើងថ្លៃដី និងអ្នកមានវិបត្តិពីការទិញដីក្នុងអំឡុងពេលតម្លៃពុះកញ្ជ្រោល គឺមកពីភាពលោភលន់របស់ពួកគេ ហើយការរំពឹងទុក ការសាងសង់ព្រលានយន្តហោះមួយអាចត្រូវចំណាយពេលរៀបចំ និងសាងសង់ដល់៧ទៅ១០ឆ្នាំ » ៕
ចែករំលែកព័តមាននេះ