ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តមួយបង្កឡើងដោយខ្លួនឯង តែសំណាងមិនមានអ្នករងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ គ្រាន់តែស្ទះចរាចរណ៍ប៉ុណ្ណោះ ។ ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤១-៤២ ត្រង់ចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ដែលមានរថយន្ត០១គ្រឿង ម៉ាកហ៊ីយ៉ិនដាយ ពណ៌លឿង ពាក់ផ្លាកលេខព្រះសីហនុ ៣A-២៣៩២ សណ្តោងរ៉ឺម៉កពាក់ផ្លាកលេខព្រះសីហនុ 4A-៣២០០ អ្នកបើកបរឈ្មោះ អន សុខនាង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិរំលិច ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរមកពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចខាងលើ បានរេចង្កូតបណ្តាលឲ្យរថយន្តក្រឡាប់ដោយខ្លួនឯង ទទឹងផ្លូវបណ្ដាលឲ្យកកស្ទះចរាចរណ៍មិនបង្កឲ្យមានមនុស្សរងរបួសទេ ។
ដោយឡែកគ្រោះថ្នាក់ចរាចរណ៍មួយទៀតបានកើតឡើងដោយម៉ូតូសេ១០០ ពន្លះសេ១២៥ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង២០និង៤០នាទីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៨ លើផ្លូវលេខ១៤៣ ត្រង់ចំណុចភូមិបិល ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មានម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១០០ កូរ៉េ ពណ៌ក្រហម ពាក់ផ្លាកលេខកំពង់ស្ពឺ 1S-០៤៥៥ អ្នកបើកបរឈ្មោះ មួន សុខឃួន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិគោករងៀង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរមកពីទិសខាងត្បូងទៅទិសខាងជើង លុះមកដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ១S-២៥២៨ អ្នកបើកបរឈ្មោះ លីវ សុខុន ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិក្រាំងត្រឡាច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូសេ១២៥ ស្លាប់នៅកន្លែងកើតហេតុ ។
លោកបន្តថា ក្រោយកើតហេតុសពបានប្រគល់ជូនក្រុមគ្រួសារ ទទួលយកទៅធ្វើបុណ្យ ចំណែកអ្នកបើកម៉ូតូសេ១០០ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។
រីឯវត្ថុតាងខូចខាតទាំង០២គ្រឿង ត្រូវបាននាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលសស្រុកសំរោងទង រង់ចាំឲ្យភាគីទាំងសងខាងចូលដោះស្រាយគ្នាដោយសន្តិវិធី ៕
ចែករំលែកព័តមាននេះ