ខេត្តត្បូងឃ្មុំ ៖ ទោះបីជាច្បាប់បានតម្រូវឲ្យអ្នកជិះម៉ូតូពាក់មួកសុវត្ថិភាពយ៉ាងណាក្តីជាក់ស្តែងមានបុរស២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាវេវ ពណ៌ខ្មៅ មិនពាក់ផ្លាកលេខ មិនបានពាក់មួកសុវត្ថិភាពនោះទេដោយបើកបរលើផ្លូវជាតិលេខ៧ត្រង់ចំណុចមុខដីរបស់ឈ្មោះ ម៉ាប់ នៅភូមិដងកាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ក៏បានជួបនឹងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏បុកជាមួយនឹងរថយន្តសាំងយ៉ុង១គ្រឿង កាលពីវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ បណ្តាលឲ្យអ្នកឌុបរបួសធ្ងន់ និងអ្នកអង្គុយពីក្រោយស្លាប់ភ្លាមៗផងដែរ ។
នគរបាលចរាចរណ៏ស្រុកត្បូងឃ្មុំឲ្យដឹងថា មុនពេលកើតហេតុម៉ូតូបើកបរដោយឈ្មោះ ឆិត ឆាត ភេទប្រុស អាយុ២៥ឆ្នាំ ឌុបបុរសឈ្មោះ គង់ ងន់ អាយុ៦៩ឆ្នាំ រស់នៅភូមិដូងព្រះ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ក្នុងទិសដៅពីលិចទៅកើតតាមបណ្តាយផ្លូវហើយថែមមិនពាក់មួកសុវត្ថិភាពទាំង២នាក់ផងដែរ ។
ស្របពេលដែលជិះមកដល់ត្រង់ចំណុចកើតហេតុនោះស្រាប់តែម៉ូតូជិះបត់ឆ្វេងដោយមិនបានប្រុងប្រយ័ត្នជាហេតុធ្វើឲ្យរថយន្ត១គ្រឿងម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ២AJ-៦៨៦៤ ដែលបើកបរក្នុងទិសដៅពីបញ្ជ្រាសទិសគ្នាមកដល់បុកម៉ូតូពេញទំហឹងតែម្តង បណ្តាលឲ្យបុរសដែលជិះម៉ូតូអង្គុយពីក្រោយបានស្លាប់បាត់បង់ជីវិតភា្លមៗ ហើយអ្នកឌុបវិញបានរងរបួសធ្ងន់ ក្រោយពីសមត្ថកិច្ចមូលដ្ឋានបានទៅដល់ក៏ហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ ។
អ្នកបើកបររថយន្តមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ព្រោះតែរថយន្តបានបើកធ្លាក់ផ្លូវជាតិអ្នកបើកបរបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ ចំពោះវត្ថុតាងម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីដោះស្រាយតាមច្បាប់ ៕
ចែករំលែកព័តមាននេះ