ខេត្តកំពង់ធំ ៖ បុរសវ័យចំណាស់ម្នាក់ខឹងនឹងប្រពន្ធសុំលុយក៏បង្កជាជម្លោះយ៉ាងតឹងសរសៃរ.កដាក់គ្នា ប្តីក៏បានយកដុំថ្មវាយក្បាលប្រពន្ធបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ហេតុការណ៍បានកើតឡើងនៅក្នុងភូមិត្រណាល ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ឯក សួង ថេន អធិការនគរបាលស្រុកបារាយណ៍បានឲ្យកោះសន្តិភាពដឹងនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះថា ជនបង្កដែលត្រូវជាប្តីនេះឈ្មោះ ស ស៊ត អាយុ៤៧ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះដែលត្រូវជាប្រពន្ធមានឈ្មោះ វុធ មី អាយុ ៤៥ឆ្នាំ នៅភូមិឃុំជាមួយគ្នា ។
បើយោងតាមការបំភ្លឺពីសាច់ញាតិខាងប្រពន្ធបានឲ្យដឹងថា មុនពេលកើតហេតុនាវេលាម៉ោង២១និង០០នាទីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ស្ត្រីរងគ្រោះជាប្រពន្ទបានសុំលុយខ្លះពីប្តី ដើម្បីយកទៅចាយវាយទិញរបស់របរ តែត្រូវបានប្តីដែលជាជនសង្ស័យប្រាប់ថាគ្មានទេ ពេលនោះក៏កើតមានទំនាស់ពាក្យសំដីយ៉ាងតឹងសរសៃរ.កដាក់គ្នាធ្វើឲ្យបុរសជាប្តីទប់កំហឹងមិនបាន ក៏បានយកដុំថ្មវាយចំក្បាលប្រពន្ធ បណ្ដាលឲ្យរបួសធ្ងន់ ហើយក៏ត្រូវបានសាច់ញាតិជួយឃាត់បញ្ចប់រឿង រួចក៏នាំគ្នារុំរបួសឲ្យ លុះព្រឹកឡើងដោយស្ថានភាពរបួសប្រពន្ធមានសភាពធ្ងន់ធ្ងរ ហើយសាច់ញាតិក៏បានបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យខេត្តកំពង់ធំនៅវេលាម៉ោង០៧និង០០នាទីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ដោយសារតែអាការធ្ងន់ធ្ងរ លុះដល់វេលាម៉ោង១២និង០០នាទីថ្ងៃដដែល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅមន្ទីពេទ្យខេត្តកំពង់ធំតែម្ដង ។
ករណីអំពើហិង្សាខាងលើនេះបានបង្កឡើងដោយបុរសជាប្តីត្រូវបានសមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនជនបង្កជាប្តី នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ