ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក វ​ង្សី វិស្សុត ៖ កំណើនសេដ្ឋកិច្ច​ល្អ តែ​មិន​ត្រូវ​ត្រេកត្រអាល​ទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖​​​​​​ ​​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ រាជ​រដ្ឋាភិបាល​​សម្រេច​បាន​​តាម​ការ​គ្រោង​ទុក​នូវ​កំណើន​សេដ្ឋ​កិច្ច​ប្រចាំ​ឆ្នាំ​ក្នុងរង្វង់​៧%​​ប្រកប​ដោយ​បរិយា​​ប័ន្ន​ និង​សមធម៌​ ។​ ទោះ​​បីយ៉ាង​នេះ​​ក្ដី កម្ពុជា​​ក៏​​ប្រឈមហានិភ័យ​​មួយចំនួន​​​​ដែ​រ ហើយ​​ទៅ​​ថ្ងៃមុខ​ មិន​ដឹង​ថា…

រាជធានីភ្នំពេញ ៖​​​​​​ ​​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ រាជ​រដ្ឋាភិបាល​​សម្រេច​បាន​​តាម​ការ​គ្រោង​ទុក​នូវ​កំណើន​សេដ្ឋ​កិច្ច​ប្រចាំ​ឆ្នាំ​ក្នុងរង្វង់​៧%​​ប្រកប​ដោយ​បរិយា​​ប័ន្ន​ និង​សមធម៌​ ។​ ទោះ​​បីយ៉ាង​នេះ​​ក្ដី កម្ពុជា​​ក៏​​ប្រឈមហានិភ័យ​​មួយចំនួន​​​​ដែ​រ ហើយ​​ទៅ​​ថ្ងៃមុខ​ មិន​ដឹង​ថា កំណើន​​​នឹង​​នៅ​តែ​រឹង​មាំ​ក្នុង​​រង្វង់​៧%​ទៀត ​​ឬ​យ៉ាង​​​ណា ?

បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បញ្ជាក់​ជា​សាធារណៈ​ថា សេដ្ឋកិច្ច​កម្ពុជា​នៅតែមាន​​កំណើន​ល្អ និង​រឹងមាំ ប៉ុន្ដែមិន​​ត្រូវ​ត្រេក​ត្រអាល​ទេ ។ ជា​មួយ​គ្នា​នេះ កម្ពុជា​​ត្រូវ​​ដោះ​ស្រាយ​បញ្ហា​ច្រើន​ណាស់​ និង​ត្រូវ​​​គ្រប់​​គ្រង​រាល់​ហានិភ័យ​ដែល​អាច​កើត​​មាន​ឡើងជាយ​ថា​ហេតុ​ ។

ថ្លែង​ក្នុង​វេទិកាសាធារណៈ ស្ដីពី សេដ្ឋកិច្ច កម្ពុជា​ សមិទ្ធកម្ម និង​ទស្សនវិស័យ កាល​ពី​ពេល​ថ្មីៗនេះ លោក វង្សី វិស្សុត ​រដ្ឋលេខាធិការ​ ក្រសួង​​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ ​បាន​លើក​ឡើង​ថា េសដ្ឋកិច្ច​​របស់​​កម្ពុជា​នឹង​នៅ​តែ​បន្ដ​រឹង​មាំ​​ ប៉ុន្ដែ​កម្ពុជា​ត្រូវ​​ពង្រីក​ និង​បង្កើត​កម្លាំង​ចលករ​ថ្មី​ៗ​បន្ថែម​​​​ទៀត ពិសេស​​ការ​ធ្វើ​ទំនើប​កម្ម​នៃ​ក្បាល​​ម៉ាស៊ីន​សេដ្ឋកិច្ច​ឲ្យ​កាន់​តែ​មាន​​​តម្លៃ​​បន្ថែម​ខ្ពស់​ ដើម្បី​ឲ្យ​សេដ្ឋកិច្ច​មាន​​​ចលនា​រស់​រវើក និង​លូត​លាស់​ថែម​​ទៀត ព្រោះ​ថា​​ នៅ៥ទៅ១០​ឆ្នាំ​ខាងមុខ​ មិន​អាច​ថា​នៅ​តែ​រក្សា​កំណើន​៧%​ទៀត​​ឬ​យ៉ាងណា ?

លោក​ថ្លែង​យ៉ាង​ដូច្នេះថា​ ៖« ទៅថ្ងៃខាង​មុខ​ យើង​មិន​អាច​ថា​មូលដ្ឋាន​រឹងមាំ​​​របស់​យើង​ហ្នឹង នៅ​តែ​អាច​ទ្រ​ទ្រង់​កំណើន​៧%​ទៅមុខ​​ទៀត​ទេ ក្នុង​រយៈ​ពេល​៥ទៅ​១០​ឆ្នាំ​ខាង​​មុខទៀត​​ ។​​​ ដូច្នេះ ខ្ញុំ​ចង់​បញ្ជាក់​ថា កំណើន​ល្អ​ ហើយ​​រឹង​មាំ​ ប៉ុន្ដែយើង​មិន​ត្រូវ​ត្រេក​ត្រអាល​ទេ យើង​​ឃើញ​បញ្ហា យើង​ស្គាល់​​ចំណុច​ខ្សោយ​របស់យើង​ ហើយ​​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ច្រើន​ណាស់​ និង​​ត្រូវ​គ្រប់​គ្រង​​រាល់​ហានិភ័យ​ដែល​អាច​កើត​​​មាន​ឡើងជាយថាហេតុ​ ។ ដូច្នេះ ទីមួយ ​យើង​ត្រូវ​តែ​គិត​ពី​ការ​កែទម្រង់​រចនាសម្ព័ន្ធ​ កសាង​មូលដ្ឋាន​មួយ​ដែល​​ទ្រ​ទ្រង់​ និង​ត្រូវ​បង្កើត​កម្លាំង​​ចលករ​ទាញកម្លាំង​សេដ្ឋកិច្ច​ឲ្យ​បាន​ច្រើន​​ ដូចជា ធ្វើ​ទំនើប​កម្ម​នៃ​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​សព្វ​ថ្ងៃនេះ​​ឲ្យ​កាន់​តែ​មាន​​តម្លៃ​បន្ថែម​ខ្ពស់​ និង​កាន់​តែ​មាន​ពិពិធ​កម្ម​កើន​ឡើង ។ ទីពីរ​​ ​ក្ដាប់​ឲ្យ​ជាប់​នូវ​ឱកាស​សេដ្ឋកិច្ច​​របស់​ខ្លួន​ដើម្បី​ពង្រីក​ និង​បង្កើត​​កម្លាំង​ចលករ​ថ្មីៗ​បន្ថែ​ម​ទៀត ដែល​ដឹក​មុខ​​ដោយ​វិស័យ​​ឯក​ជន​​​ និង​ទីបី​ ត្រូវ​​ដោះ​ស្រាយ​​បញ្ហា​​ Market failure​ (​បរិមាណ​ផលិតផល​ដែល​អ្នក​ប្រើ​ប្រាស់​​ត្រូវ​ការ មិន​សមាមាត្រ​នឹង​បរិមាណ​ផ្គត់​ផ្គង់​​)​ ដើម្បី​បង្កើត​កម្លាំង​ថ្មី​បន្ថែម​ទៀត​។ ដូច្នេះ ​រដ្ឋ​ត្រូវ​តែ​លូក​ដៃ​ដោះ​ស្រាយ​​បញ្ហា​នេះ ដើម្បី​ឲ្យ​សេដ្ឋ​កិច្ច​របស់​យើង​មាន​ចលនា​​​រស់​រវើក​ និង​លូត​លាស់​ឡើង » ។

លោក​ថា ៖ « ទៅថ្ងៃអនាគត កម្ពុជា​ត្រូវ​​ដោះ​ស្រាយ​បញ្ហាផលិតភាព ការ​បណ្ដុះ​បណ្ដាល​ធន​​ធាន​មនុស្ស ​និង​ក្រប​ខ័ណ្ឌ​បរិស្ថាន​ច្បាប់​​​ ដើម្បី​ជំរុញ​​កំណើន​សេដ្ឋកិច្ច​ជាតិ​​បន្ថែម​ទៀត ក៏​ដូចជា​ធានា​ប្រាក់​ចំណូល​​សម្រាប់​ទ្រ​ទ្រង់​ថវិកា​ជាតិ​ ពិសេស​គឺ​ការ​​​កសាង​ស្ថាប័ន​ឲ្យ​បាន​រឹង​មាំ​តាម​រយៈ​ការ​កែ​​ទម្រង់​ស៊ីជម្រៅ​​ » ។
​យោង​តាម​ឯក​សារ​​​ក្រប​ខ័ណ្ឌ​គោល​នយោ​បាយ​​ម៉ាក្រូ​សេដ្ឋកិច្ច និង​គោល​នយោបាយ​ហិរញ្ញ​វត​្ថុ​សាធារណៈ សម្រាប់​ការ​រៀប​ចំ​សេចក្ដី​ព្រាង​​​​ច្បាប់​ ស្ដីពី​ ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​​ឆ្នាំ​២០១៩​ បាន​​បង្ហាញ​​ថា ការ​បន្ត​រឹត​បន្តឹង​​គោល​នយោបាយ​រូបិយ​វត្ថុ​ន​ៃ​ប្រទេស​​​អភិវឌ្ឍន៍​, ​ភាព​មិន​ប្រាកដ​​ប្រជា​នៃ​ផល​ប៉ះ​ពាល់​ពី​ការ​ចាក​​​ចេញ​របស​់​​អង់​​គ្លេស​ពី​សហភាព​អឺរ៉ុប​, ភាព​មិន​​​ប្រាកដ​​​​ប្រជា​​នៃ​គោល​នយោបាយ​ពាណិជ្ជ​កម្ម​​​​​របស់​​អាមេរិក,​ កំណើន​ឆាប់​រហ័ស​នៃ​​ឥណ​​​ទាន​​​​ក្នុង​​ប្រទេស​ចិន,​ ការ​បន្ត​និន្នាការ​​នៃ​គោល​​​នយោ​បាយ​គាំពារ​​​និយម​ និង​បញ្ហា​ដែល​​​ពាក់​ព័ន្ធ​នឹង​ភូមិ​សាស្ត្រ​​នយោ​បាយ,​ ភេរវ​​កម្ម​ និង​សន្តិ​សុខ​​ជា​សកល​ គឺ​ជា​ហានិភ័យ​ដែល​រារាំង​ដល់​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​​រប​ស់កម្ពុជា ។

ជា​មួយ​គ្នា​នេះ ​កម្ពុជា​ខ្លួន​ឯង ក៏​ជួប​នឹង​បញ្ហា​ប្រឈម​ និង​ហានិ​ភ័យ​ក្នុង​ស្រុក​មួយ​ចំនួន​ដែរ​​ដូចជា ថ្លៃ​អគ្គិសនី​​​នៅ​មាន​កម្រិត​ខ្ពស់​​ និង​ការ​ផ្គត់​ផ្គង់​នៅ​មិន​ទាន់​មាន​ស្ថិរ​ភាព​​​, ភាព​នៅ​ទន់​​​ខ្សោយ​នៃ​ប្រព័ន្ធ​ដឹក​ជញ្ជូន​​ និង​ឡូជី​ស្ទិក, ផលិត​​ភាព​ពល​កម្ម​ទាប​ និង​កង្វះ​ពល​កម្ម​ជំនាញ, នីតិវិធី​ស្មុគ​​​​ស្មាញ​ និង​កម្រៃ​សេវា​ក្រៅ​ផ្លូវ​ការ​ខ្ពស់​​​សម្រាប់​​​ការ​​ធ្វើ​ធុរកិច្ច​​​, កម្រិត​ខ្ពស់​នៃ​ថ្លៃ​ម្ហូប​​​​​អាហារ​​​នៅ​កម្ពុជា​ និង​​​កំណើន​​ឆាប់​រហ័ស​​​នៃ​ឥណ​ទាន​​ធនាគារ​​ក្នុង​វិស័យ​ពាក់​ព័ន្ធ​​នឹង​​​អចលន​ទ្រព្យ​​​ ជាដើម ។

ទោះ​បី​យ៉ាង​នេះក្ដី សម្រាប់​រយៈ​ពេល​៥​ឆ្នាំ​ខាងមុខ កម្ពុជា​នឹង​បោះ​ជំហាន​ទៅ​ដំណាក់​កាល​ថ្មី​មួយ​​​ទៀត​ ដែល​វិស័យ​ឧស្សាហ​កម្ម និង​បច្ចេក​វិទ្យា​កាន់តែ​ដើរ​តួនាទី​សំខាន់​ក្នុង​យុទ្ធសាស្ត្រ​កំណើន​​ថ្មី​របស់​ជាតិ​ ក្នុង​បរិការណ៍​ដែល​ភាព​ប្រកួត​ប្រជែង​ក្នុង​តំបន់​ និង​​ពិភព​លោក​ កាន់ត​ែ​ស្រួច​​​​ស្រាល់ ។ ដើម្បី​​បន្ត​សម្រេច​បាន​​កំណើន​រឹងមាំ​ក្នុង​រង្វង់​៧% ប្រកប​ដោយ​ចីរភាព​, បរិយា​ប័ន្ន​ និង​ធន់​នឹង​វិបត្តិ​ កម្ពុជា​ចាំបាច់​ត្រូវ​បន្ត​​​​អនុវត្ត​គោល​​នយោ​បាយ​ និង​វិធាន​ការគន្លឹះ​​មុត​​ស្រួច​មួយ​ចំនួន​ប្រកប​ដោយ​​ឆន្ទៈ​នយោ​បាយ​ខ្ពស់​ សំដៅ​ដោះ​​ស្រាយ​បញ្ហា​ប្រឈម​ និង​បញ្ចៀស​នូវ​ហានិ​ភ័យ​ទាំង​ឡាយ​ជាយ​​ថាហេតុ​ និងបន្ត​កែ​ទម្រង់​តាម​កម្ម​វិធី​នយោ​បាយ​ និង​យុទ្ធ​សាស្ត្រ​​ ក្រោម​គោល​ការណ៍​ «បន្ត​រក្សា​សមិទ្ធ​ផល​ចាស់ បង្កើត​សមិទ្ធ​ផល​ថ្មី» ។

គួរ​បញ្ជាក់​ថា កម្ពុជា​​បាន​ឆ្លង​ផុត​ពី​ឋានៈ​​ប្រទេស​មាន​ចំណូល​ទាប​ ទៅ​ជា​ប្រទេស​មានចំណូល​មធ្យម​កម្រិត​ទាប​ជា​ផ្លូវ​ការ​​ក្នុងឆ្នាំ​២០១៥​ ព្រម​ទាំង​ត្រូវ​បាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ចាត់​ទុក​​ថា​ជា «ខ្លា​​សេដ្ឋ​កិច្ច​ថ្មី​នៅ​អាស៊ី» ក្នុង​​​ឆ្នាំ​២០១៦ ។​ តាម​រយៈ​តួលេខ​របស់​ធនាគារ​ពិភព​​លោក​​​បាន​បង្ហាញ​ថា​ ភាព​គ្មាន​ការងារ​ធ្វើ​នៅ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​អត្រា​០,៣%​ និង​ភាព​ក្រី​ក្រ​តោក​យ៉ាក​ត្រូវ​បាន​លុប​បំបាត់​ចោល​​​​​ទាំង​​ស្រុង​ក្នុង​​ឆ្នាំ​២០១៧ ។​ ទន្ទឹម​នេះ​ ប្រាក់​​ចំណូល​​របស់​ប្រជាជន​ ក៏​មាន​ការ​កើន​ឡើង​ផង​​​ដែរ​ ដោយ​ផ.ស.ស ក្នុង​មនុស្ស​ម្នាក់​កើន​ពី​១.០៤២​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៣​ ដល់​ប្រមាណ​​​១.៤២៧​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៧​ និង​១.៥៦៣​ដុល្លារ​​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ