ខេត្តក្រចេះ ៖ អាជ្ញាធរស្រុកព្រែកប្រសព្វបានអះអាងថា ក្រុមមន្ត្រីកំពុងតែបន្តការរុករកគ្រឿងចក្ររបស់ក្រុមជនល្មើស ដែលលួចធ្វើសកម្មភាពឈូសឆាយរំលោភយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់ ខណៈដីព្រៃជាច្រើនហិកតា នៅតាមតំបន់មួយចំនួនក្នុងស្រុកសំបូរ និងស្រុកព្រែកប្រសព្វ ក្បែរព្រំប្រទល់ព្រៃឡង់ កំពុងរងការឈូសឆាយយ៉ាងរង្គាល ។
នាយផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វលោក ប៊ួយ រតនា បានបញ្ជាក់ឱ្យដឹងថា គ្រឿងចក្រមួយគ្រឿង ត្រូវបានក្រុមមន្ត្រីចម្រុះបង្ក្រាបនៅពេលកំពុងឈូសឆាយដីព្រៃមួយកន្លែងនៅក្នុងភូមិសាស្ត្រឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ កាលពីថ្ងៃទី៣០ មីនា ។ ក្រោយពីការចាប់ឃាត់យកមករក្សាទុក អាជ្ញាធរក៏បន្តស្រាវជ្រាវរកម្ចាស់រក ដើម្បីមានវិធានការតាមផ្លូវច្បាប់ ជុំវិញករណីទន្ទ្រានយកដីព្រៃខុសច្បាប់នេះ ។
សេចក្តីរាយការណ៍ពីពលរដ្ឋនៅស្រុកព្រែកប្រសព្វបានឲ្យដឹងថា ដីព្រៃនៅតំបន់ជាប់ព្រៃឡង់សព្វថ្ងៃកំពុងរងការកាប់បំផ្លាញឥតឈប់ឈរយកដីជាច្រើនហិកតា និងរាប់សិបហិកតាទៀតត្រូវបានកាប់អារយកឈើ។ ជុំវិញការលើកឡើងនេះ ក្រុមអាជ្ញាធរបានបញ្ជាក់តបថា អាជ្ញាធរមានការស្មុគស្មាញលើការគ្រប់គ្រងដីព្រៃនៅតំបន់នោះដោយសារនៅចំណុចខ្លះត្រូវបានវាស់វែង និងខ្លះមិនទាន់វាស់វែង ឯខ្លះទៀតជា ដីព្រៃតែត្រូវក្រុមជនទុច្ចរិតចូលទៅកាប់ឆ្ការរំលោភយក ។
ពលរដ្ឋមានការសោកស្តាយ និងព្រួយបារម្ភពីវិនាសកម្មព្រៃនៅតំបន់នោះ គឺពិតជាវិនាសក្នុងពេលដ៏ខ្លីខាងមុខនេះ ប្រសិនបើអាជ្ញាធរមិនមានវិធានការទប់ស្កាត់សកម្មភាពឱ្យបានខ្លាំងក្លាទេនោះ ។ ពលរដ្ឋថា សព្វថ្ងៃពួកគាត់ទទួលបានប្រយោជន៍ពីព្រៃនៅតំបន់នោះជាច្រើនតាមរបរជាលក្ខណៈគ្រួសារ ។ ម្យ៉ាងទៀតព្រៃនៅតំបន់នោះ មានតំបន់ខ្លះជាព្រៃអភិរក្សតែត្រូវរងការរំលោភបំពានពីឈ្មួញដី និងឈ្មួញឈើ ។ ពលរដ្ឋនៅតំបន់នោះបានកត់សម្គាល់ថាឈ្មួញឈើ និងឈ្មួញដីដែលបានចូលទៅកាប់ ឈើ និងកាប់ទន្ទ្រានយកដី គឺសុទ្ធតែអ្នកមានអំណាច ដោយសកម្មភាពគឺកាប់ឆ្ការសុទ្ធតែប្រើប្រាស់គ្រឿងចក្រធំៗ ។ បើទោះបីជាមានការបង្ក្រាបពីសំណាក់អាជ្ញាធរជាញឹកញាប់យ៉ាងណាក្តី ក៏សកម្មភាពនោះហាក់ដូចជាមិនថមថយឡើយ។
ជុំវិញការលើកឡើងនូវក្តីបារម្ភពីវិនាសកម្មព្រៃឈើនៅតំបន់ជាប់ព្រំប្រទល់ព្រៃឡង់នេះ កោះសន្តិភាពមិនអាចទំនាក់ទំនង់សុំការបំភ្លឺបានទេពីលោក សេក ប៊ុនហេង អភិបាលស្រុកព្រែកប្រសព្វនៅថ្ងៃទី១ មេសា ដោយសារលោកមិនលើកទូរស័ព្ទ ៕
ចែករំលែកព័តមាននេះ