រាជធានីភ្នំពេញ ៖ ក្នុងជំនួបជាមួយនឹងថ្នាក់ដឹកនាំក្រសួងការបរទេសកម្ពុជា ឯកឧត្ដម Kentaro Sonoura ទីប្រឹក្សានាយករដ្ឋមន្ដ្រីជប៉ុនបានថ្លែងថា រដ្ឋាភិបាលជប៉ុនបានយកចិត្តទុកដាក់ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការជាមិត្តភាពជាមួយកម្ពុជា ហើយជប៉ុននឹងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ ។
លោកបានលើកឡើងថា ជប៉ុនក៏បានត្រៀមរៀបចំខួបលើកទី៦០ នៃទំនាក់ទំនងការទូតនេះ និងដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសជប៉ុនកាន់កម្ពុជាដែរ ។ លោកបានលើកឡើងទៀតថា ៖ កិច្ចសហប្រតិបត្តិការនេះក្នុងក្របខណ្ឌមេគង្គ-ជប៉ុន ។ វត្តមានរបស់លោកនៅពេលនេះ ដើម្បីចូលរួមសិក្ខាសាលាស្តីពីមេគង្គ-ជប៉ុននៅកម្ពុជា ។ លោកថា រដ្ឋាភិបានជប៉ុននឹងបន្តបណ្តុះបណ្តាលផ្នែកសមត្ថភាពធនជានមនុស្សកម្លាំងមួកខៀវកម្ពុជា ។ តាមសំណូមពររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការជួយដល់សកម្មភាពមីន តំបន់អាស៊ាននៅកម្ពុជាពេលនេះ កំពុងពិចារណាក្នុងផ្តល់ជំនួយ ។ លោកបានលើកឡើងថា រដ្ឋាភិបាលជប៉ុនគោរពនូវការសម្រេចរបស់កម្ពុជា និង «មិនមានការជ្រៀតជ្រែកណាមួយលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ» ។ ជប៉ុនមានគោលបំណងចង់ឃើញកម្ពុជាមានទំនាក់ទំនងល្អជាមួយសហគមន៍អន្តរជាតិ និងឃើញកម្ពុជាមានសន្តិភាព ស្ថេរភាព ការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបថា លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកកេន តារ៉ូ សូនូរ៉ា (Kentaro Sonoura) មកកាន់ប្រទេសកម្ពុជានៅពេលនេះ នឹងរួមចំណែកបន្ថែមទៀតក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ។ លោកទេសរដ្ឋមន្ត្រីបានលើកឡើងថា លោកបានរំលឹកពីជួបរវាងលោកនឹងអនុរដ្ឋមន្ត្រីការបរទេសជប៉ុន នៅកម្ពុជា កាលពីពេលថ្មីៗនេះ ដែលបានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (កម្ពុជា-ជប៉ុន) លើគ្រប់វិស័យ ។
លោកបន្តថា៖ «ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អទាំងក្នុងក្របខណ្ឌទ្វេភាគី ទាំងក្របខណ្ឌក្នុងតំបន់ និងពហុភាគី » ។ លោកទេសរដ្ឋមន្ត្រីបានថ្លែងទៀតថា នៅឆ្នាំ២០១៨នេះជា ខួបគម្រប់៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងជប៉ុន ។ ក្រសួងការបរទេសកម្ពុជាបានត្រៀមទទួលនូវដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសជប៉ុនមកកាន់ប្រទេសកម្ពុជា នៅខែមេសា ២០១៨ខាងមុខនេះ ។ ដំណើរទស្សនកិច្ចនេះក៏នឹងពង្រីកកិច្ចទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ។
លោកទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុនក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាដែលជប៉ុនបានជួយឧបត្ថម្ភក្នុងពេលកន្លង ដើម្បីស្វែងរកសន្តិភាពនៅកម្ពុជា ។ បន្ទាប់មកដំណើរស្តារ និងអភិវឌ្ឍរហូតមកដល់ពេលបច្ចុប្បន្ននេះ ។ លោកបញ្ជាក់ថាជំនួយរបស់ជប៉ុនបានរួមចំណែកក្នុងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ។ លោកទេសរដ្ឋមន្ត្រីបានថ្លែងថា ជប៉ុនបានជួយដល់វិស័យការពារជាតិកម្ពុជាក្នុងនោះការបណ្តុះបណ្តាលកងកម្លាំងមួកខៀវកម្ពុជា សម្រាប់ចូលរួមបេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ជួយដល់ការដោះមីន បោសសំអាតកាកសំណល់គ្រឿងផ្ទុះនៅកម្ពុជា ។
លោកទេសរដ្ឋមន្ត្រីបានលើកឡើងពីសភាពការណ៍នៅកម្ពុជា ចំណាត់ការណ៍របស់ស្ថាប័ននីតិប្បញ្ញតិក៏ដូចតុលាការ ចំពោះគណបក្សប្រឆាំង លោក កឹម សុខា និងអ្នកនយោបាយ១១៨រូប របស់គណបក្សប្រឆាំងផ្អែកលើអង្គហេតុ និងអង្គច្បាប់យ៉ាងត្រឹមត្រូវរបស់ព្រះរាជាណាចក្រកម្ពុជា ។ លោកបន្ថែមថា ៖ «នោះ គឺសំដៅលើការពង្រឹងនីតិរដ្ឋនៅកម្ពុជា សំដៅរក្សាឯករាជ្យ អធិបតេយ្យភាព ប្រឆាំងនឹងការជ្រៀតជ្រែតពីបរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា» ៕
ចែករំលែកព័តមាននេះ