រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងបញ្ជាក់នៅចំពោះមុខបងប្អូនខ្មែររស់នៅក្រៅប្រទេសថា សម្តេចគ្មានបរទេសណាមួយហ៊ានមកលូនដៃស្នើឲ្យសម្តេចចរចាជាមួយអតីតមេដឹកនាំគណបក្សប្រឆាំងទេ ជាពិសេសគឺសម្តេចមិនចរចាជាមួយអ្នកដែលបានដុតរូបសម្តេចកន្លងមកនោះទេ។
មានប្រសាសន៍ទៅកាន់បងប្អូនខ្មែរមកពីប្រទេសញ៉ូវហ្សេឡែន និងប្រទេសអូស្ត្រាលី ជាង ៦០០ នាក់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ទីកន្លែងដែលសម្តេចដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំកំពូលពិសេសនៃថ្នាក់ដឹកនាំអាស៊ាន-អូស្ត្រាលី នាថ្ងៃទី ១៧ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លោក សម រង្ស៊ី នៅតែជាប់ពាក់ព័ន្ធផ្លូវតុលាការ ទើបគ្មានសិទ្ធិមកចរចា ដើម្បីរួបរួមជាមួយសម្តេចនោះទេ ។
សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់យ៉ាងច្បាស់ថា ៖ «គេចង់ចរចាជាមួយខ្ញុំ ប៉ុន្តែបែរជាគេដុតរូបខ្ញុំ។ ឥឡូវតើប្រទេសណាហ៊ានមកនិយាយជាមួយខ្ញុំថា គួរតែចរចាគ្នាទៅ ។ ខ្ញុំគ្រាន់តែប្រើតែមួយម៉ាត់ទេ «ខ្ញុំថា ចរចាអី បើកំពុងតែដុតរូបខ្ញុំ» ។ ប៉ុណ្ណឹងចប់ហើយ ព្រោះលោកឯងកំពុងតែវ៉ៃខ្ញុំ សង្គ្រាមបើគេកំពុងវ៉ៃគ្នាហើយ គេអត់ចរចាទេ ។ ហើយម្យ៉ាងទៀតអ្នកឯង មិនសាកសមនឹងការចរចាជាមួយខ្ញុំម្តង។ ដោយសារម្យ៉ាងអ្នកឯង អ្នកទោសតើ» ។
យ៉ាងណាមិញ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចគឺចូលចិត្តការចរចានយោបាយជានិច្ច ជាមួយបណ្តាគណបក្សនានាដែលនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកសភាសម្រាប់ឆ្នាំ២០១៨ ខាងមុខនេះជានិច្ច ហើយធ្វើកិច្ចសន្យាខាងនយោបាយសម្រាប់យុទ្ធនាការបោះឆ្នោត និងការទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ។
សម្តេចតេជោ មានប្រសាសន៍បញ្ជាក់ថា ៖ «ក៏ប៉ុន្តែអ្នកដែលទាក់ទងនឹងផ្លូវច្បាប់ ខ្ញុំមិនអាចចរចាជាមួយទេ ហើយកាន់តែមិនចរចាជាមួយអ្នកដែលដុតរូបខ្ញុំ និងក្រុមអ្នកដែលដុតរូបខ្ញុំ» ។ អ្នកដែលបញ្ឆេះឲ្យដុតរូបខ្ញុំ គឺជាអ្នកវ៉ៃក្តារមឈ្ឈូខ្លួនឯងទេ ធ្វើអត្តឃាតខ្លួនឯងទេ»។ សម្តេចបន្ថែមថា អ្នកទាំងនោះដឹងច្បាស់ហើយថា ហ៊ុន សែន កាន់កូនសោគន្លឹះ ហេតុអីបានជាមកញុះញ៉ង់ឲ្យដុតរូបរបស់សម្តេចទៅវិញ បានន័យថា សម្តេចចង់បញ្ជួនសារត្រឡប់ទៅវិញថា អ្នកឯងធ្វើខុសហើយ បើចង់ចរចាអ្នកត្រូវតែថ្នាក់ថ្នម។
សម្តេចបានអះអាងថា សម្តេចបានប្រាប់ទៅនាយករដ្ឋមន្ត្រីអូស្ត្រាលីឲ្យបានដឹងការពិតថា នៅស្រុកខ្មែរគ្មានទេ «អ្នកទោសនយោបាយ» គឺមានតែអ្នកនយោបាយប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌតែប៉ុណ្ណោះ។ សូមបញ្ជាក់ថា សម្តេចតេជោ បានដឹកនាំគណៈប្រតិភូកម្ពុជាចាកចេញពីកម្ពុជាកាលពីរសៀលថ្ងៃទី ១៥ ខែមីនា ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់ថ្នាក់ដឹកនាំអាស៊ាន-អូស្ត្រាលី ទីកន្លែងដែលសម្តេចបានចំអកឲ្យទៅអ្នកដែលធ្វើបាតុកម្មប្រឆាំងវត្តមានរបស់សម្តេចលើទឹកដីអូស្ត្រាលីថា មានចំនួនភាគរយតិចបំផុត បើធៀបជាមួយនឹងអ្នករស់នៅក្រៅប្រទេសដែលបានទៅទទួលស្វាគមន៍ និងគាំទ្រវត្តមានសម្តេចនៅលើទឹកដីអូស្ត្រាលីនោះ ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា «ខ្ញុំជិះឡានដាក់ទង់ជាតិខ្មែរ ។ ខ្ញុំមកនេះ មិនមែនគេមកទទួល ហ៊ុន សែន ជាឯកជនទេ ក៏ប៉ុន្តែ …ដឹងច្បាស់ហើយថា ហ៊ុន សែន ជិះឡានដាក់ទង់ជាតិ [ខ្មែរ] យ៉ាងច្បាស់ ដូច្នេះទទួល ហ៊ុន សែន គឺទទួលជាតិរបស់ខ្លួនតែប៉ុណ្ណោះ។
សម្តេចបន្ថែមថា៖ «ឯអ្នកដែលធ្វើបាតុកម្ម ប្រឆាំង ហ៊ុន សែន ក៏ជាការធ្វើបាតុកម្មប្រឆាំងជាតិដែរ ព្រោះ ហ៊ុន សែន ជិះឡានដាក់ទង់ជាតិខ្មែរ » ។ ប៉ុន្តែសម្តេចបន្ថែមថា អ្វីដែលគួរតែពិចារណា និងគួរតែនិយាយគ្នាឱ្យច្បាស់មើលថា តើប៉ុន្មានភាគរយ ប៉ុន្មាននាក់ធ្វើបាតុកម្មប្រឆាំង ហ៊ុន សែន គឺថា អ្នកធ្វើបាតុកម្មប្រមាណ១០% នៃអ្នកទទួលជួបសម្តេច។ តវ៉ាប្រមាណ១០០ នាក់ កាលពីថ្ងៃទី ១៧ ហើយក៏មានប្រមាណ ១៥០ នាក់កាលពីថ្ងៃទី ១៦ ខែមីនា ខណៈការជួបជុំជាមួយអ្នកគាំទ្រសម្តេចមួយលើកៗ គឺជាង ៦០០ ឬ ៨០០នាក់ឯណោះ៕
ចែករំលែកព័តមាននេះ