ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្យូង​អនាម័យ​មាន​ទីផ្សារ​ទាំង​ក្នុងស្រុក និង​នាំ​ចេញ ខណៈ​ការ​ផលិត​នៅ​តិចតួច

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​ទទួលស្គាល់ និង​លើកទឹកចិត្ត​ឲ្យ​មានការ​ផលិត​ធ្យូង​អនាម័យ​យ៉ាង​ខ្លាំង ដើម្បី​រួមចំណែក​ថែរក្សា​បរិស្ថាន ធម្មជាតិ និង​ត្រូវ​បាន​ចាត់​ទុកជា​ឧស្សាហកម្ម​បៃតង និង​ថាមពលបៃតង ។ បច្ចុប្បន្ន…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​ទទួលស្គាល់ និង​លើកទឹកចិត្ត​ឲ្យ​មានការ​ផលិត​ធ្យូង​អនាម័យ​យ៉ាង​ខ្លាំង ដើម្បី​រួមចំណែក​ថែរក្សា​បរិស្ថាន ធម្មជាតិ និង​ត្រូវ​បាន​ចាត់​ទុកជា​ឧស្សាហកម្ម​បៃតង និង​ថាមពលបៃតង ។ បច្ចុប្បន្ន បើ​ទោះបីជា​ផលិតផល​មួយ​នេះ​កំពុង​មានការ​គាំទ្រ​ពី​អ្នក​ប្រើប្រាស់​ក្នុងស្រុក និង​មានឱកាស​នាំ​ចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស​ក្ដី ប៉ុន្ដែ​ទំហំ​នៃ​ការ​ផលិត និង​ការ​ចូលរួម​ពី​ផលិតករ នៅ​មាន​កម្រិត​នៅ​ឡើយ ។

លោក អេ​ង ឃ័ង អ្នកគ្រប់គ្រង​ក្នុង​សិប្បកម្ម​ធ្យូង​អនាម័យ (Clean Charcoal) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រាប់​កោះសន្តិភាព​ថា សិប្បកម្ម​ធ្យូង​អនាម័យ​របស់​លោក​បាន​ចាប់ផ្ដើម​ដំណើរការ​ប្រហែល​ជាង​១០​ឆ្នាំ​មក​ហើយ ដោយ​កន្លង​មក ក៏​ធ្លាប់​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ដែរ តែ​ដោយសារ​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​កើនឡើង ទើប​សិប្បកម្ម​លោក​មិន​អាច​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ដូច​មុន​ទៀត ។

លោក​ថា ៖« ប៉ុន្មាន​ឆ្នាំ​មុន ខាង​សិប្បកម្ម យើង​បាន​នាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន និង​ចិន ប៉ុន្តែ​ឥឡូវនេះ​មិន​បាន​នាំ​ចេញ​ទៀត​ទេ គឺ​បាន​ត្រឹមតែ​នៅ​រាជធានី​ភ្នំពេញ និង​តាម​ខេត្ត​មួយ​ចំនួន​ប៉ុណ្ណោះ ដោយសារ​តែ​ទំហំ​នៃ​សង្វា​ក់​ផលិតកម្ម​របស់​យើង​មាន​កម្រិត » ។

លោក​បន្ត​ថា ៖« បច្ចុប្បន្ន បងប្អូន​ខ្មែរ​យើង​មួយ​ចំនួន​ធំ​ចាប់ផ្តើម​ឲ្យ​តម្លៃ​លើ​ការ​ច្នៃប្រឌិត​របស់​កូន​ខ្មែរ​ដោយ​ផ្ទាល់ និង​យល់​ដឹង​ពី​ការ​ប្រើប្រាស់​របស់​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​នោះ ទើប​ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់​ធ្យូង​ទៅ​ក្រៅ​មិន​អាច​បន្ត​ទៅ​ទៀត ហើយ​ណាមួយ​វា​ពិបាក​រក​វត្ថុធាតុដើម​យក​មក​កែ​ច្នៃ ព្រោះ​ធ្យូង​អនាម័យ​នេះ​ធ្វើ​ពី​ត្រឡោក​ដូង និង​សំបក​ដូង​សឹងតែ​១០០% » ។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន សិប្បកម្ម​របស់​លោក​មាន​សមត្ថភាព​ផលិត​ធ្យូង​បាន​ចាប់ពី​៣​ទៅ​៤​តោន​ក្នុង​១​ថ្ងៃ និង​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​​មិន​ដែល​សល់​ទេ ដោយ​ក្នុង​១​គីឡូក្រាម តម្លៃ​ត្រឹមតែ​១.២០០​រៀល​តាម​ដេប៉ូ តែបើ​តាម​ហាង គឺ​អាច​បាន​១.៥០០​រៀល ទៅ​១.៧០០​រៀល​ក្នុង​១​គីឡូក្រាម ។

លោក​ពន្យល់​ថា ៖« ធ្យូង​អនាម័យ និង​ធ្យូង​ធម្មតា មាន​លក្ខណៈ​ខុស​គ្នា​ច្រើន​ដូច​ជា ធ្យូង​អនាម័យ​ពេល​ដុត​ទៅ គ្មាន​ផ្សែង អត់​ផ្ទុះ ឆេះ​ងំ​បាន​យូរ​ជាង​ធ្យូង​ធម្មតា​ប្រហែល​១​ទៅ​២​ម៉ោង ប៉ុន្តែ​កម្តៅភ្លើង​វិញ​មិនសូវ​ខ្លាំង​ដូច​ធ្យូង​ធម្មតា​ទេ ដោយសារ​ធ្យូង​នេះ​ជា​ប្រភេទ​កែ​ច្នៃ » ។

អ្នកគ្រប់គ្រង​សិប្បកម្ម​ធ្យូង​អនាម័យ​រូប​នេះ​បាន​បង្ហាញ​ពី​វិធី​ផលិត​ធ្យូង ដោយ​លោក​លើក​​ឡើង​ថា ដើម្បី​ចេញ​ជា​ធ្យូង​នេះ​បាន គឺ​មាន​ដំណាក់កាល​របស់​វា ។ ដំបូង យើង​ត្រូវ​យក​ត្រឡោក​ទៅ​ដុត​ឲ្យ​ក្លាយជា​ធ្យូង បន្ទាប់​មក​វាយ​ឲ្យ​ម៉ត់​ដូច​ម្សៅ រួច​ហើយ​ដាក់​ចូល​ទៅ​ក្នុង​ពុម្ព​ដែល​មាន​រាង​ដូច​ដុំ​ទឹកកក​អនាម័យ ក្រោយមក​ទៀត គឺ​យើង​យក​វា​ទៅ​ហាល​​ក្រោម​កម្តៅ​ព្រះអាទិត្យ​រយៈពេល​៣​ថ្ងៃ​ដើម្បី​ឲ្យ​វា​ស្ងួត​ល្អ ទើប​ចុង​ក្រោយ​ច្រក​ធ្យូង​ទាំងនោះ​ទៅ​ក្នុង​បាវ​ដែល​មាន​ទម្ងន់​២៥​គីឡូក្រាម ។

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ហេង សុខ​គង់ បាន​ថ្លែង​ថា មិន​ត្រឹមតែ​ប្រភេទ​ធ្យូង​ដែល​ផលិត​ចេញពី​ត្រឡោក​ដូង​ទេ​ដែល​រាជរដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់ និយាយ​រួម​ឲ្យ​តែ​ប្រភេទ​ឧស្សាហកម្ម​បៃតង គឺ​រាជរដ្ឋាភិបាល​បាន​លើកទឹកចិត្ត​ជា​និច្ច និង​បាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​អាស៊ាន ទាំង​ប្រភេទ​ឧស្សាហកម្ម​បៃតង និង​ថាមពលបៃតង ។

លោក​លើក​ឡើង​ដូច្នេះ​ថា ៖« រាល់​ប្រភេទ​ឧស្សាហកម្ម​បៃតង និង​ថាមពលបៃតង គឺ​រាជ​រដ្ឋាភិបាល​បាន​លើក​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​អាស៊ាន​រួច​មក​ហើយ​ដែរ » ។

លោក ហេង សុខ​គង់ បន្ត​ថា ប្រភេទ​ធ្យូង​អនាម័យ គឺ​ប្រជាពលរដ្ឋ​មួយ​ចំនួន​គាត់​បាន​ធ្វើ​វា​យូរ​មក​ហើយ ប៉ុន្តែ​គ្រាន់តែ​ថា បច្ចេកទេស​នៅ​ទាប តែ​ក៏​មាន​ក្រុមហ៊ុន​បរទេស​ជា​ច្រើន​ដែល​ផលិត​វា​ឡើង​ដោយ​ប្រើ​បច្ចេកទេស​ខ្ពស់ រហូត​ទទួលស្គាល់​ពី​រាជរដ្ឋាភិបាល ។

ដោយឡែក​កម្ពុជា​យើង ការ​ផលិត​ធ្យូង​អនាម័យ​នៅ​មាន​កម្រិត​ទាប​នៅឡើយ ។ អីចឹង បងប្អូន​ដែល​កំពុង​ផលិត​ធ្យូង​ពី​កូន​ឈើ អាច​ពិចារណា​បាន ព្រោះ​ប្រភេទ​ធ្យូង​អនាម័យ គឺ​មានឱកាស​ច្រើន​ក្នុង​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស ។

ការ​ធ្វើ​ធ្យូង​អនាម័យ​ដែល​ច្នៃ​ចេញពី​ត្រឡោក​ដូង ឬ​សំបក​ដូង ដែល​មិនមែន​ចេញពី​ព្រៃឈើ​ធម្មជាតិ គឺ​វា​ពិតជា​ប្រសើរ​ខ្លាំង​ណាស់ ជា​ពិសេស​បាន​ចូលរួម​ចំណែក​កាត់​បន្ថយ​ពី​ការ​កាប់​ព្រៃឈើ​ធម្មជាតិ​បាន​មួយ​កម្រិត​ទៀត ។

អនុប្រធាន​រដ្ឋបាល​ព្រៃឈើ លោក​បណ្ឌិត កែវ អ៊ូ​ម្លិះ ថ្លែងប្រាប់​កោះសន្តិភាព​ថា នេះ​ជា​អ្វី​ដែល​ប្រជាពលរដ្ឋ​យើង​គាត់​ត្រូវការ​ខ្លាំង​ណាស់ ព្រោះ​វា​បាន​ផ្ដល់​ប្រយោជន៍​ច្រើន​ពី​ការ​ប្រើប្រាស់​ធ្យូង​អនាម័យ ជា​ពិសេស​គឺ​ម្ចាស់​សិប្បកម្ម ឬ​ម្ចាស់​រោងចក្រ ដែល​ពួក​គាត់​មានគំនិត​ច្នៃប្រឌិត​បែប​នេះ ។ អីចឹង យើង​គួរតែ​ជំរុញ​ការងារ​មួយ​នេះ​ឲ្យ​បាន​ច្រើន ដើម្បី​​រួមចំណែក​កាត់​បន្ថយ​ព្រៃឈើ និង​ការពារ​បរិស្ថាន​នៅ​ស្រុក​យើង​ឲ្យ​កាន់តែ​ប្រសើរ។

លោក​ថា ៖« មិន​ត្រឹមតែ​ធ្យូង​អនាម័យ​ទេ​ដែល​ចូលរួម​ចំណែក​ការពារ​ព្រៃឈើ​នោះ គឺ​មាន​ការ​ប្រើប្រាស់​គ្រឿងអគ្គិសនី ឡ​ជីវៈឧស្ម័ន និង​ថាមពល​ផ្សេង​ៗ​ទៀត ដែល​ធ្វើ​ពី​កាក​សំណល់​នៅ​ជុំវិញ​ផ្ទះ​របស់​យើង ។ ប៉ុន្តែ​យ៉ាងណា ក៏​នៅ​មាន​សិប្បកម្ម​ដែល​ផលិត​ធ្យូង​ចេញពី​ឈើ​ធម្មជាតិ តែបើ​ពួក​គាត់​គ្មាន​មធ្យោបាយ​ផ្សេង​ក្នុង​ការ​បំពេញតម្រូវការ​ប្រើប្រាស់​ទេ សម្ពាធ​នៃ​ការ​កាប់​ឈើ​ធ្វើ​ធ្យូង​នៅ​តែ​មាន​លក្ខណៈ​មួយ​គួរ​ឲ្យ​បារម្ភ​បន្ត​ទៀត » ។

លោក កែវ អ៊ូ​ម្លិះ បាន​បន្ថែម​ថា រាល់​សិប្បកម្ម​ផលិត​ធ្យូង​ដទៃ​ទៀត ធ្វើ​យ៉ាងណា គួរតែ​ចាប់ផ្ដើម​ប្រើប្រាស់​ថាមពល​ក្រៅពី​ព្រៃឈើ​ដែល​ជា​សម្បត្តិ​ធម្មជាតិ ព្រោះ​តម្រូវការ​របស់​​យើង​មានការ​កើនឡើង ជា​ហេតុ​ធ្វើ​ឲ្យ​បាត់បង់​ព្រៃឈើ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ក្រសួង​តែងតែ​ជំរុញ​រាល់​ការ​ប្រើប្រាស់​នូវ​ឡ​ឧស្ម័ន​ផ្សេង​ៗ ហើយ​ក៏​ទទួល​បាន​លទ្ធផល​ជោគជ័យ​ស្ទើរ​គ្រប់​ប្រទេស​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ