រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន បានបញ្ជាក់ថា គណបក្សនេះនឹងធ្វើសមាជ ដើម្បីធ្វើវិសោធនកម្មកែប្រែប្រការមួយចំនួននៃលក្ខន្តិកៈបក្សនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ។
យោងតាមសេចក្តីជូនដំណឹងរបស់គណបក្សដាក់ចូលទៅកាន់ក្រសួងមហាផ្ទៃបញ្ជាក់ពីការធ្វើសមាជវិសាមញ្ញរបស់ខ្លួន ដែលមានអ្នកចូលរួមប្រមាណ៦០នាក់ ។
សូមបញ្ជាក់ថា គណបក្សភ្លើងទៀនបានប្តូរឈ្មោះពីគណបក្សសម រង្ស៊ីកាលពីថ្មីៗនេះដោយសមាជវិសាមញ្ញរបស់ខ្លួននៅពេលដែលច្បាប់បោះឆ្នោតថ្មីបានហាមឃាត់មិនឲ្យគណបក្សនយោបាយប្រើប្រាស់ឈ្មោះ បុគ្គលដាក់ឈ្មោះបក្ស ។ បក្សនេះមុនពេលក្លាយទៅបក្សភ្លើងទៀន នៅជាបក្សសមរង្ស៊ីដឹកនាំដោយលោក គង់ គាំ បន្ទាប់ពីគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានរួមគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិ ។
លោកទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនបានជម្រាបសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា សមាជនេះចាប់ផ្តើមពីម៉ោង៩ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅស្នាក់ការកណ្តាលគណបក្សផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ