ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​9​ថ្ងៃ រក​ឃើញ​រថយន្ដ​ខុស​បច្ចេកទេស​ជាង​3,4​ម៉ឺន​គ្រឿង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន រួម​នឹង​ស្ថាប័ន​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​រក​ឃើញ​រថយន្ដ​មាន​លក្ខណៈ​ខុស​បច្ចេកទេស ដែល​កំណត់​ដោយ​ច្បាប់​នៅ​ទូ​ទាំង​ប្រទេស មាន​ចំនួន​៣៤.៩០២​គ្រឿង ។ នេះ​បើ​យោង​តាម​ការ​អះអាង​ពី​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន រួម​នឹង​ស្ថាប័ន​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​រក​ឃើញ​រថយន្ដ​មាន​លក្ខណៈ​ខុស​បច្ចេកទេស ដែល​កំណត់​ដោយ​ច្បាប់​នៅ​ទូ​ទាំង​ប្រទេស មាន​ចំនួន​៣៤.៩០២​គ្រឿង ។ នេះ​បើ​យោង​តាម​ការ​អះអាង​ពី​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

ចំណាត់ការ​ក្ដៅ​គ​កុក​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ បាន​ប្រកាស​ដាក់​ចេញ​នូវ​វិធានការ​យ៉ាង​តឹងរ៉ឹង ឱ្យ​មានការ​ត្រួតពិនិត្យ​លើ​រថយន្ត​ដឹក​ជញ្ជូន ។

លោក វ៉ា ស៊ឹ​ម​សុរិយា មន្ត្រី​អ្នកនាំពាក្យ​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ ម្សិលមិញ​ថា ៖« តាម​របាយការណ៍​ទទួល​បាន​គិត​ត្រឹម​ថ្ងៃ​ទី​១៩ កុម្ភៈ យើង​បាន​ត្រួតពិនិត្យ​ឃើញ​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស និង​ដឹក​ជញ្ជូន​សំពីងសំពោង​ទាំង​តូច​ទាំង​ធំ បើកបរ​លើ​ដងផ្លូវ នៅ​ទូ​ទាំង​ប្រទេស​សរុប​ប្រមាណ​៣៤.៩០២​គ្រឿង ហើយ​កាត់​នៅ​នឹង​កន្លែង​មាន​ចំនួន​៤៦៧​គ្រឿង និង​ធ្វើការ​ឃាត់​ទុក​ចំនួន​៤៤៨​គ្រឿង​» ។

លោក​បញ្ជាក់​ថា ៖« ក្នុង​ចំណោម​រថយន្ត​ដែល​ក្រសួង និង​ស្ថាប័ន​ត្រួតពិនិត្យ​ឃើញ​មាន​លក្ខណៈ​ខុស​បច្ចេកទេស​ច្រើន​ជាងគេ គឺ​មាននៅ​ខេត្តកំពង់ចាម​, រាជធានី​ភ្នំពេញ​, កំពង់ធំ និង​ត្បូងឃ្មុំ » ។

តាម​មន្ត្រី​អ្នកនាំពាក្យ រថយន្ត​ត​ខុស​បច្ចេកទេស​ធ្វើការ​ដឹក​ជញ្ជូន​លើស​ទម្ងន់ វា​ធ្វើ​ឱ្យ​ខូច​ផ្លូវ តែ​ពេល​ខ្លះ វា​ដឹក​មិន​លើស​ទម្ងន់ តែ​វា​សំពីងសំពោង ពិបាក​ក្នុង​ពេល​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​ឬ​ពិបាក​បត់​នៅ​ត្រង់​ចំណុច​រង្វង់​មូល បើ​រថយន្ត​មាន​ប្រវែង​លើស​ពី​១៦ ឬ​១៦,៥​ម៉ែត្រ ។ លើស​ពី​នេះ ធ្វើ​ឱ្យ​ស្ទះ​ដល់​អ្នកដំណើរ​ផ្សេង​ទៀត និង​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ ។

លោក​បន្ត​ថា ៖« ទាក់ទង​នឹង​ការ​ត្រួតពិនិត្យ​ទៅ​លើ​រថយន្ត​បើកបរ​នៅ​លើ​ដងផ្លូវ​នេះ អត់​ទាន់​មានការ​កំណត់​ទេ គឺ​យើង​ធ្វើ​រហូត អត់​ទាន់​មាន​គោលការណ៍​ឱ្យ​ឈប់ ។ ប្រមុខ​រាជ​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​យុទ្ធនាការ តែ​ច្បាប់​ត្រូវ​តែ​ធ្វើ​រហូត គ្រាន់តែ​ថា យើង​បន្ថយ​ឬ​បង្កើន ផ្អែក​ទៅ​លើ​សិ្ថ​តិ​ដែល​ទទួល​បាន » ។

គួរ​រំឭក​ថា នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​ភ្ជាប់​ទឹកដី​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ កន្លង​ទៅ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​បាន​ព្រមាន​ធ្ងន់​ៗ​ថា ៖« ចាប់ពី​សូន្យ​ម៉ោង​យប់​ឆ្លង​ចូល​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨​តទៅ ឱ្យ​តែ​មាន​ឡាន​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស ត្រូវ​ចាប់​បញ្ចូល​ទ្រុង​ទាំងអស់ ពីព្រោះ​យានយន្ត​ទាំងនោះ​បាន​បំផ្លាញ​អាយុជីវិត​មនុស្ស និង​បំផ្លាញ​ផ្លូវថ្នល់​ដែល​យើង​រក​លុយ​ទាំង​លំបាក លុយ​ខ្លួនឯង​ផង លុយ​ខ្ចី​គេ​ផង​យក​មក​ធ្វើ​ផ្លូវ ហេតុ​អី​បានជា​មក​បំផ្លាញ​ផ្លូវ​ដើម្បី​ចំណេញ​ក្រុមហ៊ុន​មួយ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ