រាជធានីភ្នំពេញ ៖ បុរសម្នាក់ចេញពីផឹកស៊ីវិញស្រវឹងទោរទន់ បានជិះម៉ូតូបោះពួយក្នុងល្បឿនលឿនព្រមទាំងខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកនឹងគូទរថយន្តរបស់លោកអធិការរងខណ្ឌចំការមន ដែលចតតាមចិញ្ចើមផ្លូវ បណ្តាលឲ្យអ្នកជិះម៉ូតូ រងរបួសបាក់ដៃឆ្វេង សន្លប់ស្កូកស្តឹង កាលពីវេលាម៉ោង ១និង២៥នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ចំណុចផ្លូវ១៧៣ កែង និងផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។
ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ លោក យឹម ហួង អធិការរងខណ្ឌចំការមនទទួលបន្ទុកសន្តិសុខបានបើករថយន្ត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AR -៧៣៥៩ ធ្វើដំណើរតាមផ្លូវម៉ៅសេទុងក្នុងទិសដៅពីត្បូងទៅជើង គោលបំណងជិះល្បាតក្នុងមូលដ្ឋាន ខណៈមកដល់ចំណុចខាងលើ លោកអធិការរងបានឈប់រថយន្តអែបចិញ្ចើមផ្លូវ រួចហើយក៏បានចុះពីលើរថយន្តដើរទៅផ្លូវម្ខាងទៀត ស្របពេលនោះដែរស្រាប់តែមានបុរសម្នាក់អាយុ៣០ឆ្នាំ មិនដឹងថា ចេញពីផឹកស៊ីវិញនៅម្តុំណានោះទេ គឺបានជិះម៉ូតូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BE- ៨២៧៨ បានធ្វើដំណើរក្នុង ទិសដៅស្របគ្នា ព្រមទាំងលឿន និងខ្វះការប្រុងប្រយ័ត្នផងនោះបានជ្រុលទៅបុកចំស្តុបក្រោយ ចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យម៉ូតូដួលអូស៥០ម៉ែត្រ ធ្វើឲ្យអ្នកបើកម៉ូតូរងរបួសបាក់ដៃខាងឆ្វេងសន្លប់ស្តូកស្តឹង ភ្លាមៗនោះដែរជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបានមកដឹកយកទៅសង្គ្រោះនៅគ្លិនិក ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ ។
ដោយឡែកខាងរថយន្តវិញរងការខូចខាត បែកស្តុបក្រោយចំហៀងខាងឆ្វេងតែមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ រួចហើយក៍បានធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សារទុកនៅអធិការដ្ឋានខណ្ឌ ចំការមន ដើម្បីរង់ចាំធ្វើការដោះស្រាយ ៕
ចែករំលែកព័តមាននេះ