ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

KOICA​វិនិយោគ​2​លាន​ដុល្លារ​ពង្រឹងគុណភាព​ធនធានមនុស្ស​លើ​វិស័យ​កសិកម្ម

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កសិកម្ម គឺជា​វិស័យ​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ជាតិ​។ ដោយ​មើលឃើញ​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​នៅ​មាន​កម្រិត ទីភ្នាក់ងារ​អភិ​វឌ្ឍន៍​​ប្រទេស​កូរ៉េ ហៅ​កាត់​ថា KOICA បាន​អនុវត្ត​គម្រោង​មួយ​ដើម្បី​ជំរុញ​ធនធាន​មនុស្ស​​ខាង​វិស័យ​កសិកម្ម​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន ។…

រាជធានី​ភ្នំពេញ ៖ កសិកម្ម គឺជា​វិស័យ​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ជាតិ​។ ដោយ​មើលឃើញ​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​នៅ​មាន​កម្រិត ទីភ្នាក់ងារ​អភិ​វឌ្ឍន៍​​ប្រទេស​កូរ៉េ ហៅ​កាត់​ថា KOICA បាន​អនុវត្ត​គម្រោង​មួយ​ដើម្បី​ជំរុញ​ធនធាន​មនុស្ស​​ខាង​វិស័យ​កសិកម្ម​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន ។

គម្រោង​នេះ​មាន​រយៈពេល​៤​ឆ្នាំ ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​២​លាន​ដុល្លារ ដោយ​ចាប់ផ្តើម​អនុវត្ត​ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០១៩ និង​អនុវត្ត​នៅ​សាលា​ជាតិ​កសិកម្ម​កំពង់​ចាម។

តាម​រយៈ​អ្នកបកប្រែ លោក​សាស្ត្រាចារ្យ Lee Youn Su ប្រធាន​គម្រោង​លើកកម្ពស់​គុណភាព និង​នវានុវត្តន៍​សាលា​ជាតិ​កសិកម្ម​កំពង់ចាម បាន​ថ្លែង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ មក​រា នៅ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់​តា​ល់ ថា គម្រោង​នេះ​មាន​បំណង​ពង្រឹង​សមត្ថភាព​សាលា​ជាតិ​កសិកម្ម​កំពង់ចាម លើកកម្ពស់​ការ​អប់រំ​ដែល​មាន​ស្រាប់ និង​បង្កើត​ផែនការមេ​សម្រាប់​ការ​អភិវឌ្ឍ ។

លោក​ជឿ​ថា គម្រោង​នេះ​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព និង​បង្កើន​ការងារ​សម្រាប់​យុវជន តាម​រយៈ​ការ​ផ្តល់​បច្ចេកទេស និង​ចំណេះដឹង​ជាក់ស្តែង ។

លោក​បន្ថែម​ថា ៖« យើង​ត្រូវ​បង្កើត​ផែនការមេ​សម្រាប់​រយៈពេល​មធ្យម និង​រយៈពេល​វែង អីចឹង​យើង​ត្រូវ​ធ្វើការ​រៀបចំ ក៏​ដូច​ជា​ការ​គ្រប់គ្រង​មហាវិទ្យាល័យ ។ យើង​ត្រូវ​រៀបចំ​គម្រោងការ​អប់រំ​ទៅ​លើ​វិទ្យាសាស្ត្រ​កសិកម្ម និង​ការ​អភិវឌ្ឍ​កម្មវិធី​សិក្សា​ជាដើម ។

លើស​ពី​នេះ​ទៀត ក្នុង​ពេល​អនាគត យើង​ក៏​មាន​ផែនការ​បង្កើត​អាជីវកម្ម​កសិកម្ម​ផង​ដែរ» ។

លោក​បន្ត​ថា ដើម្បី​បង្កើន​សមត្ថភាព​សម្រាប់​វិស័យ​នេះ លោក​នឹង​អភិវឌ្ឍន៍​សៀវភៅ​សិក្សា បង្កើត​វគ្គ​សិក្សា​រយៈពេល​ខ្លី និង​វែង និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ហើយ KOICA ក៏​មាន​ផ្តល់​មន្ទីរពិសោធន៍ បរិក្ខារ និង​សម្ភារ​បង្រៀន​ផ្សេង​ៗ​ទៀត ។

លោក សួន សេរី នាយក​សាលា​ជាតិ​កសិកម្ម​កំពង់ចាម បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​នេះ​ថា ចាប់តាំងពី​ឆ្នាំ​២០១៣​មក សិស្ស​នៅ​សាលា​ជាតិ​កសិកម្ម​កំពង់ចាម​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង ជា​ពិសេស ថ្នាក់​បរិញ្ញាបត្រ ។ ការ​ធ្លាក់​ចុះ​នេះ ដោយសារ​កំណែ​ទម្រង់ការ​អប់រំ​របស់​រាជរដ្ឋាភិបាល និង​ការ​ធ្វើ​ចំណាកស្រុក​របស់​យុវជន​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៦​និង​២០១៧ ចំនួន​សិស្ស​ហាក់​នៅ​ថេរ ។

លោក​បន្ត​ថា បន្ទាប់​ពី​គម្រោង​នេះ​បាន​អនុវត្ត គឺ​បាន​ជួយ​ពង្រឹងសមត្ថភាព​ធន​ធាន​មនុស្ស​នៅ​ក្នុង​សាលា ហើយ​កន្លង​មក មន្ត្រី​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​បណ្តុះបណ្តាល​នៅ​សាកលវិទ្យាល័យ​កាង​វុន ប្រទេស​កូរ៉េ​ផង​ដែរ ។

យ៉ាងណាមិញ លោក​ថា សាលា​នៅ​ខ្វះ​បរិក្ខារ និង​មន្ទីរពិសោធន៍​សម្រាប់​សិស្ស​ធ្វើការ​ស្រាវជ្រាវ ។

លោក សុខ ស៊ី​ឡូ ទីប្រឹក្សា​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សង្ឃឹមថា តាម​រយៈ​គម្រោង​លើកកម្ពស់​គុណភាព និង​នវានុវត្តន៍​នេះ សាលា​ជាតិ​កសិកម្ម​កំពង់ចាម នឹង​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អប់រំ​បណ្តុះបណ្តាល និង​អភិវឌ្ឍន៍​ក្នុង​តំបន់​បម្រើ ឱ្យ​វិស័យ​កសិកម្ម​ដែល​ជា​វិស័យ​អាទិភាព និង​វិស័យ​ពាក់ព័ន្ធ​នានា ហើយ​ក៏​បាន​និង កំពុង​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ដើម្បី​ជួយ​គាំទ្រ និង​ជំរុញ​វិស័យ​នេះ​ឱ្យ​ងើប​ចាក​ផុត​ពី​ភាព​អន់​ថយ និង​ឈាន​ទៅ​រក​កា​រវិ​វត្ត​ប្រែប្រួល​គួរ​ឱ្យ​កត់សម្គាល់ ។

ជាមួយ​គ្នា​នេះ​ដែរ លោក​បាន​ជំរុញ​ឲ្យ​បន្ត​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ជាតិ និង​អន្តរជាតិ ជា​ពិសេស​កិច្ច​ប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិ​កាង​វុន ឱ្យ​បាន​រឹង​មាំ​លើ​ការ​អភិវឌ្ឍ​កម្មវិធី​សិក្សា ការ​ផ្លាស់​ប្តូរ​វិទ្យាសាស្ត្រ​បច្ចេកទេស ផ្លាស់​ប្តូរ​សាស្ត្រាចារ្យ និស្សិត និង​ការ​រក​ដៃគូ​អភិវឌ្ឍន៍​រួម​គ្នា ។

បន្ថែម​ពី​នេះ លោក​លើក​ឡើង​ថា មន្ត្រីរាជការ សាស្ត្រាចារ្យ​ទាំងអស់ មិន​ត្រូវ​ផ្តេកផ្តួល​លើ​ចំណេះដឹង​ដែល​ខ្លួន​មាន​កន្លង​មក​នោះ​ទេ គឺ​ត្រូវ​ខិតខំ​ធ្វើការ​ស្រាវជ្រាវ​ស្វះស្វែង​អភិវឌ្ឍន៍​ខ្លួនឯង​បន្ថែម​ទៀត ជា​ពិសេស រៀនសូត្រ​ពី​ជំនាញ​បច្ចេកទេស​របស់​គម្រោង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ