ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សេដ្ឋកិច្ច​ប្រាប់​ពី​មូលហេតុ​នៃ​ការ​ចរាចរណ៍​ប្រាក់​រៀល​មាន​កំណើន​តិច

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន គេ​សង្កេត​ឃើញ​ថា រូបិយប័ណ្ណ​បរទេស​កំពុង​ចរាចរ​យ៉ាង​ផុល​ផុស​នៅ​លើ​ទីផ្សារ​កម្ពុជា ជា​ពិសេស ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ ដែល​ស្ទើរតែ​ស្មើនឹង​៩០%​ក្នុង​ការ​ទូទាត់​ទំនិញ​ទាំង​លក់ដុំ និង​រាយ​។ ចំណែក​នៅ​តាម​ព្រំដែន​ថៃ​ឯណោះ​វិញ…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន គេ​សង្កេត​ឃើញ​ថា រូបិយប័ណ្ណ​បរទេស​កំពុង​ចរាចរ​យ៉ាង​ផុល​ផុស​នៅ​លើ​ទីផ្សារ​កម្ពុជា ជា​ពិសេស ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ ដែល​ស្ទើរតែ​ស្មើនឹង​៩០%​ក្នុង​ការ​ទូទាត់​ទំនិញ​ទាំង​លក់ដុំ និង​រាយ​។ ចំណែក​នៅ​តាម​ព្រំដែន​ថៃ​ឯណោះ​វិញ គេ​ហាក់​និយម​ចាយ​លុយ​បាត ហើយ​នៅ​តាម​ព្រំដែន​វៀតណាម គេ​និយម​ចាយ​លុយ​ដុ​ង ដែល​ធ្វើ​ឱ្យប្រាក់​រៀល​ខ្មែរ​មិន​មាន​ឥទ្ធិពល ប៉ុន្តែ​យ៉ាងណា​ក្តី ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ធនាគារជាតិ​កម្ពុជា​បាន​ធ្វើ​យុទ្ធនាការ​មួយ​ចំនួន​ដើម្បី​ជំរុញ​ឱ្យ​មានការ​ប្រើប្រាស់​រូបិយ​ប័ណ្ណ​ជាតិ​ឱ្យ​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស ។

ធនាគារជាតិ​នៃ​កម្ពុជា​បាន​លើកទឹកចិត្ត​ដល់​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​ឯកជន​លើ​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ឱ្យ​កាន់តែ​ទូលំទូលាយ ដូច​ជា ការ​បិទ​ស្លាក​តម្លៃ​ជា​ប្រាក់​រៀល ការ​ទូទាត់ និង​ការ​បើក​ប្រាក់ខែ​ជា​ប្រាក់​រៀល​ជាដើម ។ បើ​ទោះបីជា​ធនា​គារ​ជាតិ​កម្ពុជា បាន​ធ្វើ​យុទ្ធនាការ​ជា​ច្រើន​ដើម្បី​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​កម្ពុជា​ក្ដី តែ​គេ​សង្កេត​ឃើញ​មាន​ហាង​ទំនិញ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​បិទ​ស្លាក​តម្លៃ​ជា​ប្រាក់​រៀល ដោយ​ភាគច្រើន​នៅ​តែ​បន្ត​ដាក់​តម្លៃ​ជា​ប្រាក់​ដុល្លារ​ដដែល ។ ដោយឡែក ហាង​អាហារ ឬ​ហាង​លក់​សម្លៀក​វិញ មិនសូវ​និយម​គិតលុយ​ជា​ប្រាក់​រៀល​ឡើយ បើ​ទោះបីជា​គិតលុយ ក៏​ពួក​គេ​គិត​តម្លៃ​តាម​អត្រា​ប្រាក់​ដុល្លារ​ដែរ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​មិន​ចង់​ប្រើប្រាស់​លុយ​រៀល​ខ្មែរ ។

លោក គី សេរី​វឌ្ឍន៍ បណ្ឌិត​សេដ្ឋកិច្ច និង​អ្នក​ស្រាវជ្រាវ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា មាន​ប្រសាសន៍​ថា ស្រប​ពេល​ដែល​ធនាគារជាតិ​ជំរុញ​ឱ្យ​ប្រើប្រាស់ លោក​សង្កេត​ឃើញ​ថា ការ​ប្រើប្រាស់​ប្រាក់​រៀល​បច្ចុប្បន្ន​នេះ កើនឡើង​តិចតួច​ប៉ុណ្ណោះ ។ ការ​កើនឡើង​តិចតួច​នេះ ដោយសារ​តាម​ភោជនីយដ្ឋាន និង​កន្លែង​លក់ទំនិញ​មួយ​ចំនួន បើ​ទោះបីជា​នៅ​ក្នុង​វិក្កយបត្រ​គិត​ជា​ប្រាក់​រៀល ប៉ុន្តែ​គិត​លើស​តាម​អត្រា​ប្តូរ​ប្រាក់ ។ ជាក់ស្តែង បើ​ទិញ ឬ​ញ៉ាំ​អស់​៤០​ដុល្លារ ដែល​ស្មើនឹង​១៦​ម៉ឺន​រៀល តែ​ពួក​គេ​គិត​ជា​លុយ​រៀល​រហូត​ដល់​១៦​ម៉ឺន​៥​ពាន់​រៀល ។ ដោយសារ​មូល​នេះ ទើប​ធ្វើ​ពលរដ្ឋ​ខ្មែរ​ចូល​ចិត្ត​ចាយ​លុយ​ដុល្លារ ព្រោះ​ចំណេញ​ជាង ពោល​គឺ​គ្មាន​ការ​លើកទឹកចិត្ត​ក្នុង​ការ​ចាយ​លុយ​រៀល ។

លោក​បន្ថែម​ថា មូលហេតុ​មួយទៀត​ដែល​ប្រាក់​រៀល​ខ្មែរ​មិនសូវ​មាន​ប្រជាប្រិយភាព​ក្នុង​ការ​ចាយវាយ គឺ​មក​ពី​បើក​ប្រាក់ខែ​ជា​ប្រាក់​ដុល្លារ ដែល​គាត់​ខ្ជិល​យក​ទៅ​ដូរ ។ មួយ​វិញ​ទៀត ដោយសារ​តែ​ការ​ចាយ​លុយ​រៀល​បាន​ផលប្រយោជន៍​តិច​ជាង​ការ​ចាយ​លុយ​ដុល្លារ ។

លោក​ពន្យល់​បន្ត​ថា ៖« ឧទាហរណ៍​ថា គាត់​មាន​លុយ​៣០​ដុល្លារ ត្រូវ​ស្មើនឹង​១២​ម៉ឺន​១​ពាន់​រៀល ប៉ុន្តែ​ហាង​លក់​អីវ៉ាន់​មិន​ឱ្យ​គាត់​គិត​៤០​ទេ គឺ​គិត​៤១ (១​ដុល្លារ​=៤.១០០​រៀល​) ហើយ​តាម​អត្រា​ប្តូរ​ប្រាក់​នៅ​លើ​ទីផ្សារ​តែ​៤.០២០​រៀល តែ​គាត់​គិត​៤.១០០​រៀល អីចឹង អ្នក​ប្រើប្រាស់​គាត់​អត់​ការ​លើកទឹកចិត្ត​ក្នុង​ការ​ចាយ​» ។

ដោយឡែក សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​លោក តេ​ង ដឺ​លុ​ច បាន​លើក​ឡើង​ថា មូលហេតុ​ដែល​ប្រាក់​រៀល​មិន​ទាន់​ទទួល​បាន​ទំនុកចិត្ត​ពី​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​សន្សំ​ឬ​ចាយ ដោយ​សារ​មហាជន​បាត់​ទំនុកចិត្ត ព្រោះ​បទ​ពិសោធន៍​កាលពី​ទសវត្សរ៍​មុន ពេល​ប្តូរ​ពី​របប​មួយ​ទៅ​របប​មួយ លុយ​រៀល​ខ្មែរ​មាន​លំនឹង​មិន​ស្ថិតស្ថេរ ដែល​អំឡុង​ឆ្នាំ​១៩៧០ ដល់​១៩៧៥​នោះ រូបិយ​វត្ថុ​ខ្មែរ​មាន​តម្លៃ​សឹងតែ​ក្លាយជា​ក្រដាស​។ ក្រោយមក​ចាប់តាំងពី​ឆ្នាំ​១៩៩៣ សេដ្ឋកិច្ច​កម្ពុជា​បាន​វិវត្តន៍​មក​ចាយ​លុយ​ដុល្លារ​វិញ អីចឹង​ហើយ​គេ​យល់​ថា មាន​តែ​ប្រាក់​ដុ​លា្ល​រ​ទេ​ដែល​អាច​ប្រើប្រាស់​គ្រប់​ទីកន្លែង​នៅ​លើ​ពិភពលោក​បាន ។

លោក​សង្កត់ធ្ងន់​ថា ៖« មាន​តែ​ដុល្លារ​ទេ ជា​ធនធាន​មួយ​សំខាន់​ដែល​អាច​ប្រើប្រាស់​ទូ​ទាំង​ពិភពលោក ជា​ពិសេស​អា​មេ​រិ​ក​គេ​អត់​ចេះ​រលំ​ទៅ​ណា​ទេ ប៉ុន្តែ​សេដ្ឋកិច្ច​ស្រុក​ខ្មែរ​យើង វា​វិលវល់​ទៅ​តាម​នយោបាយ ពេល​ខ្លះ​ប្តូរ​របប​ទៅ សង្គ្រាមស៊ីវិល​ទៅ លុយ​វា​ក្លាយជា​លុយ​ឥត​បានការ អីចឹង វា​ជា​បញ្ហា​ចោទ​ឡើង​មួយ​។ វា​ទាមទារ​ពេលវេលា​បន្ត ពេល​ខ្លះ វា​មិន​អាច​អនុវត្ត​បាន​ទាំង​កំរោល​ទេ វា​ជា​តុល្យភាព​នៃ​ភាព​អវិជ្ជមាន និង​វិជ្ជមាន​នៃ​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​នៅ​ក្នុង​ប្រទេស​របស់​យើង » ។

ដើម្បី​ឱ្យប្រាក់​រៀល​ខ្មែរ​ទទួល​បាន​ទំនុកចិត្ត និង​និយម​ក្នុង​ការ​ចាយវាយ ត្រូវធ្វើ​ឱ្យ​សេដ្ឋ​កិច្ចជាតិ​រឹង​មាំ ជា​ពិសេស ផលិតផល​ក្នុងស្រុក ដែល​នៅ​ពេល​សហគ្រាស​ក្នុងស្រុក​មាន​លទ្ធភាព​បង្កើន​ការ​ផលិត និង​បង្កើន​ការងារ​កាន់តែ​ច្រើន នាំ​ឱ្យ​មាន​ចរន្ត​នៃ​ការ​ចាយវាយ​ប្រាក់​រៀល​នេះ​កាន់តែ​ច្រើន​ឡើង ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក តេ​ង ដឺ​លុ​ច ។

កោះសន្តិភាព​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ខាង​ធនាគារជាតិ​បាន​ទេ កាលពី​ម្សិល​មិញ។ យ៉ាងណា​ក៏​ដោយ បើ​តាម​ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា លោក​ជំទាវ នាវ ច័ន្ទ​ថា​ណា ដែល​បាន​លើក​ឡើង​កាល​ដើមឆ្នាំ​២០១៧​ថា ការ​ប្រើប្រាស់​ប្រាក់​រៀល​នា​២​ទសវត្សរ៍​ចុង​ក្រោយ​នេះ​បាន​កើនឡើង ដោយសារ​ការ​ជឿ​ទុកចិត្ត​របស់​សាធា​រណជន​មក​លើ​ប្រាក់​រៀល ។ ប្រាក់​រៀល​មាន​វិសាលភាព​ចរាចរណ៍​នៅ​គ្រប់​ទីកន្លែង​នៃ​ប្រទេស​កម្ពុជា ដែល​ភាគច្រើន​លើសលប់​នៅ​តំបន់​ជនបទ ខណៈ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​មាន​វត្តមាន​ច្រើន​នៅ​តំបន់​ទីប្រជុំជន ជា​ពិសេស នៅ​រាជធានី​ភ្នំពេញ ។

លោក​ជំទាវ​បន្ថែម​ថា ៖« តាម​រយៈ​ការ​ប្រើប្រាស់​ប្រាក់​រៀល​បាន​រួមចំណែក​ជំរុញ​ការ​វិនិ​យោគ និង​បង្កើត​ការងារ​តាម​រយៈ​ឥទ្ធិពល​នៃ​គោលនយោបាយ​រូបិយ​វត្ថុ​លើ​ការ​បន្ទាប​អត្រា​ការ​ប្រាក់​ទីផ្សារ ដែល​ជា​កត្ដា​កំណត់​និន្នាការ​នៃ​ប្រាក់​សម្រាប់​ការ​វិនិយោគ​និង​ផលិតផល និង​ឈាន​ទៅ​ជំរុញ​ឲ្យ​មានការ​បង្កើត​ការងារ » ។

លើស​ពី​នេះ​ទៀត ការ​ប្រើប្រាស់​ប្រាក់​រៀល នឹង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ទទួល​បាន​ប្រាក់​ចំណូល​​ពី​ការ​បោះពុម្ព និង​ស្រូប​យក​នូវ​រូបិយប័ណ្ណ ក៏​ដូច​ការ​គរ​ពូន​ជា​ទុនបម្រុង​សម្រាប់​ពង្រឹង​ជំនឿ​ទុកចិត្ត​របស់​វិនិយោគិន​លើ​វិស័យសេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ ។ សំខាន់​ជាង​នេះ​ទៀត រាជរដ្ឋាភិបាល​អាច​អភិវឌ្ឍន៍​ទីផ្សារ​សញ្ញាប័ណ្ណ​ចារឹក​ជា​ប្រាក់​រៀល​ដ៏​រឹង​មាំ​មួយ ដើម្បី​គាំទ្រ​ការ​ផ្ដល់​ហិរញ្ញប្បទាន​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​កាត់​បន្ថយ​កម្ចី​ពី​បរទេស តាម​រយៈ​ការ​កៀរគរ​មូលនិធិ​ពី​សាធារណជន ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារជាតិ​ចេញផ្សាយ​កាលពី​ពេល​ថ្មី​នេះ​បានឱ្យ​ដឹង​ថា ដើម្បី​ចូលរួម​ចំណែក​ការ​អនុវត្ត​គោលនយោបាយ​រូបិយ​វត្ថុ​ប្រកបដោយ​ភាព​ប្រុង​ប្រយ័ត្ន និង​មាន​សង្គតិភាព​ជាមួយ​គោលនយោបាយ​សារពើពន្ធ តាម​រយៈ​ការ​រក្សា​ល្បឿន​កំណើន​ការ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​សម​ស្រប​ប្រមាណ​២៣% និង​អត្រា​ប្តូរ​ប្រាក់​រៀល​ប្រមាណ​៤.០៥០​រៀល​ក្នុង​១​ដុល្លារ​អា​មេ​រិ​ក ទោះ​ក្នុង​បរិបទ​ដុល្លារ​រូប​នី​យ​កម្ម​ខ្ពស់​ក្តី ។ ម្យ៉ាងទៀត ធនាគារជាតិ​នៃ​កម្ពុជា​បាន​ខិតខំ​លើកកម្ពស់​ប្រសិទ្ធភាព​គោលនយោបាយ​រូបិយ​វត្ថុ តាម​រយៈ​ការ​ពង្រឹង​ឧបករណ៍​គោលនយោបាយ​រូបិយ​វត្ថុ និង​ការ​ប្រើប្រាស់​ប្រាក់​រៀល ដោយ​បាន​បន្ត​អភិវឌ្ឍន៍​មូល​ប​ត្រ​អាច​ជួញដូរ​បាន និង​បន្ត​ដាក់​ឱ្យ​ដំណើរការ​នូវ​ប្រតិបត្តិការ​ផ្តល់​សន្ទនីយ​ភាព​ដោយ​មានការ​ធានា (LPCO) ។

ប្រតិបត្តិការ LPCO បាន​ផ្តល់​នូវ​ផ្លែផ្កា​ប្រកបដោយ​ភាព​វិជ្ជមាន ដោយ​បាន​រួមចំណែក​ផ្តល់​សន្ទនីយ​ភាព​ជា​ប្រាក់​រៀល​ក្នុង​តម្លៃ​មួយ​ទាប​សមរម្យ​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដែល​មាន​កង្វះខាត​ប្រាក់​រៀល​នៅ​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន ដែល​នេះ​បាន​រួមចំណែក​ក្នុង​ការ​កាត់​បន្ថយ​គម្លាត​អត្រា​ការ​ប្រាក់​ជា​រៀល និង​ដុល្លារ​អា​មេ​រិ​ក​គួរ​ឱ្យ​កត់សម្គាល់ ។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ បាន​ផ្តល់​អនុសាសន៍​ថា ដើម្បី​ឱ្យ​ការ​ចាយ​លុយ​រៀល​មាន​សន្ទុះ​ជាង​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​ត្រូវ​តម្រូវ​ឱ្យ​បើក​ប្រាក់ខែ​គ្រប់​វិស័យ​តាម​ប្រព័ន្ធ​ធនាគារ និង​បើក​ជា​ប្រាក់​រៀល ។ លោក​ថា ធ្វើ​ដូចនេះ រាជរដ្ឋាភិបាល​អាច​គ្រប់គ្រង​រូបិយ​វត្ថុ​បាន​ផង ក៏​ដូច​ជា​លើកទឹកចិត្ត​ឱ្យ​ចាយប្រាក់​រៀល​ផង​ដែរ​។ វិធានការ​មួយទៀត លើកទឹកចិត្ត​ឱ្យ​មានការ​ដាក់​សន្សំ​ជា​ប្រាក់​រៀល​ទទួល​បាន​អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​ប្រាក់​ដុល្លារ ។ ចំណែក​ការ​ទិញ​ទំនិញ​ត្រូវ​គិត​ជា​លុយ​រៀល តែ​កុំ​គិត​តាម​អត្រា​ប្រាក់​ដុល្លារ ។

ទោះជា​បែប​នេះ​ក្តី លោក គី សេរី​វឌ្ឍន៍ លើក​ឡើង​ថា ការ​ប្រើប្រាស់​ប្រាក់​រៀល និង​ប្រាក់​ដុល្លារ មាន​ផលប្រយោជន៍​ដូច​គ្នា​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា ។ លោក​បន្ត​ថា ៖« ប៉ុន្តែ​ជា​ទូទៅ នៅ​ក្នុង​ប្រទេស​នីមួយ​ៗ កាលណា​ជា​ប្រទេស​សម្រាប់​នាំ​ចេញ គឺ​ចង់ឱ្យ​ចរន្ត​នៃ​ការ​ចាយ​វាយ​នេះ​ជា​លុយ​នៅ​ក្នុងស្រុក ដើម្បី​ឱ្យ​រាជរដ្ឋាភិបាល​អាច​គ្រប់គ្រង​ថ្លៃដើម​ផលិតកម្ម​បាន​ស្រួល​ជាង​យើង​ចាយ​ជា​លុយ​ដុល្លារ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ