រាជធានីភ្នំពេញ ៖ រថយន្តបែនដឹកដីបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង រេចង្កូតទៅបុកម៉ូតូអូសជិត៥០ម៉ែត្រ បណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៧និង៤០នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
រថយន្ដបង្កម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣D-៤៧៥១ ជារថយន្តបែនដឹកដីបើកបរក្នុងទិសដៅពីកើតទៅលិច ។ ជនរងគ្រោះមានឈ្មោះ ណុប សុភាព ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០០៨ ពាក់ស្លាកលេខ ភ្នំពេញ ១V-១៩៧៤ ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់ ក្នុងទិសដៅលិចទៅកើត រងរបួសធ្ងន់ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បាននិយាយថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរ៊ី២០០៨ ក្នុងទិសដៅលិចទៅកើត និងមានម៉ូតូមួយគ្រឿងទៀតត្រូវជាកូនរបស់គាត់ ដែលជិះមុខក្រោយគ្នា ដោយជនរងគ្រោះជិះខាងមុខហើយកូនរបស់គាត់ជិះពីក្រោយ លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញរថយន្ដបង្កខាងលើបានបើកបរក្នុងទិសដៅបញ្ជ្រាសទិសគ្នា ហើយបានរេចង្កូតមកផ្នែកខាងឆ្វេង រេពេញផ្លូវហើយបានបុកម៉ូតូជនរងគ្រោះចំពីមុខពេញទំហឹង ហើយភ្លាមៗនោះស្រាប់តែកូនរបស់ជនរងគ្រោះឃើញឪពុកខ្លួនត្រូវរថយន្ដបុក ហើយបានចុះពីម៉ូតូខ្លួនហើយបានទាញឪពុកខ្លួនចេញពីរថយន្ដ ។ បន្ទាប់មករថយន្តបង្កខាងលើបានបន្ថែមល្បឿនទៅមុខដោយអូសម៉ូតូប្រមាណជិត៥០ម៉ែត្រទើបឈប់ ហើយបានចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោល ។ ភ្លាមៗផងដែរ ជនរងគ្រោះខាងលើត្រូវបានរថយន្តសង្គ្រោះរបស់ឯកជន បានដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ បានមកអន្តរាគមន៍នៅកន្លែងកើតហេតុ បន្ទាប់មកបានហៅជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ មកវាស់វែង និងយកម៉ូតូ រថយន្តខាងលើយកទៅរក្សាទុករងចាំការដោះស្រាយថ្ងៃក្រោយ ៕
ចែករំលែកព័តមាននេះ