សារព័ត៌មានបរទេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថា ផ្កាយព្រះគ្រោះតូច «2015 TB 145»មានទំហំ៦៤០ម៉ែត្រ នឹងរំកិលឆ្លងកាត់ក្បែរផែនដីជាថ្មីម្តងទៀតនៅឆ្នាំ២០១៨ ដែលកាលពីមុននេះវាធ្លាប់រំកិលកាត់ផែនដីរួចមកហើយនៅថ្ងៃទី៣១ តុលា ២០១៥ ធ្វើឱ្យអ្នកវិទ្យាសាស្ត្រមើលឃើញផ្កាយព្រះគ្រោះតូចមួួយដួងនេះមានលក្ខណៈដូចលលាដ៍ក្បាល និងមានឈ្មោះថា ផ្កាយព្រះគ្រោះតូច Halloween ។
លទ្ធផលនៃការអង្កេតក្នុងពេលអតីតកាលឃើញថា ផ្កាយព្រះគ្រោះតូចដួងនេះមានចាំងពន្លឺព្រះអាទិត្យប្រហែល៥ទៅ៦%នៃពន្លឺដែលចាំងទៅប៉ះធ្វើឱ្យវាងងឹតខ្លាំង ខណៈពេលអ្នក វិទ្យាសាស្ត្រ បានបង្កើតទ្រីស្តីថា 2015 TB 145 អាចជាផ្កាយដុះកន្ទុយកាលពីមុន ប៉ុន្តែបាត់បង់ទឹក និងធាតុផ្សំផ្សេងទៀតក្នុងពេលទៅគោចរនៅជុំវិញព្រះអាទិត្យ ដោយចំណាយពេលប្រហែល៣,០៤ឆ្នាំ មានន័យថា វានឹងរំកិលខ្លួនឆ្លងកាត់ផែនដីជាថ្មីនៅពាក់កណ្តាលខែវិច្ឆិកា ២០១៨ ។
លោកផាប្លូ សានតូសសាន អ្នកតារាសាស្ត្រពីស្ថាប័នតារាសាស្ត្រប្រទេសអេស្ប៉ាញបានទទួលស្គាល់ថា ការរំកិលឆ្លងកាត់ដែលកើតឡើងក្នុងពេលអនាគតផ្កាយព្រះគ្រោះតូច 2015 TB 145 នឹងមិនចូលកៀកផែនដីបំផុតដូចនៅឆ្នាំ២០១៥ ឬប្រហែល៤៨០.០០០គីឡូម៉ែត្រទេ ប៉ុន្តែជាឱកាសដែលអ្នកវិទ្យាសាស្ត្រអាចប្រមូលទិន្នន័យថ្មីជួយឱ្យស្គាល់ពីអត្តសញ្ញាណរបស់ផ្កាយព្រះគ្រោះតូចមួយដួងនេះកាន់តែខ្លាំងឡើង ៕
ចែករំលែកព័តមាននេះ