រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីកាំកុងត្រូលចេញមកពីញុំាការមិត្តភក្តិនៅកោះពេជ្រ បើករថយន្តហួសផ្លូវចូលផ្ទះបានឈប់រថយន្តដេកកណ្ដាលផ្លូវតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិនៅចំណុចមុខមន្ទីរពេទ្យព្រះកេតុមាលា ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២U-៨៤៤៨ បើកបរដោយបុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីកាំកុងត្រូល ធ្វើដំណើរមកតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិក្នុងទិសដៅពីត្បូងទៅជើង ក្នុងស្ថានភាពស្រវឹងខ្លាំងពេក ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ បើករថយន្តទៅមុខលែងរួចបានឈប់រថយន្តដេកនៅកណ្តាលផ្លូវ បង្កឲ្យផ្អើលដល់សមត្ថកិច្ចចុះទៅដល់បានឲ្យដាស់ឲ្យភ្ញាក់ដឹងខ្លួនវិញគិតតែពីអង្គុយក្អួតចង្អោរ ទើបសមត្ថកិច្ចប៉ុស្តិ៍ស្រះចកសួរនាំត្រូវបានអ្នកបើករថយន្តបានប្រាប់ថា ទំនាក់ទំនងរកសាច់ញាតិមកទទួលយកត្រលប់ទៅផ្ទះ ដល់ពេលសមត្ថកិច្ចសួរនាំបុរសខាងលើប្រាប់ថា រូបគាត់ទើបនឹងមកពីញុំាការមិត្តភក្តិនៅកោះពេជ្រ គោលបំណងត្រលប់ទៅផ្ទះនៅបាក់ទូក ដោយសារតែគាត់ស្រវឹងស្រាខ្លាំងពេក បើកហួសផ្លូវក៏ឈប់រថយន្តដេកតែម្តង ។
បន្ទាប់ពីមានការភ្ញាក់ផ្អើលសមត្ថកិច្ចបានទាក់ទងទៅសាច់ញាតិមកដឹកយកត្រលប់ទៅផ្ទះវិញ បន្ទាប់មកកូនប្រុសបានមកដឹកយកត្រលប់ទៅផ្ទះវិញ ៕
ចែករំលែកព័តមាននេះ