សហរដ្ឋអាមេរិក-ប្រទេសអ៊ីស្រាអែល ៖ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប នឹងរួបប្រជុំបន្ទាន់នាព្រឹកថ្ងៃទី៨ ធ្នូ ក្រោយការសម្រេចរបស់លោកដូណាល់ ត្រាំ ទទួលស្គាល់ជាផ្លូវការក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមីន នេតាន់ យ៉ាហ៊ូ បានអបអរសាទរថានេះជា «ទិវាប្រវត្តិសាស្ត្រ» មួយក្រោយការប្រកាសរបស់លោកត្រាំ ដោយលោកអះអាងថា នឹងពុំមានការផ្លាស់ប្តូរអ្វីឡើយ ទាក់ទិនដល់ទីក្រុងជានិមិត្តរូបនៃសាសនាធំ៣នេះ ។ ទោះបីយ៉ាងណា ខុសពីរដ្ឋាភិបាលអ៊ីស្រាអែល ការសម្រេចចិត្តនោះរងការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ។
ប្រទេស៨បានស្នើឱ្យមានកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ។ តំណាងរបស់ប្រទេសបូលីវី អេហ្ស៊ីប បារាំង អ៊ីតាលី សេនេហ្គាល់ ស៊ុយអែត អង់គ្លេស និងអ៊ុយរូហ្គាយ បានស្នើដល់ជប៉ុនជាប្រធានប្តូរវេនរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ឱ្យរៀបចំកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សានេះជាមួយសេចក្តីថ្លែងការណ៍របស់អគ្គលេខាធិការ អ.ស.ប ឱ្យបានមុនដំណាច់សប្តាហ៍នេះ ។ បន្តិចក្រោយមកប្រធានក្រុមប្រឹក្សាសន្តិសុខប្រកាសថា ក្រុមប្រឹក្សានឹងរួបប្រជុំបន្ទាន់នាព្រឹកថ្ងៃទី៨ ធ្នូ ។
តាមអគ្គលេខាធិការ អ.ស.ប លោក ANTONIO GUTERRES ថា លក្ខន្តិកៈក្រុងហ្សេរុយ
សាឡឹម អាចដោះស្រាយ តែតាមរយៈការចរចាដោយផ្ទាល់រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនប៉ុណ្ណោះ ។ លោកប្រឆាំងរាល់វិធានការជាឯកតោភាគី ។
ចំណែកក្នុងសេចក្តីប្រកាសមួយប្រមុខការទូតអឺរ៉ុប លោកស្រី FEDERICA MOGHERINI សរសេរថា សហភាពអឺរ៉ុប សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រកាសនាពេលនេះរបស់ប្រធានាធិបតីសហរដ្ឋអាេមរិក លោកត្រាំ ស្តីពីក្រុងហ្សេរុយសាឡឹម ដែលបែបនេះអាចធ្វើឱ្យប៉ះពាល់ដល់ទស្សនវិស័យនៃសន្តិភាព ។
ប្រធានាធិបតីបារាំង លោក EMMANUEL MACRON មានប្រតិកម្មពីប្រទេសអាល់ហ្សេរីមកថា នេះជាសេចក្តីសម្រេចចិត្តគួរឱ្យសោកស្តាយមួយដែលបារាំងពុំយល់ស្របតាម ហើយដែលពុំសមស្របទៅនឹងច្បាប់អន្តរជាតិ ព្រមទាំងបណ្តាដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ។ លោកបន្តថា លក្ខន្តិកៈក្រុងហ្សេរុយសាឡឹម គឺជាបញ្ហានៃសន្តិសុខអន្តរជាតិ ដែលទាក់ទិនដល់សហគមន៍អន្តរជាតិទាំងមូល ។ ខ្ញុំចង់បញ្ជាក់យ៉ាងច្បាស់ថា លក្ខន្តិកៈក្រុងហ្សេរុយសាឡឹម ត្រូវកំណត់ដោយអ៊ីស្រាអែល និងប៉ាឡេស្ទីន ក្នុងក្របខណ្ឌនៃការចរចាក្រោមការឧបត្ថម្ភរបស់ អ.ស.ប ។
រីឯប្រមុខការទូតអាល្លឺម៉ង់ លោក SIGMAR GABRIEL និយាយថា លោកសង្ស័យដែលការសម្រេចនេះនឹងនាំទៅរកការកើនឡើងថ្មីនៃជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ។ រួចអ្នកនាំពាក្យនៃវិមានអធិការបតីអាល្លឺម៉ង់លោក STEFFEN SEIBERT និយាយថា រដ្ឋាភិបាលអាល្លឺម៉ង់ពុំគាំទ្រជំហរនេះឡើយ ព្រោះលក្ខន្តិកៈក្រុងហ្សេរុយសាឡឹមអាចចរចាតែក្នុងក្របខណ្ឌនៃដំណោះស្រាយរដ្ឋ២មួយប៉ុណ្ណោះ ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី THERESA MAY ក្នុងសេចក្តីប្រកាសមួយថ្លែងថា យើងពុំយល់ស្របជាមួយការសម្រេចរបស់អាមេរិកផ្ទេរស្ថានទូតខ្លួនទៅកាន់ក្រុងហ្សេរុយសាឡឹម ហើយទទួលស្គាល់ក្រុងហ្សេរុយសាឡឹមជារដ្ឋធានីអ៊ីស្រាអែលមុនមានកិច្ចព្រមព្រៀងចុងក្រោយស្តីពីលក្ខន្តិកៈទីក្រុងនេះឡើយ ។
ប្រធានាធិបតីតួកគី លោករីស៊ីបតៃយីប អ័រដូហ្គាន ព្រមានថា ការទទួលស្គាល់ក្រុង
ហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែលដោយក្រុងវ៉ាស៊ីនតោន នឹងធ្លាក់ក្នុងល្បិចរបស់បណ្តាក្រុមភេរវកម្ម ។
ប្រធានាធិបតីប៉ាឡេស្ទីន លោកម៉ាហ៍មូដអាប់បាស់ តាមទូរទស្សន៍ប៉ាឡេស្ទីន ថ្លែងថា តាមរយៈសេចក្តីសម្រេចចិត្តពុំសមស្របសហរដ្ឋអាមេរិកបានបំផ្លាញដោយចំហចំពោះរាល់ការខិតខំប្រឹងប្រែងសន្តិភាព ហើយប្រកាសថា សហរដ្ឋអាមេរិកបោះបង់ចោលតួនាទីជាអ្នកជួយទ្រទ្រង់ដល់ដំណើរការសន្តិភាព ដែលខ្លួនធ្លាប់ដើរតួនាទីនេះរយៈពេលច្រើនទសវត្សមកហើយ ។
ចំណែកក្រុមហាម៉ាស់ប៉ាឡេស្ទីននិយាយថា លោកត្រាំ បានបើកមាត់ទ្វារឋាននរក ។ លោក ISMAIL RADOUANE អ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់នៃចលនាអ៊ិស្លាមនេះ ភ្លាមៗក្រោយការប្រកាសរបស់លោកត្រាំ អំពាវនាវដល់បណ្តាប្រទេសអារ៉ាប់ និងអ៊ិស្លាម ឱ្យកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយជាមួយបណ្តាស្ថានទូតអាមេរិក ហើយបណ្តេញពួកទូតអាមេរិកចេញ ។
ពលរដ្ឋប៉ាឡេស្ទីនច្រើនពាន់នាក់ដែលមានកំហឹងចំពោះការប្រកាសរបស់លោកត្រាំ បានលើកគ្នាដើរហែក្បួនមកកាន់វិមានអតីតយុទ្ធជនក្រុងហ្គាហ្សា ដែលនៅទីនោះពួកគេបានដុតទង់ជាតិអាមេរិក និងអ៊ីស្រាអែល ហើយនាំគ្នាស្រែកថា «ស្លាប់ទៅអាមេរិក» «ស្លាប់ទៅអ៊ីស្រាអែល» ។
ប្រទេសអ៊ីរ៉ង់ជាសត្រូវរបស់អាមេរិកក្នុងតំបន់ព្រមានលោកត្រាំ ថាការសម្រេចរបស់លោកនឹងបង្កឱ្យមានអង់ទីហ្វាដាថ្មី ឬការក្រោកបះបោរថ្មីរបស់ពួកប៉ាឡេស្ទីន ហើយរុញច្រានពួករ៉ាឌីកាល់ ឱ្យបំពាក់កំហឹង និងប្រើអំពើហិង្សាថែមទៀត ។
ក្រសួងការបរទេសអ៊ីរ៉ង់ថ្លែងថា អ៊ីរ៉ង់ថ្កោលទោសការសម្រេចចិត្តនេះ ហើយស្នើដល់សហគមន៍អន្តរជាតិ បណ្តាប្រទេសមានឥទ្ធិពល ហើយពិសេសបណ្តាប្រទេសអ៊ិស្លាមឱ្យរារាំងការអនុវត្តការសម្រេចនេះរបស់សហរដ្ឋអាមេរិកដែលបានចំណេញតែលើរបបស្យូនីស្ត ៕
ចែករំលែកព័តមាននេះ