ប្រទេសចិន ៖ ប្រទេសចិនជួបប្រទះជំងឺធ្ងន់ធ្ងរមួយដែលគេនាំគ្នាហៅថា ជំងឺខ្វះស្រី ។ អាស្រ័យហេតុនេះ បានជាបុរសចិនជាង៣០លាននាក់ពុំអាចរកប្រពន្ធបាន ។ ការខ្វះស្រីនេះគឺមកពីនយោបាយកូនតែមួយ ។ ដើម្បីដោះស្រាយសភាពការណ៍បែបនេះ បុរសៗមួយចំនួនត្រៀមទាក់ទងជាក្រុមម៉ាហ្វីយ៉ា ។
នយោបាយកូនតែមួយរបស់ចិនពីឆ្នាំ១៩៧៩មកដល់ឆ្នាំ២០១៥ ហាមឃាត់ប្តីប្រពន្ធចិនមិនឱ្យយកកូនលើសពីមួយ លើកលែងតែក្រុមជនជាតិភាគតិចមួយចំនួន ។ នយោបាយនេះពិតជាទទួលបានជោគជ័យ ។ យោងតាមទិន្នន័យរបស់ធនាគារពិភពលោកកំណើតនៅចិនមានការចុះថយច្រើនក្នុងដំណាក់កាលនេះពីការផ្តល់កំណើតកូន៣៣នាក់ សម្រាប់មនុស្ស១.០០០នាក់ កាលពីឆ្នាំ១៩៧០មក នៅត្រឹម១២នាក់ ក្នុងឆ្នាំ២០១៣ ។
ទោះបីយ៉ាងណា នយោបាយនេះក៏មានឥទ្ធិពលអាក្រក់ដល់ប្រជាសាស្ត្រដែរ ។ បច្ចុប្បន្ននៅ ប្រទេសចិន ចំនួនបុរសមានលើសចំនួននារីយ៉ាងច្រើន ។ នយោបាយកូនតែមួយនាំឱ្យគ្រួសារទាំងឡាយនិយមចង់បានតែកូនប្រុសជាងកូនស្រី ។ ម្យ៉ាងទៀត មរណភាពពីកុមារសម្រាប់ក្មេងស្រីមានខ្ពស់ដល់២៦,៨% ទល់១៨% សម្រាប់ក្មេងប្រុសរវាងឆ្នាំ២០០៥ និង២០១០ ។
ក្នុងតំបន់មួយចំនួនរបស់ចិន ភូមិជាច្រើនគេហៅភូមិនៅលីវ ដោយពេលធ្វើដំណើរកាត់ភូមិទាំងនេះគេពុំងាយបានជួបនារីម្នាក់ឡើយ ។ យុវជនចិនជាច្រើនគិតថា ពួកគេប្រហែលជាពុំអាចបានរៀបការឱ្យមានកូនឡើយ ។ អាស្រ័យហេតុនេះ បុរសចិនច្រើនលាននាក់ចេញទៅកាន់ភាគខាងត្បូងប្រទេស ដើម្បីធ្វើការនៅតាមបណ្តារោងចក្រ ហើយអាចរើសនារីណាម្នាក់ធ្វើប្រពន្ធ ព្រោះនៅតំបន់នោះមាននារីច្រើនជាងតំបន់ឯទៀតៗរបស់ប្រទេស ។ ទោះបីយ៉ាងណា បុរសជាច្រើននៅតែពុំអាចរកប្រពន្ធបាន ទើបជ្រើសរើសផ្លូវផ្សេងរហូតលួចចាប់ប្រពន្ធគេ ឬក៏ទិញស្រីពីបរទេសមកធ្វើប្រពន្ធ ។ នារីដែលគេចូលចិត្តទិញធ្វើប្រពន្ធ ពិសេសនារីមីយ៉ាន់ម៉ា វៀតណាម និងឥណ្ឌូណេស៊ី រួចពេញនិយមបំផុតនារីវៀតណាម ៕
ចែករំលែកព័តមាននេះ