ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សារ​ក្ដាម នឹង​ធ្វើ​ឱ្យ​ខេត្ត​កែប​កាន់តែ​មាន​សក្ដានុពល

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​កែប ៖ នៅ​ពេល​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​កម្សាន្ដ​នៅ​ខេត្ត​កែប ពិសេស​ភ្ញៀវ​ទេសចរ​ក្នុងស្រុក តែង​នឹកឃើញ​ផ្សារ​ក្ដាម​មុនគេ ព្រោះ​ទីនោះ​ជា​ប្រភព​នៃ​គ្រឿង​សមុទ្រ​ស្រស់​ៗ​និង​មាន​តម្លៃ​សមរម្យ ។ ផ្សារ​មួយ មិន​ត្រឹមតែ​ជា​មជ្ឈមណ្ឌល​ប្រមូលផ្ដុំ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ…

ខេត្ត​កែប ៖ នៅ​ពេល​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​កម្សាន្ដ​នៅ​ខេត្ត​កែប ពិសេស​ភ្ញៀវ​ទេសចរ​ក្នុងស្រុក តែង​នឹកឃើញ​ផ្សារ​ក្ដាម​មុនគេ ព្រោះ​ទីនោះ​ជា​ប្រភព​នៃ​គ្រឿង​សមុទ្រ​ស្រស់​ៗ​និង​មាន​តម្លៃ​សមរម្យ ។ ផ្សារ​មួយ មិន​ត្រឹមតែ​ជា​មជ្ឈមណ្ឌល​ប្រមូលផ្ដុំ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ និង​ជា​ប្រភព​ចំណូល​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ផង​ដែរ ។

ដើម្បី​លើកកម្ពស់​សក្ដានុពល​បន្ថែម​ទៀត ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ខេត្ត​កែប បាន​រៀបចំ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​តំបន់​នេះ​ឲ្យ​កាន់តែ​ល្អ​ថែម​ទៀត ក្រោម​គម្រោង​ទេស​ចរណ៍​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផ្នែក​បរិស្ថាន​ផ្សារ​ក្ដាម ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជិត​១​លាន​ដុល្លារ ជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ សម្រាប់​កំ​ណើ​ន​ប្រកបដោយ​បរិ​យា​ប័ន្ន​ក្នុង​មហា​អនុ​តំបន់​មេគង្គ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា (ADB) ។
លោក ប៉ុក ទាំង អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា

ម្សិលមិញ​ថា សម្រាប់​គម្រោង​ទេសចរណ៍​ធ្វើ​ឲ្យ​ប្រសើរ ឡើង​នូវ​បរិស្ថាន​ជុំវិញ​ផ្សារ​ក្ដាម គឺ​​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ធ្វើ​អាង​ចម្រោះ​ទឹក​កខ្វក់ ដែល​កន្លង​មក វា​ជា​បញ្ហា​មួយ​ពេល​ដែល​ភ្ញៀវ​មក​កម្សាន្ត ឬ​ទិញ​ម្ហូបអាហារ​តែងតែ​រអ៊ូរទាំ ជា​ពិសេស អាជីវករ​លក់​នៅ​ក្នុង​ផ្សារ​ក្ដាម​នេះ ពិបាក​គ្រប់គ្រង​ទឹក​កខ្វក់ ។

លោក​ថា ៖ « កន្លង​មក រាល់​ទឹក​កខ្វក់​ដែល​ចេញពី​ផ្សារ​ក្ដាម តែងតែ​ធ្វើការ​បង្ហូរ​តាម​ទឹក​សមុទ្រ ដោយ​មិន​បាន​ចម្រោះ​ចេញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន មាន​ក្លិន​ស្អុយ និង​ប៉ះពាល់​ដល់​មច្ឆជាតិ​នៅ​ក្នុង​ទឹក ហើយ​ទឹក​ដែល​បាន​ច្រោះ​រួច​ហើយ គឺ​យើង​អាចយ​កមក​ប្រើប្រាស់​បាន​ដូច​ជា ស្រោច​ផ្កា​នៅ​ជុំវិញ​ផ្សារ​ក្ដាម​បាន » ។

លោក ប៉ុក ទាំង បាន​បន្ថែម​ថា ចំពោះ​ហាង​ដែល​នៅ​ជុំវិញ​ផ្សារ​ក្ដាម មាន​ចំនួន​៣៩​ហាង​, អាជីវករ​លក់​ក្នុង​ផ្សារ​ក្ដាម មាន​៤០​តូប និង​អ្នកលក់​ខាងក្រៅ​ផ្សារ ដែល​មាន​បាំងឆត្រ ឬ​តង់ មាន​ប្រហែលជា​៥០​ទៅ​១០០​តង់ ។

ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​នា​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា កន្លង​មក លោក សុខ សុ​គុណ អគ្គនាយករង​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គម្រោង​នេះ បាន​ឲ្យ​ដឹង​ថា ក្រោម​កិច្ច​សម្របសម្រួល​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងទេសចរណ៍​បាន​ទទួល​ឥណ​ទាន​សម្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី នូវ​ទឹកប្រាក់​ចំនួន​៩៥​ម៉ឺន​ដុល្លារ សម្រាប់​គម្រោង​​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ជុំវិញ​ផ្សារ​ក្ដាម និង​ឆ្នេរ​ខ្សាច់​ក្រុងកែប ។

លោក​បន្ដ​ថា គម្រោង​នេះ គឺ​ផ្ដោត​លើ​គោលដៅ​សំខាន់​ៗ​រួម​មាន ប្រព័ន្ធ​លូ​បង្ហូរទឹក​ប្រើ​ប្រាស់​រួច​១​ខ្សែ​សម្រាប់​ទទួល​ទឹក​កខ្វក់​ទាំងអស់​មិន​ឲ្យ​ហូរ​ចូល​សមុទ្រ​, សាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​, មជ្ឈមណ្ឌល​ផ្ដល់​ព័ត៌មាន​ទេសចរណ៍​, បង្គន់​អនាម័យ​សាធារណៈ និង​សួនច្បារ ។

លោក​បន្ដ​ថា ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​សម្រេច​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន ខ្មែរ ខន់​ស្ត្រា​ក់​សិន ខូ​អិ​ល​ធី​ឌី ជា​អ្នក​សាងសង់ ដោយ​កំណត់​រយៈពេល​១០​ខែ ពោល​គឺ​នឹង​ត្រូវ​បញ្ចប់​នៅ​ខែសីហា ឆ្នាំ​២០១៨​ខាង​មុខ ។

លោក​ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ អាជីវករ​ទាំងអស់​សូម​មានការ​យោគយល់ និង​ជួយ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ក្រុមការងារ ដើម្បី​ឲ្យ​ការងារ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ ។

ក្នុង​ឱកាស​នោះ​ដែរ លោក កែន ស​ត្ថា អភិបាលខេត្ត​កែប បាន​អំពាវនាវ​ដល់​អាជីវករ សូមកុំ​ដំឡើង​ថ្លៃ​ទំនិញ និង​សេវា​របស់​ខ្លួន ដែល​នាំ​ឲ្យ​ភ្ញៀវ​ទេសចរ ឬ​អតិថិជន​ខ្លាចរអា មិន​ចង់​ទិញ​ទំនិញ និង​សេវា ដែល​នាំ​ឲ្យ​ខ្សត់​ភ្ញៀវ​ទេសចរ​មក​ទស្សនា ថែម​ទាំង​ធ្វើ​ឲ្យ​បាត់​ចំណូល​របស់​ប្រជាពលរដ្ឋ តាម​រយៈ​វិស័យ​ទេសចរណ៍​នេះ ។ ជាមួយនឹង​ការ​អំពាវ​នាវ​នេះ លោក​ក៏​បាន​ទទូច​ឲ្យ​អាជីវករ​រក្សា​ឲ្យ​បាន​នូវ​អនាម័យ​ទំនិញ និង​ចូលរួម​ថែរក្សា​សម្អាត​បរិស្ថាន​រមណីយដ្ឋាន​ខេត្ត​កែប ក៏​ដូច​ជា​ក្នុង​ខេត្ត​កែប​ទាំងមូល​ផង​ដែរ ។

កន្លង​មក រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន ក៏​ធ្លាប់​បាន​ណែនាំ​ផង​ដែរ​ដល់​រដ្ឋបាល​ខេត្ត និង​អាជីវករ​ក្នុង​ខេត្ត​កែប ឲ្យ​ចូលរួម​រក្សា​បាន​នូវ​អនាម័យ​ទំនិញ បរិស្ថាន ពិសេស​បញ្ហា​សំរាម​នៅ​តាម​ទី​សាធារណៈ បញ្ហា​សំរាម​ក្នុង​ភោជនីយដ្ឋាន ក្នុង​នោះ​លោក​​រដ្ឋមន្ត្រី​ក៏​បាន​ចង្អុលបង្ហាញ​ថា ត្រូវ​បញ្ឈប់​ទម្លាប់​ចោល​សំរាម កាក​សំណល់ ក្រដាស​​ជូត​មាត់​ក្រោម​តុ​ក្នុង​ភោជនីយដ្ឋាន​ឲ្យ​បាន ដើម្បី​ចូលរួម​សម្អាត​អនាម័យ​ក្នុង​រមណីយដ្ឋាន សំដៅ​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ក្នុង​ឱកាស​ពិធីបុណ្យ​សមុទ្រ​នា​ពេល​ខាង​មុខ និង​ដើម្បី​អភិវឌ្ឍន៍​ខេត្ត​កែប​ឲ្យ​ក្លាយជា​ខេត្ត​គំរូ​ក្នុង​ការ​ធ្វើ​ឲ្យ​ទីក្រុង​មាន​ភាព​ស្អាត និង​បៃតង ស្រប​តាម​ស្ដង់ដា​អាស៊ាន ។

គួរ​រំឭក​ថា កែប​ជា​ខេត្ត​មួយ​ដែល​បាន​ទទួល​ពានរង្វាន់​និរន្តរភាព​អាស៊ាន​ទៅ​លើ​ប្រធាន​បទ «​ទឹក​ស្អាត ដី​ស្អាត និង​ខ្យល់​ស្អាត » ។ ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​​យក​ថ្ងៃ​ទី​២២-២៣-២៤ ខែធ្នូ ឆ្នាំ​២០១៧ ជា​កាលបរិច្ឆេទ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦ ជុំ​ទី​២ នៅ​ខេត្ត​កែប ដែល​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​នេះ នឹង​បើក​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ក្រោម​ប្រធានបទ «​ឆ្នេរសមុទ្រ​បៃតង ៖ អនាគត គឺ​បច្ចុប្បន្ន​» និរន្តរភាព​ទេសចរណ៍ ដើម្បី​អភិវឌ្ឍន៍ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ