ពិភពលោកចង់ឱ្យចិនផ្តល់ជំនួយសម្រាប់អភិវឌ្ឍន៍អន្តរជាតិ
ទីក្រុងសិង្ហបុរី ៖ កាលពីខែមុន មូលនិធិ Bill & Melinda Gates Foundation បានចេញរបាយការណ៍មួយតាមដានដំណើរការគោលដៅ…
ទីក្រុងសិង្ហបុរី ៖ កាលពីខែមុន មូលនិធិ Bill & Melinda Gates Foundation បានចេញរបាយការណ៍មួយតាមដានដំណើរការគោលដៅ…
ទីក្រុងសិង្ហបុរី ៖ កាលពីខែមុន មូលនិធិ Bill & Melinda Gates Foundation បានចេញរបាយការណ៍មួយតាមដានដំណើរការគោលដៅ SDGs របស់អង្គការសហប្រជាជាតិ ។ ទិន្នន័យបង្ហាញថា ប្រទេសនីមួយៗអាចនឹងខិតខំបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាអភិវឌ្ឍន៍ ដែលពិភពលោកកំពុងតែជួបប្រទះ ។
របាយការណ៍នោះមិនបានលើកឡើងពីប្រទេសណាមួយច្បាស់លាស់ ដែលគួរតែជំរុញដល់ការប្តេជា្ញធ្វើដូច្នេះទេ ។ ប៉ុន្តែពួកគេប្រាប់ថា រាល់អ្នកដឹកនាំលើពិភពលោក មានទំនួលខុសត្រូវក្នុងការធានាថា គោលដៅទាំងនេះអាចសម្រេចក្នុងឆ្នាំ២០៣០ ។ ប៉ុន្តែមានប្រទេសមួយដែលអាចខិតខំបន្ថែម គឺចិន ។
ប្រមាណ២ឆ្នាំ បន្ទាប់ពីការបង្កើតកម្មវិធី SDGs (Sustainable Development Goals) ការអភិវឌ្ឍអន្តរជាតិកំពុងតែជួបប្រទះនឹងបញ្ហា។ សហរដ្ឋអាមេរិក ដែលធ្លាប់តែជាប្រទេសនាំមុខគេក្នុងផ្នែកផ្តល់ជំនួយ គឺកំពុងតែដកថយ ហើយអឺរ៉ុបក៏ដូចគ្នាដែរ ។ ប៉ុន្តែប្រទេសចិនវិញមានឱកាសជំរុញការផ្តល់ជំនួយ ។
គួរបញ្ជាក់ថា គោលដៅ SDGs ទាំងនោះបានចាត់ឡើងដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ២០១៥ និងបង្ហាញពីទស្សនវិស័យសម្រាប់ការអភិវឌ្ឍពិភពលោក ដែលមានគោលដៅកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ការអប់រំ សុខភាពសាធារណៈ និងដោះស្រាយវិសមភាពជាដើម ក្នុងរយៈពេល១៥ឆ្នាំខាងមុខនេះ ។ វាតំណាងឲ្យទស្សនវិស័យដ៏ធំសម្រាប់ការអភិវឌ្ឍ ដោយបញ្ហាទាំងឡាយត្រូវមើលតាមស្ថានការណ៍របស់ប្រទេសនីមួយៗ ។
ប៉ុន្តែការសិក្សាស្រាវជ្រាវរបស់មូលនិធិខាងលើឲ្យដឹងថា គោលដៅ SDGs មួយចំនួនកំពុងតែមានបញ្ហា ។ ឧទាហរណ៍ គោលដៅទី៣ ដែលចង់កម្ចាត់ការបង់ជីវិត ដែលអាចការពារបានក្នុងចំណោមទារក និងក្មេងៗ អាចនឹងមិនសម្រេចក្នុងរយៈពេលកំណត់ទេ។ បច្ចុប្បន្ន ការកាត់បន្ថយអត្រាមរណៈនៅអាស៊ី និងអាហ្វ្រិក នៅតែមានកម្រិតនៅឡើយ។
ប្រាកដណាស់ ប្រទេសទូទាំងពិភពលោកត្រូវការការវិនិយោគជាច្រើន ។ ផ្ទុយទៅវិញការ កើនឡើងនៃគោលនយោបាយឯកានិយមទូទាំងពិភពលោកបានផ្អាកការផ្តល់ជំនួយ។ យោង តាម OECD (Organisation for Economic Co-operation and Development) ឲ្យដឹងថា ជំនួយទ្វេភាគីទៅកាន់ប្រទេសអភិវឌ្ឍន៍ទាប បានធ្លាក់ចុះជិត៤%ឯណោះក្នុងឆ្នាំ២០១៦ ។
សហរដ្ឋអាមេរិកបន្តជាអ្នកផ្តល់ជំនួយធំជាងគេលើពិភពលោក ក្នុងកម្មវិធីបំប៉នជីវជាតិ និងការផ្តួចផ្តើមគំនិតទាក់ទិននឹងសុខភាពស្ត្រីមានទម្ងន់ និងក្មេងៗជាដើម ។ ប៉ុន្តែលោកប្រធានាធិបតី ដូណាល់ ត្រាំ បានស្នើឲ្យកាត់បន្ថយថវិកាក្នុងគម្រោងទឹកស្អាត៤៥% និងកាត់បន្ថយ២៦%ទៀតក្នុងកម្មវិធីសុខភាពសកល និងលុបបំបាត់ថវិកាសម្រាប់កម្មវិធីរៀបចំគ្រួសារទាំងស្រុងតែម្តង ។ ប៉ុន្តែវាមិនទាន់ច្បាស់នៅឡើយទេថា តើសភាអាមេរិកនឹងគាំទ្រសំណើរបស់លោកត្រាំ ដែរឬអត់ ។
សហភាពអឺរ៉ុប ក៏បានស្នើឲ្យកាត់បន្ថយប្រាក់ក្នុងផ្នែកផ្តល់ជំនួយអភិវឌ្ឍន៍នេះដែរសម្រាប់ឆ្នាំ២០១៨ខាងមុខ ដែលស្នើកាត់បន្ថយប្រាក់ប្រមាណ១០៦ប៊ីលានដុល្លារឯណោះ ។ ជាមួយគ្នានេះ ប្រទេសអូទ្រីស អាល្លឺម៉ង់ និងអុីតាលី បានដកប្រាក់ជំនួយរបស់ពួកគេទៅដោះស្រាយបញ្ហាអន្តោប្រវេសន៍វិញ ព្រោះគិតថា បញ្ហានេះប៉ះពាល់ដល់សន្តិសុខប្រទេស ។
ពិភពលោកត្រូវការអ្នកនាំមុខថ្មីសម្រាប់ការអភិវឌ្ឍអន្តរជាតិ ហើយប្រទេសចិនអាចនឹងទទួលបានតួនាទីនេះ ។ ព្រោះតែការប្តេជ្ញាធ្លាក់ចុះក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ ប្រទេសចិនមានឱកាសដឹកនាំការអភិវឌ្ឍ ការកាត់បន្ថយភាពក្រីក្រ និងការបង្កើនសុខភាពសាធារណៈជាសកល ។
ប្រាកដណាស់ ការផ្តល់ជំនួយដោយប្រទេសចិន គឺមានគំរូខុសគ្នាពីប្រទេសលោកខាងលិច។ អឺរ៉ុប និងសហរដ្ឋអាមេរិកតែងតែផ្តោតខ្លាំងលើការថែទាំសុខភាព និងការអប់រំ ខណៈជំរុញការលូតលាស់សង្គមស៊ីវិល និងការចូលរួមពីពលរដ្ឋ។ សម្រាប់ចិនវិញ ពួកគេផ្តល់ជំនួយជាលក្ខណៈទ្វេភាគី និងផ្តោតសំខាន់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ។ ប៉ុន្តែអ្នកដឹកនាំចិន ក៏បានបង្ហាញពីចំណាប់អារម្មណ៍ពង្រឹងសង្គមស៊ីវិល និងបង្កើនជីវភាពរស់នៅដែរ ។
ទោះជាការផ្តល់ជំនួយពីប្រទេសចិននៅមានកម្រិតនៅឡើយ បើធៀបនឹងប្រទេស OECD ដទៃ ប៉ុន្តែចិននៅតែបង្ហាញចំណាប់អារម្មណ៍ក្លាយជាអ្នកដឹកនាំការអភិវឌ្ឍនេះ ជាពិសេស ផ្នែកសុខភាព ៕
ដកស្រង់ពី Project-syndicate
ចែករំលែកព័តមាននេះ