រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការបែកធ្លាយថា មន្ត្រីក្នុងជួរគណបក្សហ៊្វុនស៊ិនប៉ិចមួយចំនួនកំពុងតែស្វះស្វែងរកជំនួយ ដើម្បីទទួលបានអាសនះក្នុងរដ្ឋសភា ដែលបានមកពីការរំលាយគណបក្សសង្គ្រោះជាតិនៅពេលខាងមុខនោះ មន្ត្រីជាន់ខ្ពស់គណបក្សនេះបានអះអាងថា ប្រសិនបើរកឃើញករណីនេះពិតមែន នឹងបញ្ឈរជើងមន្ត្រីនោះនៅមួយកន្លែង។
លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចបានលើកឡើងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៧ តុលា ឆ្នាំ២០១៧ នៅទីស្នាក់ការគណបក្សថា ការធ្វើការនៅក្នុងជួរគណបក្សលោកមានក្រមវិន័យច្បាប់លាស់សម្រាប់មន្ត្រី។
លោកបន្តថា ក្នុងជួរគណបក្សហ៊្វុនស៊ិនប៉ិចត្រូវបានសម្តេចក្រុមព្រះនរោត្តមរណឬទ្ធិ ចាត់តាំងមនុស្ស៥នាក់មើលការខុសត្រូវ និងមានអនុប្រធានចំនួន៩រូប និងអគ្គលេខាធិការ១រូបជាអ្នកមើលការខុសត្រូវរាល់បញ្ហានានា។ សូមបញ្ជាក់ថា បើបក្សប្រឆាំងត្រូវបានរំលាយនោះ គណបក្សហ៊្វុនស៊ិនប៉ិច អាចទទួលបានអាសនះនៅរដ្ឋសភាប្រមាណ ៤១ អាសនះ។
លោកបញ្ជាក់ថា៖ « យើងបានកំណត់ហើយ សម្តេចក្រុមព្រះលោកបានមានព្រះបន្ធូលហើយបើអ្នកណាហ៊ានបង្ខូច ឬបង្កើតបញ្ហានៅក្នុងបក្ស នោះទុកគាត់មួយកន្លែង »។ ចំពោះព័ត៌មានថា មានមន្ត្រីមួយចំនួនរត់ការចង់បានតំណែងពីការបែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បញ្ជាក់ថា មិនមានមន្ត្រីណារត់ការចង់បានតំណែងតំណាងរាស្ត្រនោះទេ ហើយអ្នកណាដែលហ៊ានបង្កបញ្ហារឿងរត់ការនេះ គឺមន្ត្រីនោះនឹងយកមកទុកមួយកន្លែង៕
ចែករំលែកព័តមាននេះ