ខេត្តប៉ៃលិន ៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋឲ្យដឹងថា ឈើប្រណិតប្រភេទធ្នង់ចំនួន៥ដុំធំៗ ប្រវែងជាង២ម៉ែត្រ ដែលកម្មករជាច្រើននាក់ បានលួចឆ្លងដែនខុសច្បាប់ ទៅស៊ីឈ្នួលកាប់ឲ្យឈ្មួញខ្មែរ នៅក្នុងទឹកដីថៃ លុះនាំគ្នាជញ្ជូនឆ្លងចូលមកក្នុងទឹកដីខ្មែរ ត្រូវទាហានព្រំដែនស្ទាក់ចាប់បាន ស្រាប់តែមេព្រៃប្រគល់ឈើជូនឈ្មួញទៅវិញបាត់ស្រមោល ។ តែខាងមេព្រៃបានប្រាប់ថា ឈើទាំងនោះ ត្រូវបានយកទៅរក្សាទុកនៅក្នុងស្នាក់ការ រង់ចាំបញ្ជូនទៅថ្នាក់លើ ។
ហេតុការណ៍ កើតឡើងកាលពីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបង្គោលសីមាលេខ៦៥ ក្នុងភូមិបហ៊ុយត្បូង សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ។
ប្រជាពលរដ្ឋបានឲ្យដឹងថា បន្ទាប់ពីក្រុមកម្មកររកស៊ីលីសែងឈើឲ្យមេឈ្មួញដុះស្លែម្នាក់ ឈ្មោះ រិទ្ធិ រស់នៅក្នុងក្រុងប៉ៃលិន លុះពេលឃើញមន្ត្រីយោធា ក៏នាំគ្នាបោះឈើធ្នង់ចំនួន៥ដុំធំៗ ប្រវែងជាង២ម៉ែត្រចោលក្នុងគុម្ពពោត ហើយក៏រត់គេចខ្លួនបាត់ស្រមោល ។ ក្រោយមកគេរាយការណ៍ទៅមន្ត្រីរដ្ឋបាលព្រៃឈើឲ្យចុះទៅត្រួតពិនិត្យ និងយកឈើទាំងនោះទៅរក្សាទុកនៅស្នាក់ការ ។ ប្រភពបន្តទៀតថា ប៉ុន្តែមិនដឹងជាខាងរដ្ឋបាលព្រៃឈើ ត្រូវគ្នាជាមួយឈ្មួញ ឬយ៉ាងណានោះទេ បានជាប្រគល់ឈើទាំងអស់នោះទៅឲ្យក្រុមឈ្មួញវិញអស់រលីង ដោយមិនឃើញយកទៅរក្សាទុកនៅក្នុងបន្ទាយ ឬបញ្ជូនទៅថ្នាក់លើនោះឡើយ ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក អ៊ុំ ណូន នាយនគរបាលព្រំដែនបានឲ្យដឹងថា ការចុះទៅបង្ក្រាបចាប់ឈើខុសច្បាប់នេះ ខាងលោកបានបញ្ជូននគរបាលចំនួន៥នាក់ឲ្យចូលរួមជាមួយមន្ត្រី រដ្ឋបាលព្រៃឈើ ហើយខាងលោកក៏បានប្រគល់ឈើទាំងនោះទៅមេព្រៃអស់ហើយ ខាងលោកមិនដឹងជាគេយកទៅណានោះទេ បើចង់ដឹងច្បាស់ទាក់ទងទៅលើបន្តទៀត ។
ចំណែកលោក អោម វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិនវិញ ខាងភ្នាក់ងារយើងមិនអាចទាក់ទងបំភ្លឺបានទេ ខណ:ទូរស័ព្ទខលចូលជាច្រើនលើកច្រើនសារ គ្មានអ្នកទទួលនោះ ។ រហូតដល់ក្រោយមក ភ្នាក់ងារយើងបានទាក់ទងទៅលោក មិន រ៉ាវុធ នាយផ្នែករដ្ឋបាលព្រៃឈើក្រុងប៉ៃលិន បានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋខាងលោកបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយឃើញឈើធ្នង់ចំនួន៥ដុំ រួចយកទៅរក្សាទុកនៅក្នុងកន្លែងស្នាក់ការនៅឡើយទេ មិនទាន់បានបញ្ជូនទៅខាងណាឡើយ រង់ចាំបញ្ជាពីថ្នាក់លើទើបចាត់ការបន្ត ៕
ចែករំលែកព័តមាននេះ