រាជធានីភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូឌ្រីមសង់ ពណ៌ក្រហម ឆ្លងទទឹងផ្លូវ មិនប្រយ័ត្ន ត្រូវរថយន្តដឹកទំនិញមួយគ្រឿង បើកប៉ះបណ្តាលឲ្យដួលរងរបួសស្រាល ស្របពេលនោះដែរ រថយន្តបង្កបានបួងចង្កូតគេចចេញ ព្រោះខ្លាចកិនមនុស្ស ក៏ជ្រុលទៅបុកនឹងម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ ដែលជិះដោយបុរសម្នាក់ទៀត ក្នុងទិសដៅស្របគ្នា ចំពីក្រោយពេញទំហឹង ព្រមទាំងអូសម៉ូតូជិះត៥០០ម៉ែត្រ ពីក្រោមរថយន្ត បណ្តាលឲ្យអ្នកម៉ូតូរងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និ១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ទុលមុខនឹងភោជនីយដ្ឋាន សួនស្នេហ៍ចំការដូង ផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ៖ មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៣ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១I-៤០៥៩ បានជិះឆ្លងកាត់ទទឹងផ្លូវ ក្នុងទិសដៅលិចទៅកើត ខណៈពេលដែលឆ្លងជិតផុតហើយនោះ ក៏ស្រាប់តែមានបុរសម្នាក់ វយ័ជាង៤០ឆ្នាំ បានបើករថយន្តបង្កដឹកទំនិញមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម ៣A-០១៤៧ បានធ្វើដំណើរតាមផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន បានជ្រុលទៅប៉ះគូថក្រោយបន្តិចបណ្ដាលឲ្យម៉ូតូដួល ពេលនោះដែរ អ្នកបើកបបររថយន្ត បានប្រឹងបួងចង្កូតមកខាងស្តាំ ដើម្បីគេចកុំឲ្យកិនមនុស្ស ក៏ជ្រុលទៅបុកនឹងម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BK-៥៤៤២ ដែលជិះដោយបុរសម្នាក់ ក្នុងទិសដៅស្របគ្នា ចំពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូ រងរបួសបាក់ជើងខាងឆ្វេង និងបែកផ្លោកនោម ត្រូវបានរថយន្តសង្គ្រោះបានមកដឹកយកទៅ គ្លិនិកឯកជន សួគា៍ ។
ដោយឡែកខាងរថយន្តវិញ ឃើញសភាពបែបនេះ បានបើករថយន្ត រត់គេចខ្លួនទាំងម៉ូតូនៅក្រោមរថយន្ត បែកផ្កាភ្លើងពេញផ្លូវ ពីកន្លែងកើតហេតុ៥០០ម៉ែត្រ ទើបត្រូវបានសមត្ថកិច្ច ដែលប្រចាំការនៅក្បែរនោះ ដេញតាមឃាត់បានទាំងរថយន្ត និងអ្នកបើកបបរ រួចហើយបាននាំខ្លួនយកទៅសាកសួរ នៅអធិការដ្ឋានខណ្ឌដង្កោ ។
ក្រោយពេលកើតហេតុ រថយន្ត និងម៉ូតូ២គ្រឿង ព្រមទាំងអ្នកបើករថយន្ត ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សារទុក នៅការរិយាល័យចរាចរណ៍ជើងគោក ដើម្បីធ្វើការដោះស្រាយ ៕
ចែករំលែកព័តមាននេះ