រាជធានីភ្នំពេញ ៖ ស្របពេលបច្ចេកវិទ្យាកាន់តែរីកចម្រើន និងនិន្នាការសិក្សាតាមបែប E-learning កំពុងកើនឡើង តម្រូវការសម្ភារបរិក្ខារទំនើបនៅក្នុងថ្នាក់រៀន គឺជាភាពចាំបាច់មួយដើម្បីអភិវឌ្ឍន៍គុណភាពវិស័យអប់រំនៅកម្ពុជា ។
លោក ឈឹម រិទ្ធី នាយកប្រតិបត្តិនៃវិទ្យាស្ថានអភិវឌ្ឍន៍ធនធានកម្ពុជា បានថ្លែងកាលពីពេលថ្មីៗនេះថា ការបំពាក់គ្រឿងបរិក្ខារទំនើបក្នុងថ្នាក់រៀននៅកម្ពុជា គឺជារឿងចាំបាច់ដើម្បីជួយឲ្យសិស្សកាន់តែមានសមត្ថភាព និងតាមទាន់បរិយាកាសការងារដែលកំពុងតែផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ។ លោកបន្តថា ដើម្បីធ្វើឲ្យប្រព័ន្ធអប់រំរាប់ទាំងការបង្រៀន និងការសិក្សាមានភាពល្អប្រសើរ ការបណ្តុះបណ្តាលគ្រូ និងការបណ្តុះបណ្តាលសាឡើងវិញដើម្បីក្លាយជាអ្នកបង្វឹកបន្តដល់កូនសិស្ស អ្នកបង្រៀន និងអ្នកបង្វឹកសិស្ស ដើម្បីរៀនអំពីរបៀបរៀនសូត្រ ក្លាយជាសិស្សឯករាជ្យរៀនដោយខ្លួនឯងបានគឺត្រូវតែប្រើធនធានមេរៀនតាមប្រព័ន្ធអុីនធើរណេតឲ្យអស់ពីលទ្ធភាព ។ ចំណុចនេះ តម្រូវឲ្យមានជំនាញភាសាអង់គ្លេស និងការប្រើប្រាស់ស្មាតហ្វូនផងដែរ ។
លោកបន្តថា ៖« បច្ចេកវិទ្យាកំពុងផ្លាស់ប្តូរកន្លែងធ្វើការយ៉ាងឆាប់រហ័ស ។ អ្វីដែលសិស្សរៀនពីសាលា នឹងមិនអាចជួយពួកគេមួយជីវិតបានទេ ក៏ព្រោះតែការផ្លាស់ប្តូរបែបផែននៃការធ្វើការយ៉ាងឆាប់រហ័ស » ។ លោកបន្តថា ៖«ដូច្នេះហើយពួកគេត្រូវរៀនពីមេរៀនថ្មីៗ និងជំនាញសម្រាប់ប្រើប្រាស់ក្នុងការងារពេញមួយជីវិតតែម្តង » ។
នាថ្ងៃអនាគត ជំនាញទន់ដែលអាចផ្លាស់ពីការធ្វើការងារមួយទៅការងារមួយទៀតបាន នឹងមានសារសំខាន់សម្រាប់អ្នកបញ្ចប់ការសិក្សា ដើម្បីបត់បែនទៅតាមទីផ្សារការងារដ៏ប្រកួតប្រជែងទាន់ពេលវេលា ។ ជំនាញទន់ទាំងនេះរួមមាន ជំនាញបង្វឹកគំនិតច្នៃប្រឌិត ការគិតស៊ីជម្រៅ ទំនាក់ទំនង និងជំនាញសហការ ។
លោក ឈឹម រិទ្ធី បន្ថែមថា អនាគតរបស់វិស័យអប់រំ គឺត្រូវពឹងផ្អែកលើការសិក្សាទាំងខាងក្នុង និងខាងក្រៅថ្នាក់រៀន ។ ដើម្បីឲ្យសិស្សានុសិស្សទទួលបានជំនាញសម្រាប់ប្រើប្រាស់ក្នុងសតវត្សរ៍ទី២១នេះ អ្នកចាំបាច់ត្រូវតែមើលសាឡើងវិញលើការតុបតែង និងគ្រឿងបរិក្ខារបំពាក់ក្នុងថ្នាក់រៀន ។ គ្រូបង្រៀនគួរតែទទួលបានការបណ្តុះបណ្តាល រីឯថ្នាក់រៀនវិញគួរតែរៀបចំឡើង ដើម្បីជួយឲ្យសិស្សអាចសិក្សាបានដោយខ្លួនឯង ។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting បានថ្លែងថា និយាយពីបញ្ហាបច្ចេកវិទ្យាឃើញថា ចំណេះដឹងរបស់យុវជននៅមានកម្រិតច្រើន បើធៀបជាមួយប្រទេសក្នុងតំបន់ គឺមានមួយចំនួនតូចប៉ុណ្ណោះ ដែលមានចំណេះដឹង និងអាចទាញយកផលប្រយោជន៍ច្រើនពីផ្នែកនេះ ដោយសារហេដ្ឋារចនាសម្ព័ន្ធផ្នែកនេះមិនបានពង្រីកដល់ជនបទឡើយ ហើយស្ថានភាពនៅកម្ពុជា គឺដូចប្រទេសកូរ៉េក្នុងទសវត្សរ៍៨០ ។ លោកបន្តថា ក្នុងស្ថានភាពបែបនេះ វានឹងធ្វើឲ្យមានគម្លាតប្រាក់ចំណូលកាន់តែខ្លាំងរវាងប្រជាពលរដ្ឋនៅទីក្រុង និងជនបទ ។
លោកបន្តថា ៖« តាមរយៈកម្មវិធី STEM របស់ក្រសួងអប់រំ វាជាការចាប់ផ្តើមដ៏ល្អមួយដែលបានដាក់ចេញ ។ វាជាចំណុចចាប់ផ្តើមមួយ ប៉ុន្តែទាមទារការវិនិយោគច្រើនពីរាជរដ្ឋាភិបាល » ៕
ចែករំលែកព័តមាននេះ