រាជធានីភ្នំពេញ ៖ ស្របពេលក្រសួងសាធារណការ និងដឹកជញ្ជូនពង្រីកទីតាំងសម្រាប់ត្រួតពិនិត្យបច្ចេកទេសយានយន្ត(ឆៀក)នៅតាមបណ្តោយផ្លូវជាតិលេខ១ មន្ត្រីជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន បានពន្យល់ពីសារសំខាន់នៃការត្រួតពិនិត្យនេះ ។
លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លើយតបពីបញ្ហានេះដូចខាងក្រោម ៖
តើហេតុអ្វីចាំបាច់មានការត្រួតពិនិត្យបច្ចេកទេសយានយន្ត ?
តាមលក្ខណៈបច្ចេកទេសរថយន្តអាចត្រូវត្រួតពិនិត្យប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ ឬប្រចាំឆ្នាំ ដើម្បីឲ្យការបើកបរមានសុវត្ថិភាព ប៉ុន្តែការត្រួតពិនិត្យបច្ចេកទេសយានយន្តជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋដែលត្រូវធ្វើ ។
ការឆៀករថយន្ត ជាការធ្វើឡើងដើម្បីដឹងថា រថយន្តមានបញ្ហាអ្វី ដើម្បីឲ្យម្ចាស់យានយន្តបានដឹងជាមុន និងធ្វើការជួសជុលតាមការចង្អុលបង្ហាញរបស់មន្ត្រីបច្ចេកទេសបានបង្ហាញ ប៉ុន្តែប្រសិនជាត្រូវជួសជុល តែម្ចាស់មិនជួសជុលហើយមានគ្រោះថ្នាក់ចរាចរណ៍ដាច់កង់ ឬមានបញ្ហាកណ្តាលផ្លូវ នោះជារឿងរបស់បុគ្គល មិនមែនជារឿងរបស់ក្រសួងនោះទេ ។
តើការឆៀករថយន្តធ្វើឡើងអនុលោមតាមច្បាប់អ្វី ?
ការឆៀករថយន្តធ្វើឡើងតាមការតម្រូវរបស់ច្បាប់ ដែលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានចែងពីបញ្ហានេះ ដោយតម្រូវឲ្យម្ចាស់យានយន្តត្រូវធ្វើការត្រួតពិនិត្យបច្ចេកទេសជាចាំបាច់ ។
ក្រៅពីសារប្រយោជន៍នៃការដឹងពីស្ថានភាពយានយន្តរបស់ខ្លួន ការឆៀកមានប្រយោជន៍អ្វីដទៃទៀត ?
ការឆៀកមានសារប្រយោជន៍ណាស់ ទី១ ដើម្បីដឹងពីស្ថានភាពរថយន្តរបស់ខ្លួន និងធ្វើការជួសជុលតាមស្ថានភាពនៃការខូចខាត តាមឧបករណ៍បច្ចេកទេសដែលបានបង្ហាញ ។ ទី២ សម្រាប់ការបង់ពន្ធរថយន្ត ព្រោះដើម្បីបង់ពន្ធបាន ម្ចាស់យានយន្តត្រូវបង្ហាញឯកសារត្រួតពិនិត្យបច្ចេកទេសយានយន្ត ។ ទី៣ វាជាកាតព្វកិច្ចផ្លូវច្បាប់ ដើម្បីកុំឲ្យមានការផាកពិន័យពីមន្ត្រីមានសមត្ថកិច្ច ។
តើរថយន្តនីមួយៗត្រូវត្រួតពិនិត្យបច្ចេកទេសប៉ុន្មានដង ?
ការត្រួតពិនិត្យយានយន្តត្រូវធ្វើឡើងពីរឆ្នាំម្តង សម្រាប់យានយន្តជជុះ ជាលក្ខណៈគ្រួសារ និងរថយន្តធុនធ្ងន់ ត្រូវត្រួតពិនិត្យបច្ចេកទេសជារៀងរាល់ឆ្នាំ ។
តើរថយន្តថ្មីត្រូវត្រួតពិនិត្យបច្ចេកទេសឬទេ ?
តាមច្បាប់កំណត់ រថយន្តថ្មីមិនតម្រូវឲ្យត្រួតពិនិត្យបច្ចេកទេសនោះទេ ប៉ុន្តែបន្ទាប់ពីប្រើរយៈពេល២ឆ្នាំឡើង រថយន្តទាំងនោះទាមទារត្រួតពិនិត្យបច្ចេកទេសដូចរថយន្តនានាផងដែរ ។
តើការចុះឈ្មោះត្រួតពិនិត្យយានយន្ត ធ្វើឡើងតាមរូបភាពអ្វីខ្លះ ?
ការចុះឈ្មោះត្រួតពិនិត្យបច្ចេកទេសយានយន្ត ត្រូវធ្វើឡើងតាមរយៈការចុះឈ្មោះតាមអនឡាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ហើយបើសិនជាមិនចេះចុះឈ្មោះតាមអនឡាញទេ ម្ចាស់យានយន្តត្រូវទៅកាន់កន្លែងត្រួតពិនិត្យយានយន្ត និងតម្រង់ជួរចាប់លេខរៀងជាធម្មតា ៕
ចែករំលែកព័តមាននេះ