ខេត្តកណ្តាល ៖ បុរសជាប្ដីដើមបានត្រូវបុរសជាប្ដីចុង និងគូកន ព្រួតគ្នាវាយបណ្តាលឱ្យរបួសបែកក្បាល ខណៈមកលេងផ្ទះប្រពន្ធ កូន កាលពីវេលាម៉ោង០៥ និង១០នាទីល្ងាចថ្ងៃទី២០ កក្កដា ស្ថិតនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ។ មន្ត្រីនគរបាលស្រុកកោះធំបានឱ្យដឹងថា ក្រោយពីមានអំពើហិង្សានេះកើតឡើង បុរសជាប្ដីចុងក៏ត្រូវនគរបាលចាប់ខ្លួន ។ ជននេះឈ្មោះរី គង់ អាយុ៤០ឆ្នាំ រស់នៅភូមិក្បាលកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ជាកសិករ និងគូកនម្នាក់ដែលគេចខ្លួនឈ្មោះតុង លីន ភេទប្រុស អាយុ៤២ឆ្នាំ ។ ជនទាំង២នាក់ បានព្រួតគ្នាវាយជនរងគ្រោះឈ្មោះហុំ តូនី អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ជាកសិករ ។
មន្ត្រីនគរបាលបានឱ្យដឹងទៀតថា ជនរងគ្រោះជាប្តីដើមនេះ បានលែងលះប្រពន្ធនៅត្រឹមសាលាឃុំជាយូរឆ្នាំមកហើយ និងបានទៅរស់នៅក្នុងភូមិព្រែកឡាច ឃុំជ្រោយតាកែវ ស្រុកកោះធំ ជាស្រុកកំណើតរបស់ខ្លួន ។ ប៉ុន្តែជនរងគ្រោះតែងតែមកលេងប្រពន្ធកូនជារឿយៗ និងមិនដឹងថា ប្រពន្ធមានប្តីទៀតនោះទេ ។ នៅពេលកើតហេតុខាងលើ ជនរងគ្រោះជាប្តីដើមបានមកលេងកូនក្នុងភូមិកំពង់ថ្កុល ។ ពេលមកដល់ផ្ទះឃើញមនុស្សប្រុសម្នាក់ (ប្តីចុង) នៅជាមួយប្រពន្ធរបស់ខ្លួន ក៏សួរថា គេជានរណា? នៅពេលនោះប្រពន្ធឆ្លើយថា គឺជាប្ដីឈ្មោះរី គង់ ដែលទើបសែនព្រេនជាមួយគ្នាជាប្ដី-ប្រពន្ធ ។
ខណៈនោះ ជនរងគ្រោះបានហៅឈ្មោះរី គង់ មកនិយាយគ្នា ប៉ុន្តែមិនទាន់បាននិយាយអ្វីផង ស្រាប់តែឈ្មោះ តុង លីន ជាគូកនបានស្ទុះមកវាយជនរងគ្រោះជាប្តីដើម រួមនឹងឈ្មោះ រី គង់ ក៏មកព្រួតគ្នាវាយដែរ បណ្ដាលឱ្យប្តីដើមនោះបែកក្បាល និងហើមមុខ។ ដោយពុំអាចតបតបាន ទើបបុរសជាប្តីដើមរត់គេចចេញ មករកការអន្តរាគមន៍ពីនគរបាល ។ ក្រោយមក នគរបាលប៉ុស្ដិ៍សំពៅពូន បានចាប់ឃាត់ខ្លួនបុរសឈ្មោះ រី គង់ ជាប្តីចុងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ចំណែកឈ្មោះតុង លីន ជាគូកនបានរត់គេចខ្លួនបាត់ ៕
ចែករំលែកព័តមាននេះ