ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​ពេល​ប្រកាស​សាលក្រម មន្ត្រី​សាលា​រាជធានី​២​នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំ​ពេ​បាន​លើក​ពេល​ប្រកាស​សាលក្រម​សំណុំរឿង​អតីតមន្ត្រី​សាលា​រាជធានី​ភ្នំពេញ​២​នាក់ ទៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ខាង​មុខ​នេះ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំ​ពេ​បាន​លើក​ពេល​ប្រកាស​សាលក្រម​សំណុំរឿង​អតីតមន្ត្រី​សាលា​រាជធានី​ភ្នំពេញ​២​នាក់ ទៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ខាង​មុខ​នេះ ពាក់​ពន្ធ​សំណុំរឿង វីតិក្រម​។ ជនជាប់ចោទ​ម្នាក់​ឈ្មោះ ម៉ៃ វ​ណ្ណា​រុំ ភេទ​ប្រុស ជា​មន្ត្រី​បម្រើ​ការ​នៅ​ការិយាល័យ​វិនិយោគ​សាលា​រាជធានី​ភ្នំពេញ និង​ម្នាក់​ឈ្មោះ រដ្ឋ បូ​រី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មាន​តួនាទី​ជា​ប្រធាន​ការិយាល័យ​ផែនការ​វិនិយោគ​សាលា​រាជធានី​ភ្នំពេញ​។ កាលពី​រសៀល​ថ្ងៃ​ទី​១៤ កក្កដា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​វីតិក្រម មក​បើក​សវនាការ ដើម្បី​ផ្តន្ទាទោស​លើ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​២​នាក់​នោះ​ជាប់​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ លើ​ទឹកប្រាក់​២១​លាន​រៀល​។

ក្នុង​សវនាការ​ជនជាប់ចោទ​ឈ្មោះ រដ្ឋ បូ​រី ជា​ប្រធាន​ការិយាល័យ​វិនិយោគ​សាលា​រាជធានី បាន​ឆ្លើយ​ថា នៅ​អំឡុង​ខែសីហា ឆ្នាំ​២០១៥ មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ រ៉ា​យ​ធិ​ច បាន​ទំនាក់ទំនង​ការិយាល័យ​ផែនការ​វិនិយោគ ដើម្បី​សុំ​ចុះបញ្ជី​បើក​ក្រុមហ៊ុន​។ ពេល​នោះ​លោក​បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន​បង់ប្រាក់​ចំនួន​២១​លាន​រៀល ដោយ​បូក​បញ្ចូល​ទាំង​ប្រាក់​ពន្ធ​ចុះបញ្ជី និង​ប្រាក់​ពន្ធ​ចុះ​ពិនិត្យ​ទីតាំង​ចំនួន​៦​លាន​រៀល ដែល​ប្រាក់​ទាំង​២១​លាន​រៀល​នេះ លោក​បាន​ឲ្យ​ឈ្មោះ ម៉ៃ វ​ណ្ណា​រុំ ជា​អ្នក​ទទួល​ទុក​ដោយ​មិន​មាន​ចេញ​វិក្កយបត្រ​ឲ្យ​ទៅ​ក្រុមហ៊ុន​វិញ​ទេ​។ ក្រោយមក​ពេល​រៀបចំ​បែបបទ​រួច​លោក​ក៏​បាន​ឲ្យ​ឈ្មោះ ម៉ៃ វ​ណ្ណា​រុំ ជាមួយនឹង​តំណាង​ក្រុមហ៊ុន​ដក​ប្រាក់​ដែល​ក្រុមហ៊ុន​បាន​បង់​ចំនួន​៧​លាន​រៀល​យក​ទៅ​បង់​នៅ​ទីចាត់ការ​ហិរញ្ញវត្ថុ និង​ទទួល​មក​វិញ​នូវ​វិក្កយបត្រ​ដែល​បាន​បង់​តែ​៧​លាន​រៀល​ប៉ុណ្ណោះ​។

ចំពោះ​ប្រាក់​នៅ​សល់​១៤​លាន​រៀល​គឺ​រក្សា​ទុក​នៅ​ការិយាល័យ​ផែនការ​វិនិយោគ ដើម្បី​ទុក​បង់​ព័ន្ធ​លើ​តម្រូវការ​ផ្សេង​ទៀត​ដូច​ជា​បង់​ឲ្យ​ក្រុមប្រឹក្សា​វិនិយោគ​កម្ពុជា និង​បង់​ចូល​មន្ទីរ​ហិរញ្ញវត្ថុ តែ​បែរជា​ក្រុមហ៊ុន​បាន​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។ ចំណែក​លោក ម៉ៃ វណ្ណ​រុំ បាន​ឆ្លើយ​ថា ខ្លួន​ពិតជា​បាន​ទទួល​ប្រាក់​ពី​ក្រុមហ៊ុន​រ៉ា​យ​ធិ​ច​ចំនួន​២១​លាន​រៀល​មែន​។ បើ​ទោះបីជា​យ៉ាងណា អតីតមន្ត្រី​សាលា​រាជធានី​ទាំង​២​នាក់ ពិតជា​បាន​ទទួលស្គាល់​ថា​អ្វី​ដែល​ពួក​គេ​ធ្វើ​គឺ​ខុសច្បាប់ គ្រាន់តែ​ស្នើ​សុំ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សា មានការ​បន្ធូ​បន្ថយទោស​តែ​ប៉ុណ្ណោះ​។ ក្រោយ​ពេល​ចប់​សវនាការ​លោក រស់ ពិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សា បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម លើ​សំណុំរឿង​ក្ដី​នេះ​ទៅ​ថ្ងៃ​ទី​១៩ ក​ក្ដ​ដា ២០១៧​ខាង​មុខ​នេះ​។

គួរ​បញ្ជាក់​ថា មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​២​នាក់​នោះ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន កាលពី​ល្ងាច​ថ្ងៃ​ទី​០២ មីនា ២០១៧ ក្រោម​ការ​ចោទប្រកាន់​ពី​បទ វីតិក្រម​តាម​មាត្រា​៥៩២ មាត្រា​៥៩៣ នៃ​ក្រមព្រហ្មទណ្ឌ​៕