រាជធានីភ្នំពេញ ៖ មួយរយៈចុងក្រោយនេះ ការប្រើប្រាស់រថយន្ដដែលប្រព័ន្ធហាយប្រ៊ិត (Hybrid) នៅកម្ពុជា ពិសេសរថយន្ដព្រូស (Prius) និង Camry Hybrid មានកំណើនគួរឲ្យកត់សម្គាល់ ដោយសារតែអ្នកទិញគិតថា ការជិះរថយន្ដប្រភេទនេះអាចសន្សំសំចៃបានច្រើន ពិសេសពេលបើកបរនៅក្នុងក្រុង ។ យ៉ាងណាក៏ដោយ ជាងជួសជុល និងអ្នកដែលធ្លាប់ប្រើ បានផ្ដល់ជាយោបល់ថា ប្រសិនបើទិញរថយន្ដប្រើប្រព័ន្ធHybridមួយទឹក គួរពិចារណាបន្ដិច ព្រោះភាគច្រើនវាមានបញ្ហាញឹកញាប់ជាងរថយន្ដធម្មតា ជាពិសេសគឺអាគុយ និងប្រព័ន្ធហ្វ្រាំងអាបេអេសរបស់វា ។ ចំណែកគ្រឿងបន្លាស់ និងសេវាក៏ថ្លៃជាងរថយន្ដធម្មតាដែរ ។
ជាងជួសជុលប្រព័ន្ធភ្លើងរថយន្ដ និងវិភាគរថយន្ដដោយប្រព័ន្ធកុំព្យូទ័រ នៅក្រុមហ៊ុនលក់រថយន្ដពិភពថ្មី បានឲ្យដឹងកាលពីថ្ងៃទី៥ កក្កដា ម្សិលមិញថា រថយន្ដប្រើប្រព័ន្ធHybrid នេះ វាស៊ីសាំងតិច សន្សំសំចៃបានច្រើន ពិសេសពេលបើកបរក្នុងក្រុងដែលមានការកកស្ទះចរាចរណ៍ ឬបើកបរក្នុងល្បឿនមធ្យមនោះ វាមិនស៊ីសាំងច្រើនទេ គឺវាប្រើអាគុយច្រើនជាង ប៉ុន្ដែរថយន្ដប្រភេទនេះ បើទិញមួយទឹកវិញ វាឧស្សាហ៍ខូចអាគុយ ប្រព័ន្ធហ្វ្រាំងអាបេអេស និងប្រព័ន្ធភ្លើង ដែលភាគច្រើនម្ចាស់រថយន្ដយកមកជួសជុលជាញឹកញាប់ ពិសេស រថយន្ដប្រភេទ Prius និង Camry Hybrid ។
លោកអេង បូរី បាននិយាយថា ៖« រថយន្ដ Prius និង Camry Hybrid មួយទឹកភាគច្រើនឧស្សាហ៍ឃើញគេយកមកជួសជុលជាងគេទៅលើអាគុយ, បូមទឹក និងប្រព័ន្ធហ្វ្រាំងអាបេអេសរបស់វា ។ ចំណែក Lexus 400h ឬ Highlander Hybrid មិនសូវមានទេ ព្រោះវាថ្មី ប៉ុន្ដែបើនិយាយពីអាគុយរថយន្ដប្រភេទនេះវិញ ពេលដល់អាយុកាលរបស់វាគឺខូចដូចអាគុយធម្មតាអីចឹង គ្រាន់តែតម្លៃវាថ្លៃ » ។
ចំពោះតម្លៃអាគុយមួយទឹករថយន្ដប្រភេទនេះ លោកថា បើនាំចូលពីអាមេរិក តម្លៃចាប់ពី៥០០ទៅ៦០០ដុល្លារ ហើយបើទិញថ្មីត្រូវកុម្មង់ និងមានតម្លៃចាប់ពី៣ពាន់ដុល្លារឡើង វាថ្លៃជាងអាគុយរថយន្ដធម្មតាច្រើនណាស់ ប៉ុន្ដែបើមានបញ្ហា ក៏មិនបាច់ដូរទាំងមូលដែរ មានន័យថា បើអាគុយនេះខូចបន្ទប់មួយណា គឺដូរបន្ទប់នោះចោលតែម្ដង ។
លោកយល់ថា វាពិបាកនិយាយថារថយន្ដប្រភេទណា ល្អជាងប្រភេទណាស់ តែប្រសិនបើចង់ទិញរថយន្ដប្រើ គួរទិញរថយន្ដធម្មតា វាល្អប្រើជាងរថយន្ដប្រភេទHybrid បើទោះបីវាស៊ីសាំងតិចមែន តែវាមានគុណវិបត្តិបន្ដិច ។ ណាមួយតម្លៃសាំង និងម៉ាស៊ូតឥឡូវក៏ថោកសមរម្យក្នុងរង្វង់ជាង៣ពាន់រៀលដែរ មិនដូចកាលពី៤ឬ៥ឆ្នាំមុន តម្លៃជិត៦ពាន់រៀលក្នុង១លីត្រនោះទេ ដូច្នេះជិះរថយន្ដHybrid មិនប្រាក់កដថា សន្សំសំចៃបាននោះទេ ប៉ុន្ដែបើស្រឡាញ់ពេញចិត្តប្រភេទ Hybridនេះ ហើយចង់ទិញ គួរទិញ Lexus 400h ឬ Highlander Hybrid ព្រោះវាមិនសូវមានបញ្ហា។
ចំណែកម្ចាស់ហាងលក់រថយន្ដមួយទឹកដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះម៉ៅសេទុងបានឲ្យដឹងនាថ្ងៃដដែលនេះដែរថា ក្នុង១ខែគិតជាធម្យមលោកលក់បានពី៥ទៅ៧គ្រឿង ដែលភាគច្រើនជារថយន្ដPrius នេះ ។
លោកចក់ សារិន ម្ចាស់ហាងលក់រថយន្ដរូបនេះនិយាយថា ៖« ជាធម្មតា របស់ដែលចាស់ គឺវាខូចអីចឹងហើយ គ្មានអ្វីជាអមតៈទេ សំខាន់យើងចេះថែទាំ ។ ចំណែកគ្រឿងបន្លាស់ និងសេវាកម្មជួសជុលវិញ វាមិនខុសថ្លៃគ្នាប៉ុន្មានទេ » ។
លោកបានប្រៀបធៀបថា ៖« បើយើងនិយាយពីដុំហ្វ្រាំងអាបេអេសសម្រាប់រថយន្ដប្រើប្រព័ន្ធHybrid ធៀបនឹងរថយន្ដធម្មតាវិញ ឃើញថា រថយន្ដPrius តម្លៃប្រហែល៤៥០ដុល្លារ, Camry Hybrid តម្លៃប្រហែល១.២០០ដុល្លារ និងLexusតម្លៃប្រហែល៣.២០០ដុល្លារ បើធៀបនឹងរថយន្ដ Camry បាឡែនធម្មតា ដុំហ្វ្រាំងអាបេអសរបស់វា ក៏មានតម្លៃប្រហែល៧៥០ដុល្លារដែរ ។ ចំណែកថ្លៃសេវាវិញ មិនលើសគ្នាទេ គឺប្រហែល៣០ដុល្លារប៉ុណ្ណោះ » ។
បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលម្នាក់នៅក្រុងភ្នំពេញបានមានប្រសាសន៍ថា លោកប្រើប្រាស់រថយន្តហាយប្រ៊ីតជាង៥ឆ្នាំមកហើយ ដោយសារតែការប្រើប្រាស់ គឺមានភាពងាយស្រួល ស៊ីសាំងតិច តែការចំណាយលើការជួសជុលក៏រាងថ្លៃដែរ ។
លោក នង ស៊ីណា បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលរូបនេះ បានបញ្ជាក់ថា ៖« វាមានភាពងាយស្រួលសម្រាប់ប្រើប្រាស់ក្នុងទីក្រុងដោយសារវាស៊ីសាំងតិច តែជាការពិត ការជួសជួសវាគឺថ្លៃនៅពេលខូច ដោយសារតែគ្រឿងបន្លាស់របស់វាគឺថ្លៃជាងប្រភេទផ្សេង »។ លោកថា ៖« ពេលខ្លះខ្ញុំចំណាយដល់ទៅ៦០០ឬ៧០០ដុល្លារឯណោះក្នុងការជួសជុលម្ដង » ។
ចំណែកអ្នកនាង វង្ស ស្រីកែវ ដែលប្រើរថយន្តកាមរី ហាយប្រ៊ីត ក៏អះអាងថាស្រដៀងគ្នាដែរថា រថយន្តហាយប្រ៊ីត ទោះបីស៊ីសាំងតិចជាងប្រភេទរថយន្តធម្មតា តែការជួសជុល គឺថ្លៃជាងរថយន្តប្រភេទផ្សេង ។
អ្នកនាងនិយាយថា ៖« រថយន្ដដែលខ្ញុំប្រើប្រាស់រាល់ថ្ងៃគឺរថយន្តកាមរីហាយប្រ៊ីត ដែលខ្ញុំមិនសូវចំណាយថ្លៃសាំងអស់ច្រើនដូចរថយន្តមុនរបស់ខ្ញុំម៉ាកLexusពីមុនទេ តែខ្ញុំធ្លាប់យកទៅជួសជុលបានពីរដែរសម្រាប់រថយន្តហាយប្រ៊ីត នេះ វាពិតជាថ្លៃជាងរថយន្ដមុនៗដែលខ្ញុំធ្លាប់ប្រើ ។ រថយន្ដមុនៗ ជួសជុលម្តងអស់ជាង៧០ ឬច្រើនបំផុតជាង១០០ដុល្លារ តែរថយន្តហាយ ប្រ៊ីតគ្រឿងបន្លាស់ពិតជាថ្លៃ ខ្ញុំធ្លាប់ចំណាយជិត៥០០ដុល្លារ សម្រាប់ការជួសជុលលើកចុងក្រោយកាលពីដើមឆ្នាំនេះ »។
បច្ចុប្បន្ន រថយន្ដប្រព័ន្ធHybrid នេះដែលកំពុងប្រើប្រាស់នៅកម្ពុជា មានដូចជាToyota Prius, Toyota Yaris, Toyota Camry Hybrid, Ford Escape Hybrid, Toyota Highlander Hybrid, Honda Insight, Honda Civic Hybrid, Lexus RX 400h និង 450h ជាដើម ៕
ចែករំលែកព័តមាននេះ