កៅអីសភារបស់សម្តេចវិបុលបញ្ញា សុខ អាន មិនទាន់មានអ្នកជំនួស
រាជធានីភ្នំពេញ ៖ គិតមកដល់ថ្ងៃទី២១ ខែមីនា រដ្ឋសភាមិនទាន់ទទួលបានព័ត៌មានពីគណៈរដ្ឋមន្ត្រី អំពីការរៀបចំអ្នកមកកាន់តំណែងជំនួសសម្តេចវិបុលបញ្ញា សុខ អាន
រាជធានីភ្នំពេញ ៖ គិតមកដល់ថ្ងៃទី២១ ខែមីនា រដ្ឋសភាមិនទាន់ទទួលបានព័ត៌មានពីគណៈរដ្ឋមន្ត្រី អំពីការរៀបចំអ្នកមកកាន់តំណែងជំនួសសម្តេចវិបុលបញ្ញា សុខ អាន
រាជធានីភ្នំពេញ ៖ គិតមកដល់ថ្ងៃទី២១ ខែមីនា រដ្ឋសភាមិនទាន់ទទួលបានព័ត៌មានពីគណៈរដ្ឋមន្ត្រី អំពីការរៀបចំអ្នកមកកាន់តំណែងជំនួសសម្តេចវិបុលបញ្ញា សុខ អាន ដែលបានទទួលមរណភាពកន្លងមកនៅឡើយទេ។ នេះបើតាមការឲ្យដឹងពីលោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា ។
លោក ឈាង វុន បានថ្លែងក្រោយពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានាព្រឹកថ្ងៃទី២១ ខែមីនា ថា ក្រោយពីសម្តេចវិបុលបញ្ញា សុខ អាន បានទទួលមរណភាពរហូតមកដល់ថ្ងៃទី២១ ខែមីនា រដ្ឋសភាមិនទាន់ទទួលបានព័ត៌មានពីគណៈរដ្ឋមន្ត្រី រឿងអ្នកឡើងមកជំនួសតំណែងសម្ដេច សុខ អាននៅឡើយទេ ។
លោកបញ្ជាក់ថា «រហូតមកដល់ពេលនេះ យើងនៅមិនទាន់ទទួលព័ត៌មានពីខាងគណៈរដ្ឋមន្ត្រីមកវិញទេ ។ អុីចឹងហើយ នៅគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹកមិញនេះ យើងមិនទាន់បានពិភាក្សារឿងនេះទេ» ។
លោកបន្តថា ជាទម្លាប់ ជាក្បួនខ្នាតការងាររបស់រដ្ឋសភា នៅពេលដែលមានសមាជិករដ្ឋសភាណាទទួលអនិច្ចកម្ម គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តែងតែផ្ញើឈ្មោះអ្នកបន្ទាប់ខាងក្រោមមករដ្ឋសភា ដើម្បីផ្ដល់សុពលភាព ។
ទោះជាយ៉ាងណាក្តី បើតាមព័ត៌មានក្រៅផ្លូវការមួយថា ក្រោយពីមរណភាពសម្តេចវិបុលបញ្ញា សុខ អាន នឹងមានការរុះរីថ្នាក់ដឹកនាំនៅក្រសួងមួយទៅក្រសួងមួយចំនួនដូចជា ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ក្រសូងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
យោងតាមគេហទំព័រក្នុងស្រុកមួយបានឲ្យដឹងថា បន្ទាប់ពីសម្តេចវិបុលបញ្ញា សុខ អាន ទទួលមរណភាពកាលពីពេលថ្មីៗនេះ ទីស្តីការគណៈរដ្ឋមន្ត្រីក៏មិនមានរដ្ឋមន្ត្រីទទួលបន្ទុក មានតែរដ្ឋមន្ត្រីស្តីទី គឺលោកឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន ដែលរាជរដ្ឋាភិបាលតែងតាំងជាបណ្តោះអាសន្នជារដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជំនួសសម្ដេចវិបុលបញ្ញា សុខ អាន ។ បើតាមស្ថានការណ៍បច្ចុប្បន្ននេះ និងការធ្វើកំណែទម្រង់ប្រកបដោយជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រី៤រូប នឹងអាចត្រូវផ្លាស់ប្តូរក្រសួង និងចូលកាន់តំណែងក្នុងនោះរួមមាន ៖
១-លោក ប្រាក់ សុខុន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ នឹងអាចប្តូរទៅកាន់ជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជំនួសតំណែងសម្តេចវិបុលបញ្ញា សុខ អាន ។
២-លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ដ្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងអាចប្តូរទៅកាន់ជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ ជំនួសលោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ។
៣-លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងអាចប្តូរទៅកាន់ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំនួសលោកទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ។
៤-លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នឹងអាចទៅកាន់ជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជំនួសលោករដ្ឋមន្ដ្រី ហង់ ជួនណារ៉ុន ។
ទោះជាយ៉ាងណាក្តី គេហទំព័រនោះមិនបានបញ្ជាក់ថាពិតប្រាកដនោះទេ គឺគ្រាន់តែជាព័ត៌មានមាត់ចាបមាត់ព្រាបប៉ុណ្ណោះ ។
សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាពកាលពីវេលាម៉ោង១៨និង៣២នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នៅមន្ទីរពេទ្យទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ ។ ក្រោយពីមរណភាពរបស់សម្តចវិបុលបញ្ញា សុខ អាន បាន
ប៉ុន្មានថ្ងៃ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រគល់ភារកិច្ចជូនលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ឲ្យទទួលជំនួសជារដ្ឋមន្ត្រីស្តីទីនៃទីស្តីការគណៈរដ្ឋមន្ត្រី ៕
ចែករំលែកព័តមាននេះ