វេបសាយ«Huffington Post»កាលពីពេលថ្មីៗកន្លងមកបានចុះផ្សាយពីក្តីស្រឡាញ់របស់គូស្នេហ៍ជនជាតិអាមេរិក ដោយស្ត្រីម្នាក់ដែលរួចផុតពីគ្រោះថ្នាក់ផ្ទុះគ្រាប់បែកពេលរត់ម៉ារ៉ាតុងនៅបូស្តុន ជួបគូស្នេហ៍ជាប៉ូលិសដែលជួយជីវិតនាង ។ ពួកគេស្រឡាញ់គ្នា ហើយបានភ្ជាប់ពាក្យនឹងគ្នា ។
កាលពីថ្ងៃទី១៥ មេសា ២០១៣ នៅពិធីប្រកួតរត់ម៉ារ៉ាតុងនៅក្រុងបូស្តុន សហរដ្ឋអាមេរិក នាងRoseann Sdoia ឈរចាំមិត្តភក្តិរបស់ខ្លួននៅខ្សែព្រ័ត្រ ។ ក្រោយពីមិត្តរត់ឆ្លងកាត់ដល់ខ្សែព្រ័ត្របាន១៥នាទី ជីវិតរបស់នាងRoseannបានប្រែប្រួល ដោយមានសំឡេងគ្រាប់បែកផ្ទុះឡើង ។
កម្លាំងផ្ទុះបានសម្លាប់ជីវិតមនុស្សជាច្រើននាក់ ខណៈពេលRoseann Sdoiaរងរបួសធ្ងន់ ដោយគិតថាខ្លួនប្រហែលជាស្លាប់ ប្រសិនបើគ្មានអ្នកចូលជួយ ប៉ុន្តែសំណាងល្អលោក Mike Materiaជាប៉ូលិសសង្កេតឃើញនាងដេកទាំងឈឺចាប់ក៏នាំទៅមន្ទីរពេទ្យ និងព្យាយាមលួងលោមនាងនៅគ្រប់ពេល ។ Roseannបញ្ជាក់ថា«ខ្ញុំសួរគេថា ខ្ញុំនឹងស្លាប់មែនទេ ! គេក៏លួងចិត្តខ្ញុំថាគ្រប់យ៉ាងនឹងបានល្អ ដោយកាលណោះខ្លួនប្រាណរបស់នាងខ្ញុំពេញដោយរបួស» ។
សោកនាដកម្មនោះធ្វើឱ្យRoseannពិការជើងស្តាំ ។
ក្នុងអំឡុងពេលនៅមន្ទីរពេទ្យ ប៉ូលិសម្នាក់នោះ និងនាងRoseannមានភាពស្និទ្ធស្នាលល្អូកល្អិននឹងគ្នា។ នៅថ្ងៃដែលRoseannចាកចេញពីមន្ទីរពេទ្យលោកMikeបីនាង និងឱបថើបនាងនៅចំពោះមុខមហាជន ។
ពីសម្ព័ន្ធភាពដ៏ល្អកើតទៅជាក្តីស្រឡាញ់ លុះដល់ខែធ្នូ ២០១៦កន្លងមក លោកMikeសម្រេចចិត្តសុំនាងRoseannធ្វើជាភរិយា ។ កាលពីថ្ងៃទី១ កុម្ភៈ ២០១៧ ពួកគេបានភ្ជាប់ពាក្យ និងមានគម្រោងរៀបការនៅខែតុលា ឬនៅខែវិច្ឆិកា ២០១៧ ៕
ចែករំលែកព័តមាននេះ