ខេត្តកំពង់ចាម ៖ មន្ត្រី សមាគមជនពិការអភិវឌ្ឈន៍សន្សំប្រាក់ ៧នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចាប់ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ទាក់ទិននឹងប្រាក់ជាង១២ម៉ឺនដុល្លារអាមេរិក ។
លោកវរសេនីយ៍ឯក ចាន់ ហោ នាយរងការិយាល័យកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បានប្រាប់ឲ្យដឹងថា មានប្រជាពលរដ្ឋចំនួន១៨គ្រួសារ រស់នៅស្រុកជើងព្រៃ ត្រូវបានមន្ត្រីរបស់សមាគមជនពិការខាងលើ និយាបញ្ចុះបញ្ចូលពួកគាត់ឲ្យយកប្លង់ផ្ទះទៅខ្ចីលុយពីធនាគារឯកជន រួចយកលុយមកដាក់នៅក្នុងសមាគមជនពិការអភិវឌ្ឈន៍ ដោយសន្យាថានឹងបានប្រាក់ថ្លៃការខ្ពស់ក្នុងអំឡុងឆ្នាំ២០១៥ ប្រជាពលរដ្ឋបានជឿ ហើយគ្រួសារនីមួយៗបានធ្វើតាមការឃោសនានោះមែន ។
លោកវរសេនីយ៍ឯក ចាន់ ហោ ប្រាប់បន្តថា ការទទួលការប្រាក់បានតែ៦ខែដំបូងទេ តែក្រោយមកមិនបានទាល់តែសោះ ចេះតែចាំបាត់ៗ ទើបពលរដ្ឋ១៨គ្រួសារនៅបាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅសាលាដំបូងខេត្ត ។ ហើយត្រូវបានលោកចៅក្រម នូវ យ៉ារ័ត្ន ចេញដីកាបង្គាប់ឲ្យនាំខ្លួនបុគ្គលិកចំនួន៧នាក់ក្នុងនោះមាន ១-ឈ្មោះ សេង សាវ៉ាត ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិចំបក់ ឃុំសំពងជ័យ ស្រុកជើងព្រៃ, ២-ឈ្មោះ លុយ សុជាតិ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិត្រពាំងស្នោរ, ៣-ឈ្មោះ ហេង ហ៊ន់ ភេទប្រុស អាយុ៣៣ឆ្នាំ ភូមិសុភាស ឃុំសុភាសស្រុកស្ទឹងត្រង់, ៤-ឈ្មោះ យាន ឆៃអេង ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិត្រពាំងត្រុំ ឃុំសំពងជ័យ, ៥-ឈ្មោះ ប្រាជ្ញ ពៅ ភេទប្រុស អាយុ៤៣ឆ្នាំ ភូមិត្រពាំងត្រុំ, ៦-ឈ្មោះ យាន យ៉ីន ភេទប្រុស អាយុ៥២ឆ្នាំ ភូមិស្តើងជ័យ និង ៧-ឈ្មោះ យ៉ាន យ៉ឺក ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិស្តើងជ័យ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ។ ដោយឡែក២នាក់ទៀតបានរត់គេចខ្លួនបាត់ ។
លោក យ៉ាន យ៉ឺក មានតួនាទីជាប្រធាន សមាគមជនពិការអភិវឌ្ឈន៍សន្សំប្រាក់ បានឆ្លើយថា មានប្រជាពលរដ្ឋខ្លះបានបោកលុយរបស់សមាគមរហូតដល់ទៅ២-៣ឆ្នាំ គឺមិនព្រមសងនោះទេ ហើយបានរត់គេចខ្លួនបាត់ចេញពីផ្ទះថែមទៀត ដូចជានៅស្រុកចំនួន៦ក្នុងខេត្តកំពង់ឆ្នាំង ដែលមួយស្រុកៗបានជំពាក់លុយសមាគមចំនួន៤០លានរៀល រហូតមកដល់ពេលនេះមិនទាន់សងនៅឡើយ ។ ហើយករណីខាងលើស្របពេលដែលរូបលោកបានចុះស្រាវជ្រាវមិនទាន់នឹងបានអីផង ស្រាប់តែត្រូវកម្លាំងសមត្ថកិច្ចមកនាំខ្លួនរូបលោកទៅវិញ ហើយអ្នកដែលប្តឹងនោះគឺមានតែ២-៣គ្រួសារទេ ។ រូបលោកស្នើសុំឲ្យប្រធានសាលាដំបូងខេត្តមេត្តាដោះលែងរូបលោកឲ្យបាននៅក្រៅឃុំដើម្បីចុះទៅទារលុយអ្នកជំពាក់មកទូទាត់ជូនប្រជាពលរដ្ឋវិញ ៕
ចែករំលែកព័តមាននេះ